ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កន្លែងសប្បាយភាពប្រមាណ១០ទីតាំងនៅក្នុងរាជធានីភ្នំពេញ អាជ្ញាធរមានសមត្ថកិច្ចនឹងចុះត្រួតពិនិត្យលើបញ្ហាជួញដូរនិងការប្រើប្រាស់គ្រឿងញៀន

409

 

ភ្នំពេញ៖ ស្របពេលដែលនៅរាជធានីភ្នំពេញក៏ដូចជានៅទូទាំងប្រទេសកម្ពុជា បញ្ហាគ្រឿងញៀននៅតែជាបញ្ហាស្មុកស្មាញនូវឡើយនោះ សមត្ថកិច្ចគ្រប់ជំនាញនិងអាជ្ញាធរពាក់ព័ន្ធបានយកចិត្តទុកដាក់ណាស់ ក្នុងការប្រយុទ្ធប្រឆាំងលើបញ្ហាគ្រឿងញៀននេះ ដោយបានដាក់ចេញជាផែនការសកម្មភាពជាបន្តបន្ទាប់ផងដែរ ។ ជាក់ស្តែងសម្រាប់ពេលនេះ ពាក់ព័ន្អនឹង ការប្រយុទ្ធប្រឆាំងលើបញ្ហាគ្រឿងញៀននេះ អាជ្ញាធរមានសមត្ថកិច្ចចម្រុះនឹងចុះត្រួតពិនិត្យលើបញ្ហាជួញដូរនិងការប្រើប្រាស់គ្រឿងញៀន នៅតាមកន្លែងសប្បាយភាពប្រមាណ១០ទីតាំងនៅក្នុងរាជធានីភ្នំពេញ ខណៈដែលទីតាំងទាំងនោះ សមត្ថកិច្ចនិងអាជ្ញាធរចូលមិនទាន់ដល់នូវឡើយនោះ។

  នេះបើតាមការលើកឡើងរបស់ លោកនាយឧត្តមសេនីយមាស វិរិទ្ធ  អគ្គលេខាធិការដ្ឋានប្រយុទ្ធប្រឆាំងញៀន ក្នុងកិច្ចប្រជុំពាក់ព័ន្ធនឹងការងារប្រយុទ្ធប្រឆាំងញៀន នៅសាលារាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២០ កញ្ញា២០១៨នេះ ដោយមានការចូលរួមពីអាជ្ញាធរមានសមត្ថកិច្ចទាំងអស់ចំណុះអោយគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ។

   លោកនាយឧត្តមសេនីយមាស វិរិទ្ធ បានមានប្រសាសន៍លើកឡើងថា ការបង្កើតអោយមានកិច្ចប្រជុំនេះឡើង គឺក្នុងគោលបំណងដើម្បីអោយអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធអនុវត្តការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន អោយកាន់តែល្អប្រសើរទៅតាមការណែនាំរបស់អាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿង សំដៅធ្វើយ៉ាងណារក្សាបរិស្ថានសន្តិសុខអោយបានល្អប្រសើរនៅក្នុងរាជធានីភ្នំពេញ។ ក្នុងនោះក៏មានការណែនាំមិនអោយមានការនាំចូលនូវរុក្ខជាតិញៀនចូលមកក្នុងរាជធានីក៏ដូចជាចូលមកប្រទេសកម្ពុជាផងដែរ។

   លោកនាយឧត្តមសេនីយមាស វិរិទ្ធ ក៏បានស្នើអោយសមត្ថកិច្ចនៅក្នុងមូលដ្ឋានទាំងអស់ ត្រូវតែពង្រឹងមូលដ្ឋានរបស់ខ្លួនឡើងវិញ ដោយហេតុថា គ្រឿងញៀនវាបានហូរទៅដល់មូលដ្ឋានភូមិ ទៅហើយ។ ការទប់ស្កាត់ការប្រើប្រាស់និងជួញដូរគ្រឿងញៀន ដែលយើងមិនទាន់ចូលទៅដល់ ពិសេសក្លឹបកំសាន្តនិងទីកន្លែងសប្បាយភាព ដោយយើងបានកំណាត់ទីតាំងចំនួន១០កន្លែង

រួចហើយ ដើម្បីធ្វើការងារនេះ ។ យើងបានដាក់ទៅអោយអាជ្ញាធរ ខណ្ឌ សង្កាត់ តែបើធ្វើមិនបានត្រូវរាយការណ៍មកអាជ្ញាធររាជធានីដើម្បីចាត់តាំងអនុវត្តការងារនេះបន្ត។ 

      លោកបន្តថា មូលដ្ឋានអាជីវកម្ម ងាយនឹងកើតបទល្មើសណាស់ ដូច្នេះយើងត្រូវចុះទៅធ្វើកិច្ចសន្យាជាមួយម្ចាស់អាជីវកម្មលើបញ្ហាគ្រឿងញៀននេះ ហើយ យើងក៏នឹងធ្វើការបិទសេចក្តីប្រកាសចំនួន២៣៩៨កន្លែងផងដែរ ដែលមានទាំង ផ្ទះសំណាក់និងខុនដូរ។ 

