ក្រសួងសាធារណការ និងដឹកជញ្ជូន បញ្ជាក់ពីករណី ផ្លាកលេខយានជំនិះបាក់ រហែក រលុបអក្សរឬលេខ ឬត្រូវប្តូរថ្មី
ភ្នំពេញ៖ ក្រសួងសាធារណការនិងដឹកជញ្ជូន បានឲ្យដឹងថា តើក្នុងករណីផ្លាកលេខយានជំនិះបាក់ រហែក រលុបអក្សរឬលេខ ឬត្រូវប្តូរថ្មី ត្រូវការឯកសារអ្វីខ្លះ ដើម្បីប្តូរបានផ្លាកលេខថ្មី?
ចម្លើយ៖ ផ្លាកលេខយានជំនិះបាក់ រហែក រលុបអក្សរឬលេខ ឬត្រូវប្តូរថ្មី អាចធ្វើការស្នើសុំប្តូរផ្លាកលេខថ្មីបាន ប៉ុន្តែរក្សាស៊េរី និងលេខនៅដដែល។
*ចំពោះផ្លាកលេខ ដែលរលុប ឬឆ្កូតតិចតួចអាចកំណត់អត្តសញ្ញាណយានជំនិះបាន មិនតម្រូវឱ្យធ្វើការប្តូរនោះទេ។
::: ការស្នើសុំប្ដូរ បណ្ណ និង/ឬផ្លាកលេខសម្គាល់យានជំនិះដែលជាកម្មសិទ្ឋិរូបវន្តបុគ្គល ឬក្រុមហ៊ុន ត្រូវបំពេញបែបបទ និងភ្ជាប់ជាមួយនូវសំណុំឯកសារ ដូចខាងក្រោម៖
– ពាក្យស្នើសុំ (ដែលមានបិតកាល់លេខតួ ឬលេខសាក់ស៊ី ដែលចម្លងជាក់ស្តែងពីយានជំនិះ)
– អត្តសញ្ញាណម្ចាស់កម្មសិទ្ឋិករណី (ជារូបវន្តបុគ្គល)
. ពលរដ្ឋខ្មែរ៖ ច្បាប់ថតចម្លងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដែលមានបញ្ជាក់ពីស្ថាប័នមានសមត្ថកិច្ច
. ជនបរទេស៖ ច្បាប់ថតចម្លងលិខិតឆ្លងដែន និងទិដ្ឋាការមានសុពលភាព ដោយមានផ្តិតស្នាមមេដៃរបស់សាម៉ីខ្លួន និងច្បាប់ដើមលិខិតបញ្ជាក់ទីលំនៅបច្ចុប្បន្នចេញដោយស្ថាប័នមានសមត្ថកិច្ច
– អត្តសញ្ញាណម្ចាស់កម្មសិទ្ឋិករណី (ជាក្រុមហ៊ុន)
. ច្បាប់ថតចម្លងវិញ្ញាបនបត្របញ្ជាក់ការចុះឈ្មោះក្នុងបញ្ជីពាណិជ្ជកម្ម ដែលមានបញ្ជាក់ពីស្ថាប័នមានសមត្ថកិច្ច
. ច្បាប់ថតចម្លងបណ្ណប៉ាតង់ ដែលមានបញ្ជាក់ពីស្ថាប័នមានសមត្ថកិច្ច
– បណ្ណសម្គាល់យានជំនិះដែលត្រូវប្តូរ (ករណីបណ្ណសម្គាល់ រហែក ខូច ឬរលុបមើលមិនឃើញ)
– ផ្លាកលេខសម្គាល់យានជំនិះដែលត្រូវប្តូរ រ (ករណីបណ្ណសម្គាល់ រហែក ខូច ឬរលុបមើលមិនឃើញ)
– វិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ ច្បាប់ថតចម្លង (ករណី ត្រីចក្រយានយន្ត និងរថយន្ត)
::: កម្រៃសេវាសាធារណ៖
– បណ្ណសម្គាល់ទោចក្រយានយន្ត ឬត្រីចក្រយានយន្ត ៣១ ០០០រៀល
– បណ្ណសម្គាល់ទោចក្រយានយន្ត ឬត្រីចក្រយានយន្ត(ក្រុមហ៊ុន) ៥០ ០០០រៀល
– ផ្លាកលេខសម្គាល់ទោចក្រយានយន្ត ឬត្រីចក្រយានយន្ត ៣១ ០០០រៀល
– ផ្លាកលេខរថយន្តធុនស្រាល (ផ្លាកម្ខាង) ៣៨ ០០០រៀល
– ផ្លាកលេខរថយន្តធុនស្រាល (ផ្លាក1គូ) ៦៥ ០០០រៀល
– ផ្លាកលេខរថយន្តធុនស្រាល (ផ្លាកម្ខាង)លេខពិសេសផ្ទាល់ខ្លួន ១២០ ០០០រៀល
– ផ្លាកលេខរថយន្តធុនស្រាល (ផ្លាក1គូ)លេខពិសេសផ្ទាល់ខ្លួន ២៤០ ០០០រៀល
– ផ្លាកលេខរថយន្តធុនធំ (ផ្លាកម្ខាង) ៥២ ០០០រៀល
– ផ្លាកលេខរថយន្តធុនធំ (ផ្លាក1គូ) ៧០ ០០០រៀល
– ផ្លាកលេខរថយន្តធុនធំ (ផ្លាកម្ខាង)លេខពិសេសផ្ទាល់ខ្លួន ១៥០ ០០០រៀល
