ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សូមមានការប្រុងប្រយ័ត្ន ជាមួយនឹងផេក ដែលបន្លំធ្វើជាផេក របស់ធនាគារ ABA

97

ភ្នំពេញ៖ ក្នុងរយៈពេលថ្មីៗនេះ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានសង្កេតឃើញមានការកើនឡើងដែលជនខិលខូចបង្កើតផេកក្លែងក្លាយដោយប្រើឈ្មោះនិង logo របស់ធនាគារពិតៗដើម្បីផ្សព្វផ្សាយពីការឈ្នះរង្វាន់តាមបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក។

ជាឧទាហរណ៍ ជនខិលខូចបានបង្កើតផេកក្លែងបន្លំធ្វើជាធនាគារ ABA ហើយបានផ្សព្វផ្សាយពីការឈ្នះរង្វាន់ដែលមានចំនួនទឹកប្រាក់ ២០.០០០រៀល ដល់អ្នកដែលបានទាយលេខក្នុងរូបភាពត្រូវចំនួន ១០០នាក់ដំបូង។

បើតាមការស្រាវជ្រាវរបស់នាយកដ្ឋាន ផេកក្លែងក្លាយទាំងអស់នេះគឺជាល្បិចរបស់ពួកក្រុមជនខិលខូចដើម្បីបង្កើនចំនួនផេក Like ឬដើម្បីលួចប្រមូលយកទិន្នន័យរបស់អ្នកប្រើប្រាស់។ នៅពេលខ្លះទៀតនោះ ពួកគេនឹងទាមទារឱ្យលោកអ្នកធ្វើការបង់ប្រាក់បន្តិចបន្តួចដើម្បីឱ្យលោកអ្នកមានការជឿជាក់ ប៉ុន្តែនេះជាល្បិចដើម្បីបោកបញ្ឆោតយកប្រាក់កាស ឬដើម្បីលួចយកលេខប័ណ្ណឥណទានរបស់លោកអ្នកទៀតផង។

នាយកដ្ឋានសូមណែនាំដល់អ្នកប្រើប្រាស់ទាំងអស់ កុំជឿលើការឈ្នះរង្វាន់ ដែលផ្សព្វផ្សាយតាមរយៈបណ្ដាញទំនាក់ទំនងសង្គមណាមួយនោះ ព្រោះភាគច្រើនវាគឺជាការបោកបញ្ឆោត។

សូមលោកអ្នកកុំចុចនៅលើតំណភ្ជាប់ ឬធ្វើការចែកចាយបន្ត ដែលនាំឱ្យខាតបង់ពេលវេលា ឬប្រាក់កាសរបស់លោកអ្នកតែប៉ុណ្ណោះ៕

អត្ថបទដែលជាប់ទាក់ទង