ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ច្រានចោលការចោទប្រកាន់ អំពីមូលដ្ឋានកងទ័ពជើងទឹករាម
ភ្នំពេញ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីប្រកាសព័ត៌មាន ពីលទ្ធផលនៃជំនួបសន្ទនាតាមទូរស័ព្ទរវាង ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោកជំទាវ Penny Wong រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២២។
ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានសម្តែងការអបអរសាទរយ៉ាងកក់ក្តៅជូនចំពោះលោកជំទាវ Penny Wong ដែលត្រូវបានតែងតាំង ជារដ្ឋមន្ត្រីការបរទេសអូស្ត្រាលី នៅក្នុងជំនួបសន្ទនាតាមទូរស័ព្ទ កាលពីថ្ងៃទី០៧ ខែមិថុនា ឆ្នាំ ២០២២។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានកោតសរសើរចំពោះគំនិតផ្តួចផ្តើមរបស់សមភាគី អូស្ត្រាលីរបស់ឯកឧត្តម ឱ្យមានជំនួបតាមទូរស័ព្ទនាពេលនេះ បន្ទាប់ពីលោកជំទាវបានចូលកាន់ ដំណែងភ្លាម ដែលការណ៍នេះបានឆ្លុះបញ្ចាំងអំពីសារសំខាន់នៃទំនាក់ទំនងទ្វេភាគី ខណៈពេលដែល ប្រទេសទាំងពីរកំពុងប្រារព្ធខួបអនុស្សាវរីយ៍លើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូត។
លោកជំទាវ Penny Wong បានកើតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ សម្តេចតេជោ នាយករដ្ឋមន្ដ្រី ហ៊ុន សែន ក្នុងឋានៈជាប្រធានអាស៊ាននៅក្នុងឆ្នាំនេះ និងចំពោះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ជាប្រេសិតពិសេសរបស់ប្រធានអាស៊ាន ក្នុងការជំរុញការអនុវត្តការ ព្រមព្រៀងជាឯកច្ឆន្ទ្រប្រាំចំណុច (5PC) ស្តីពីមីយ៉ាន់ម៉ា និងបានអះអាងអំពីការគាំទ្ររបស់អូស្ត្រាលី សម្រាប់ភាពជាប្រធានអាស៊ានរបស់កម្ពុជា ឆ្នាំ២០២២។
ឆ្លើយតបចំពោះការសាកសួររបស់លោកជំទាវរដ្ឋមន្ត្រីការបរទេស Penny Wong ជុំវិញព័ត៌មានថ្មីៗ ដែលត្រូវបានផ្សព្វផ្សាយដោយបណ្ដាញសារព័ត៌មានមួយចំនួនពាក់ព័ន្ធនឹងមូលដ្ឋានកងទ័ពជើងទឹករាម ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានច្រានចោលការចោទប្រកាន់ដោយគ្មាន មូលដ្ឋាន ទាំងនោះមកលើកម្ពុជា ដោយបញ្ជាក់ជាថ្មីនូវការប្រកាន់យ៉ាងខ្ជាប់ខ្ជួនរបស់កម្ពុជាចំពោះ រដ្ឋធម្មនុញ្ញ របស់ខ្លួនដែលមិនអនុញ្ញាតឱ្យមានមូលដ្ឋាន ឬវត្តមានកងទ័ពបរទេសណាមួយនៅលើទឹកដីកម្ពុជា ឡើយ និងបានគូសបញ្ជាក់ថា ការកែលំអមូលដ្ឋានកងទ័ពជើងទឹករាមនេះ គឺធ្វើឡើង ដើម្បីពង្រឹង សមត្ថភាពកងទ័ពជើងទឹករបស់កម្ពុជា ដើម្បីការពារបូរណភាពដែនសមុទ្ររបស់ខ្លួន និងដើម្បី ប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មតាមដែនសមុទ្រ។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានលើកឡើងអំពី កាយវិការដ៏ល្អរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអនុញ្ញាតឱ្យអនុព័ន្ធយោធាបរទេសនៅភ្នំពេញទៅកម្ពុជា ទស្សនាមូលដ្ឋានកងទ័ពជើងទឹករាម ដែលកាយវិការនេះ មិនធ្លាប់ត្រូវបានអនុវត្តពីមុនមកដោយ ប្រទេសណាមួយឡើយ ក្នុងការអនុញ្ញាតឱ្យបរទេសចូលទស្សនាមូលដ្ឋានកងទ័ពរបស់ខ្លួន។
ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក៏បានគូសបញ្ជាក់ផងដែរថា សម្ដេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានឆ្លៀតឱកាសនៃកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក នៅទីក្រុងវ៉ាស៊ីនតោន ឌីស៊ី កាលពីពេលថ្មីៗនេះ ដើម្បីបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការអនុវត្តយ៉ាងម៉ឺងម៉ាត់នូវបទប្បញ្ញត្តិនានានៃរដ្ឋធម្មនុញ្ញកម្ពុជា ដែលមិនអនុញ្ញាតឱ្យមានមូលដ្ឋានកងទ័ពបរទេសណាមួយ នៅលើទឹកដីកម្ពុជាជាកាឆ្លើយតបទៅនឹងកង្វល់នានាពាក់ព័ន្ធនឹងមូលដ្ឋានកងទ័ពជើងទឹករាមនេះ។
ក្នុងកិច្ចពិភាក្សាអំពីវិបត្តិនៅមីយ៉ាន់ម៉ា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានជម្រាបជូន លោកជំទាវរដ្ឋមន្ត្រីការបរទេស Penny Wong អំពីដំណើរទស្សនកិច្ចលើកទីមួយរបស់ឯកឧត្ដម ទៅ កាន់ប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃទី ២១-២២ ខែមីនា ឆ្នាំ២០២២ ក្នុងតួនាទីជាប្រេសិតពិសេស របស់ប្រធានអាស៊ាន ដោយមានប្រសាសន៍ថា ដំណើរទស្សនកិច្ចនេះបានត្រួសត្រាយផ្លូវសម្រាប់ ជំហានសមស្របជាបន្តទៀត ដើម្បីនាំមកនូវវឌ្ឍនភាពលើអាទិភាពបន្ទាន់ចំនួនបី សម្រាប់ការអនុវត្ត ការព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុច៖ (១) ការបញ្ឈប់អំពើហិង្សា (២) ការធានាការផ្តល់ជំនួយ មនុស្សធម៌ទាន់ពេលវេលាដោយគ្មានការរើសអើង និង (៣) ការកសាងបរិយាកាសអំណោយផល សម្រាប់កិច្ចសន្ទនានយោបាយប្រកបដោយបរិយាប័ន្នដើម្បីដោះស្រាយវិបត្តិមីយ៉ាន់ម៉ា។
ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ផងដែរអំពីលទ្ធផលសំខាន់ៗចំនួនបី សម្រេចបានដោយកិច្ចប្រជុំពិគ្រោះយោបល់ស្តីពីជំនួយមនុស្សធម៌ដល់ប្រទេសមីយ៉ាន់ម៉ាដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ រៀបចំកាលពីថ្ងៃទី ៦ ខែឧសភា ឆ្នាំ២០២២ រួមមាន (១) ក្របខ័ណ្ឌនៃការរៀបចំសម្រាប់ការផ្តល់ ជំនួយមនុស្សធម៌របស់អាស៊ាន (២) ការដោះស្រាយបញ្ហាប្រឈមនានាសម្រាប់ប្រតិបត្តិការផ្ដល់ ជំនួយមនុស្សធម៌ និង (៣) ក្របខ័ណ្ឌសម្រាប់ក្រុមប្រតិបត្តិការគ្រប់គ្រងវ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩។ ឯកឧត្ដមឧបនាយករដ្ឋមន្រ្តី ក៏បានជម្រាបជូនផងដែរអំពីការរៀបចំសម្រាប់ដំណើរទស្សនកិច្ចលើក ទីពីររបស់ឯកឧត្តមទៅកាន់ប្រទេសមីយ៉ាន់ម៉ា។
លោកជំទាវរដ្ឋមន្ត្រីការបរទេស Penny Wong បានថ្លែងអំណរគុណឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ដែលបានចែករំលែកព័ត៌មាន និងសម្រាប់ការបំភ្លឺ។ រដ្ឋមន្ត្រីការបរទេសទាំងពីរ បានទន្ទឹងរង់ចាំឱកាសជួបគ្នាម្តងទៀតក្នុងពេលឆាប់ៗ៕