– ផ្លាកលេខរថយន្តធុនធំ (ផ្លាក1គូ)លេខពិសេសផ្ទាល់ខ្លួន ៣០០ ០០០រៀល
– ផ្លាកលេខខ្នាតធំ (ផ្លាកម្ខាង)លេខពិសេសផ្ទាល់ខ្លួន ១២០ ០០០រៀល
– ផ្លាកលេខខ្នាតធំ (ផ្លាក1គូ)លេខពិសេសផ្ទាល់ខ្លួន ១៨០ ០០០រៀល។
ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩ បានចេញសេចក្តីជូនដំណឹងស្តីពី ការប្រើប្រាស់ផ្លាកលេខសម្គាល់យានជំនិះ។
កន្លងមកអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក បានសង្កេតឃើញថា យានជំនិះមួយចំនួនបាន បំពាក់ផ្លាកលេខសម្គាល់យានជំនិះមិនត្រឹមត្រូវ ដោយបានច្នៃប្រឌិត ឬតុបតែងបន្ថែម ដែលធ្វើឱ្យបាត់ លក្ខណៈសម្គាល់ ជាពិសេសបានច្នៃប្រឌិតផ្លាកលេខពីស័ង្កសី ឬលោហធាតុផ្សេងៗ យកទៅបំពាក់ លើយានជំនិះរបស់ខ្លួន ផ្ទុយពីច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ដែលផ្លាកលេខសម្គាល់យានជំនិះ ទាំងអស់ត្រូវចេញដោយក្រសួងសាធារណការ និងដឹកជញ្ជូន លើកលែងតែផ្លាកលេខនគរបាល និង ផ្លាកលេខខែមរភូមិន្ទ ដែលត្រូវចេញដោយក្រសួងមហាផ្ទៃ និងក្រសួងការពារជាតិ។ ដូចនេះ ដើម្បី រួមចំណែកក្នុងការទប់ស្កាត់ភាពមិនប្រក្រតីនៃយានជំនិះ ក៏ដូចជាដើម្បីថែរក្សាស្ថិរភាព សុវត្ថិភាព និង សន្តិសុខសង្គម អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក សូមណែនាំដូចខាងក្រោម៖
១.គ្រប់យានជំនិះ មុនធ្វើចរាចរណ៍តាមដងផ្លូវ ត្រូវធ្វើការចុះបញ្ជីដើម្បីទទួលបានបណ្ណសម្គាល់ និងផ្លាកលេខឱ្យបានត្រឹមត្រូវតាមនីតិវិធី
២.ផ្លាកលេខសម្គាល់យានជំនិះ ត្រូវប្រើប្រាស់ឱ្យបានត្រឹមត្រូវតាមយានជំនិះដែលបានចុះបញ្ជី ៣.ហាមយកផ្លាកលេខសម្គាល់យ៉ានជំនិះដែលបានចុះបញ្ជីត្រឹមត្រូវ ទៅបំពាក់លើយានជំនិះផ្សេងដែលនាំចូលមិនស្របច្បាប់
៤.ហាមប្រើប្រាស់ផ្លាកលេខដែលច្នៃប្រឌិត ឬតុបតែងបន្ថែមដែលផ្ទុយពីផ្លាកលេខចេញដោយ ក្រសួងសាធារណការ និងដឹកជញ្ជូន
៥.ហាមផ្ទុកសម្ភារ និងដាក់វត្ថុផ្សេងៗដែលធ្វើឱ្យបាំងផ្លាកលេខ
៦.នៅពេលយានជំនិះខូចប្រើប្រាស់លែងកើត ម្ចាស់យានជំនិះត្រូវបំពេញកាតព្វកិច្ចលុបចេញ ពីបញ្ជីយានជំនិះ ដោយនាំយកមកនូវបណ្ណសម្គាល់ និងផ្លាកលេខសម្គាល់យានជំនិះ ទៅអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក ឬទីតាំងផ្តល់សេវាសាធារណៈដែលកំណត់ដោយក្រសួងសាធារណការ និងដឹកជញ្ជូន។
អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោកនឹងសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច ចាត់វិធានការ តឹងរ៉ឹងតាមផ្លូវច្បាប់ ចំពោះបុគ្គលណាដែលបានប្រើប្រាស់ផ្លាកលេខសម្គាល់យានជំនិះខុសពីនីតិវិធីដូចបានជម្រាបជូនខាងលើ ក្រោយពីការចេញសេចក្តីជូនដំណឹង។ សូមម្ចាស់កម្មសិទ្ធិយានជំនិះគ្រប់ប្រភេទ ចូលរួមអនុវត្តខ្លឹមសារនៃសេចក្ដីជូនដំណឹងនេះ ឱ្យមានប្រសិទ្ធភាពខ្ពស់៕