ឃាត់ខ្លួនជនសង្ស័យ ០១នាក់ ពាក់ព័ន្ធករណីអំពើឃាតកម្មគិតទុកជាមុន និងកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត (យកអាវុធខ្លីបាញ់សម្លាប់ប្រពន្ធ)
ភ្នំពេញ៖ កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨ ជនសង្ស័យឈ្មោះ ជា អូន ភេទ ប្រុស អាយុ ២៥ ឆ្នាំ និងជនរងគ្រោះឈ្មោះ នូ សុខនីតា ហៅ ស៊ីវ អេង ភេទ ស្រី អាយុ ២២ ឆ្នាំ បានរៀបការជាមួយគ្នា(ជាប្តីប្រពន្ធ) តែមិនបានចុះសំបុត្រអាពាហ៍ពិពាហ៍ទេ ។
លុះមកដល់អំឡុងខែមីនា ឆ្នាំ២០២២ ពួកគេទាំង០២មានទំនាស់ឈ្លោះប្រកែកគ្នា ដោយជនសង្ស័យជាប្ដីឈ្មោះ ជា អូន បានដឹងថាជនរងគ្រោះជាប្រពន្ធឈ្មោះ នូ សុខនីតា មានទំនាក់ទំនងស្នេហាជាមួយបុរសជនជាតិចិនម្នាក់(មិនស្គាល់ឈ្មោះ) ក៏បាននាំគ្នាមកលែងលះនៅសាលាសង្កាត់ចាក់អង្រែក្រោម ក្រោយពីលែងលះគ្នាមួយរយៈជនសង្ស័យបានមកសុំជនរងគ្រោះយកគ្នាជាប្ដីប្រពន្ធវិញ តែជនរងគ្រោះមិនព្រមទើបជនសង្ស័យមានកំហឹងរួចបានទំនាក់ទំនងទិញអាវុធខ្លីមួយដើមម៉ាក K៥៩(រលប់លេខ) មានបង់ចំនួន ០១ និងគ្រាប់ចំនួន ០៦គ្រាប់ ពីបុរសម្នាក់មិនស្គាល់អត្តសញ្ញាណតាមរយៈហ្វេសប៊ុកផេក (មិនចាំឈ្មោះក្រោយពេលទិញរួចបានលប់ឆាតនោះចោលទាំងអស់) ក្នុងតម្លៃ ៦៥០ដុល្លារអាមេរិក (ដោយគេផ្ញើអាវុធនោះតាមរថយន្តវីរៈប៊ុនថាំ ខណ្ឌសែនសុខ) កាលពីនៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២២ ក្នុងគោលបំណងយកមកគំរាមជនរងគ្រោះឲ្យព្រមទទួលយកជនសង្ស័យជាប្ដីវិញ បើមិនព្រមរូបគេនឹងបាញ់សម្លាប់ជនរងគ្រោះរួចបាញ់សម្លាប់ខ្លួនឯងតាមក្រោយតែម្តង លុះមកដល់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង ១៤ម៉១៥នាទី ជនសង្ស័យឈ្មោះ ជា អូន បានជិះម៉ូតូមួយគ្រឿងម៉ាក សេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០១៥ ពាក់ស្លាកលេខ កណ្ដាល ១D-៥០១១ ដោយយកអាវុធខ្លីមួយដើមម៉ាក K៥៩ ដាក់តាមខ្លួនមកជួបជនរងគ្រោះឈ្មោះ នូ សុខនីតា នៅចំណុចក្នុងបន្ទប់ ផ្ទះលេខ១៤០៣A ផ្លូវជាតិលេខ២ ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ (កន្លែងកើតហេតុ) ពេលមកដល់ជនសង្ស័យនាំជនរងគ្រោះចូលទៅក្នុងបន្ទប់និយាយសុំត្រូវគ្នាវិញ(ប្តីប្រពន្ធ) តែជនរងគ្រោះមិនយល់ព្រមទេ ខណៈនោះជនសង្ស័យបានដកអាវុធខ្លីមួយដើមម៉ាក K៥៩ ពីចង្កេះមកអាមេបញ្ចូលគ្រាប់ រួចបាញ់គំរាមជនរងគ្រោះចំនួន ០១គ្រាប់ត្រូវជញ្ជាំងបន្ទប់ ហើយបាញ់មួយគ្រាប់ទៀតត្រូវជនរងគ្រោះចំពីលើក្បាលបណ្តាលឲ្យស្លាប់ បន្ទាប់មកជនសង្ស័យបាញ់ខ្លួនឯងចំនួន ០៣គ្រាប់ទៀតតែមិនផ្ទុះ ទើបក្រុមគ្រួសារទាំងសងខាង (ទាំងជនរងគ្រោះ និងជនសង្ស័យ) និងកម្លាំងអធិការដ្ឋាននគរបាលខណ្ឌមានជ័យចូលទៅអន្តរាគមន៌ឃាត់ខ្លួនជនសង្ស័យឈ្មោះ ជា អូន យកមកសាកសួរនៅទីស្នាក់ការប៉ុស្ថិ៍នគរបាលចាក់អង្រែក្រោមតែម្តង ។
-ជនសង្ស័យឈ្មោះ ជា អូន ភេទ ប្រុស អាយុ ២៥ ឆ្នាំ ជនជាតិ ខ្មែរ ទីលំនៅផ្ទះលេខ៤១៧ ផ្លូវលំ ភូមិរោងចក្រ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ មុខរបរ នៅផ្ទះ ។ (គ្មានផ្ទុកសារធាតុញៀន)
-ជនរងគ្រោះឈ្មោះ នូ សុខនីតា ហៅ ស៊ីវ អេង ភេទ ស្រី អាយុ ២២ ឆ្នាំ ទីលំនៅផ្ទះលេខ១៤០៣A ផ្លូវជាតិលេខ២ ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
-វត្ថុតាងចាប់យក ៖ អាវុធខ្លី ០១ដើមម៉ាក K៥៩(រលប់លេខ), បង់ចំនួន ០១, គ្រាប់ចំនួន ០១គ្រាប់, កូនកាំបិតហូត ០១ដើម, ម៉ូតូ ០១គ្រឿងម៉ាក សេ១២៥ ពណ៌ខ្មៅ សេរី២០១៥ លេខតួ+លេខម៉ាស៊ីន=៨១៧៨១១៦ ពាក់ស្លាកលេខ កណ្តាល ១D-៥០១១ ។
បច្ចុប្បន្នជនសង្ស័យឈ្មោះ ជា អូន ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់តាមនីតិវិធី ៕