     ការចាប់ពិនិត្យមើលទឹកនោម ចំពោះប្រើប្រាស់ថ្នាំគ្រវី នៅតាមក្លឹប ។ ការងារនេះភ្នំពេញត្រូវបានសម្រេចជាគំរូមុនគេ បន្ទាប់មកក្រុងព្រះសីហនុ និងសៀមរាប បើមានបញ្ហានៅកន្លែងណាអាជ្ញាធរនៅទីនោះជាអ្នកទទួលខុសត្រូវ។ បើទីតាំងណាធ្វើខុសពីការណែនាំយើងមានសិទ្ធិក្នុងការបិទទីតាំងនោះតែម្តង។

   លោកនាយឧត្តមសេនីយម៉ក់ ជីតូ អគ្គស្នងការងនរគបាលជាតិបានមានប្រសាសន៍លើកឡើង ពីការជម្រុញអោយសមត្ថកិច្ចបន្តអនុវត្តធ្វើយ៉ាងណាអោយភូមិ សង្កាត់មានសុវត្ថិភាព ស្របតាមការដាក់ចេញរបស់រាជរដ្ឋាភិបាល។ លោកក៏បានបញ្ជាក់ផងដែរថា ចំពោះការចុះពិនិត្យ ក្នុងក្លឹបនិងកន្លែងសប្បាយភាពនានាពាក់ព័ន្ធបញ្ហាគ្រឿងញៀននេះ បើយើងគិតពីទីតាំងនោះជារបស់នរណា យើងអនុវត្តការងារនេះមិនកើតនោះទេ ។យើងដាច់ខាតត្រូវតែអនុវត្តការងារនេះអោយបានល្អ ហើយបើមាននរណាមករារាំងយើងអនុវត្តតាមច្បាប់។ លោកបន្តថា ការអនុវត្តការងារ រហូតឈានដល់ការបង្ក្រាប់ជាច្រើនករណីកន្លងមកនេះ វាពិតជាបង្ហាញអោយឃើញពីការចូលរួមសហការគ្នាយ៉ាងល្អ ចាប់ពីប្រជាពលរដ្ឋរហូតដល់ព្រះសង្ឃ។

  លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញក្នុងឱកាសនោះក៏បានជម្រុញអោយសង្កាត់ ខណ្ឌទាំង១២ អនុវត្តតាមសេចក្តីណែនាំរបស់ក្រសួងមហាផ្ទៃអោយបានល្អ។ លោកបន្តថា ប្រទេសកម្ពុជារីកចំរើនគឺពឺងលើធនធានមនុស្ស ហើយបើធនធានមនុស្សក្លាយជាមនុស្សញៀនថ្នាំ តើយើងធ្វើម៉េចអោយ ប្រទេសកម្ពុជារីកចំរើន ជឿនលឿនទៅបាននោះ ។

   លោកបន្តថា បញ្ហាគ្រឿងញៀនជាបញ្ហាធំ ដូច្នេះសង្កាត់ និងខណ្ឌទាំង១២ ត្រូវធ្វើការចុះត្រួតពិនិត្យនៅតំបន់ស្មុកស្មាញនិងតំបន់ដែលយើងមិនធ្លាប់ចុះទៅដល់ ហើយបើចូលមិនចុះត្រូវរាយការណ៍មកអាជ្ញាធររាជធានីភ្នំពេញ ដើម្បីចាត់ការបន្ត។ រឿងអ្វីក៏យើងអាចធ្វើបានដែរ សំខាន់អោយតែយើងតាំងចិត្តធ្វើ ។ បទល្មើសនានាគឺវាកើតចេញពីបញ្ហាគ្រឿងញៀននេះឯង បើយើងបង្ក្រាបគ្រឿងញៀនបាន នោះបទល្មើសផ្សេងៗទៀតក៏ត្រូវបានកាត់បន្ថយធ្វើអោយភូមិសង្កាត់មានសុវត្ថិភាពដែរ។

  លោកឃួង ស្រេងបន្តថា ជាទិសដៅខាងមុខនេះក្នុងនាមគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ យើងនឹងបើកវេទិកាសាធារណៈ ជាមួយខណ្ឌទាំង១២ ដើម្បីបំរើប្រជាពលរដ្ឋអោយចំគោលដៅដែល

ប្រជាពលរដ្ឋចង់បាន លោកថា មកដល់ម៉ោងនេះគឺដល់ពេលដែលត្រូវបំរើប្រជាពលរដ្ឋអោយបានទាន់ពេលនិងមានប្រសិទ្ធភាពហើយ៕

  

អត្ថបទដែលជាប់ទាក់ទង