ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

យុវជនសិក្សាតិចតួច និងអ្នកគ្មានការងារធ្វើ ៣ខេត្ត នៃកម្ពុជា នឹងទទួលបាន​ ការបណ្តុះបណ្តាលជំនាញបន្ថែម ពីប្រទេសស្វីស

74

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២០ កញ្ញា នេះ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានចុះអនុស្សរណៈ នៃការយោគយល់គ្នា ជាមួយកម្មវិធីអភិវឌ្ឍន៍ ជំនាញរបស់ស្វីស (SDP) ដើម្បីអនុវត្ត នូវគម្រោងបណ្ដុះបណ្ដាលជំនាញ ដល់ប្រជាពលរដ្ឋ ដែលងាយរងគ្រោះ អ្នកសិក្សាបានតិចតួច និងអ្នកគ្មានការងារធ្វើ នៅខេត្តក្រចេះ ស្ទឹងត្រែង និងព្រះវិហារ ឲ្យទទួលជំនាញ សម្រាប់រកការងារធ្វើ និងបង្កើត អាជីវកម្មដោយខ្លួនឯង។

លោក ពេជ សោភ័ន រដ្ឋលេខាធិការ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រាប់ឱ្យដឹងនៅក្រោយ MOU នោះថា “ដំបូង នៃគម្រោង គឺបណ្ដុះបណ្ដាលពលរដ្ឋ នៅខេត្តចំនួនបីខាងលើ មានចំនួន៦ជំនាញ មានដូចជា៖ ជួសជុលម៉ាស៊ីនធន់តូច ជួសជុលម៉ូតូ តបណ្ដាញអគ្គិសនី ជាងកំបោរ សម្អាងការ និងកាត់ដេរសម្លៀកបំពាក់ ដែលសុទ្ធតែផ្សារភ្ជាប់ ការបណ្ដុះបណ្ដាលផ្នែកទ្រឹស្ដី ទៅនឹងការអនុវត្តផ្ទាល់ នៅតាមការដ្ឋាន ដូចជា តាមរោងចក្រ សហគ្រាស និងមជ្ឈមណ្ឌលឧស្សាហកម្ម ក្នុងប្រទេសកម្ពុជា”។

លោកបញ្ជាក់ថា គម្រោងបង្កើតឡើង ដើម្បីឱ្យពលរដ្ឋឱ្យមានជំនាញច្បាស់លាស់ មានការងារធ្វើ មានប្រាក់ចំណូលសមរម្យ ជីវភាពកាន់តែល្អប្រសើរ និងស្របទៅនឹងគោលនយោបាយ អភិវឌ្ឍន៍ធនធានមនុស្ស របស់រាជរដ្ឋាភិបាលកម្ពុជា ផងដែរ។

តាមរយៈគម្រោងនេះ ធ្វើយ៉ាងណាឱ្យសកម្មភាពនេះ រីកសាយភាយកាន់តែទូលំទូលាយ ក្នុងប្រទេសកម្ពុជា ពិសេស ក្រសួងការងារចង់ ឱ្យមានការបណ្ដុះបណ្ដាលនេះ មានកាន់ច្រើននៅរាជធានីភ្នំពេញ និងខេត្តសៀមរាប ដែលជាមជ្ឈមណ្ឌលសេដ្ឋកិច្ច និងទីក្រុងទេសចរណ៍ ដ៏សំខាន់របស់កម្ពុជា ក្នុងពេលអនាគតឆាប់ៗខាងមុខ។

ប្រធានក្រុម កម្មវិធីអភិវឌ្ឍន៍ជំនាញ លោក ម៉ៃឃើល បានឱ្យដឹងថា “គម្រោងនេះ បានអនុវត្តជា បណ្ដើរៗ ចាប់តាំងពីឆ្នាំ ២០១៦ហើយបន្តរហូត២០២០ ដែលមានគោលដៅបណ្ដុះបណ្ដាលប្រជាពលរដ្ឋចំនួន៥,៤០០នាក់ ហើយមកដល់ឆ្នាំ២០១៨នេះ គម្រោងបានផ្ដល់ការបណ្ដុះបណ្ដាលដល់ប្រជាពលរដ្ឋប្រហែលពាក់កណ្ដាលហើយ”។

គម្រោងនឹងបន្តផ្ដល់​ការបណ្ដុះបណ្ដាល ឱ្យគ្រប់ចំនួនខាងលើ ដែលបានកំណត់ ជាមួយនឹងសមត្ថភាពពិតប្រាកដ និងការទទួលបានការងារធ្វើគ្រប់គ្នា។ ហើយគីម្រោងនេះ ក៏នឹងបន្តគាំទ្រ ចំពោះអ្នកដែលបង្កើតអាជីវកម្មខ្លួនឯង បន្ទាប់ពីទទួលបានការបណ្តុះបណ្តាលរួចហើយ។

លោកបញ្ជាក់ថា គម្រោងនេះ ធ្វើឡើងចង់ចូលរួមចំណែក ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការផ្ដល់ជំនាញ ដល់យុវជន​ងាយរងគ្រោះ ក្នុងខេត្តទាំងបីខាងលើ ដើម្បីឱ្យពួកគេទទួលបានការងារ បង្កើនប្រាក់ចំណូល និងចូលរួមចំណែក ក្នុងគោលនយោបាយអភិវឌ្ឍន៍​ ធនធានមនុស្ស របស់កម្ពុជាផងដែរ៕

អត្ថបទដែលជាប់ទាក់ទង