គ្រូសាលាស៊ីសុវត្ថិដែលតវ៉ា បោះឆ្នោតឈ្នះ , លោកមូល ស៊ុយហេង ធ្វើជានាយកដដែល តែក្រសួងអប់រំឲ្យសងថវិការដ្ឋ និងទទួលខុសត្រូវចំពោះមុខច្បាប់
ភ្នំពេញ ៖ ក្រសួងអប់រំ បានសេចក្ដីប្រកាសព័ត៌មាន ស្ដីពីដំណោះស្រាយ នៃការតវ៉ា នៅវិទ្យាល័យព្រះស៊ីសុវត្ថិ
ក្រសួងអប់រំយុវជននិងកីឡា នៅថ្ងៃទី២០កញ្ញា ដោយបានបញ្ជាក់ថា ដើម្បីដោះស្រាយការតវ៉ានេះ ក្រសួងបានសម្រេចឲ្យមានការបោះឆ្នោត គឺទី១ ) ឯកភាពជាមួយចំណាត់ការរបស់ក្រសួង និងទី២) រក្សាទុកលោក មូល ស៊ុយហេង ជានាយកវិទ្យាព្រះស៊ីសុវត្ថិ និងចាត់វិធានការបន្តទៀត។ ជាលទ្ធផល ក្នុងចំណោម សន្លឹកឆ្នោត សរុប ១៥២ សន្លឹកឆ្នោតគាំទ្រជម្រើសទី១ មានចំនួន ៥៤ សន្លឹកឆ្នោតគាំទ្រជម្រើសទី២ មានចំនួន៩៧ សន្លឹក និងសន្លឹកឆ្នោតមោឃៈមានចំនួន១សន្លឹក។ ផ្អែកតាមស្មារតីនេះ ក្រសួងនឹងតម្រូវឲ្យលោកមូល ស៊ុយហេង សងថវិការដ្ឋដែលបានប្រើប្រាស់មិនមានតម្លាភាព និងទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន និងក្រសួងគោរពស្មារតីនៃការបោះឆ្នោត ដោយតែងតាំងលោកមូល ស៊ុយហេង ជានាយកវិទ្យាល័យព្រះស៊ីសុវត្ថិ ឡើងវិញដើម្បីបញ្ចប់ការតវ៉ា ។ ក្រសួងនឹងបង្កើតក្រុមប្រឹក្សាភិបាល ដើម្បីដឹកនាំការងារវិទ្យាល័យព្រះស៊ីសុវត្ថិ និងអនុវត្តន៍កម្មវិធីកំណែទម្រង់វិស័យអប់រំក្នុងវិទ្យាល័យព្រះស៊ីសុវត្តិ ប្រកបដោយប្រសិទ្ធភាព។
ក្រសួងអប់រំ បានបញ្ជាក់ថា ចាប់តាំងពីឆ្នាំ២០១៤ មក ក្រសួងអប់រំ យុវជន និងកីឡា បានសន្សំសំចៃថវិកាក្រសួង
និងបើកផ្តល់ថវិកាប្រមាណ ១ លានដុល្លារ ជូនដល់គ្រួសារគ្រូបង្រៀនដែលធ្លាប់រស់នៅក្នុងបរិវេណសាលានេះ
ដើម្បីឲ្យពួកគាត់មានលទ្ធភាពទិញផ្ទះសម្បែងខ្លួនឯងបាន។ បន្ទាប់មកទៀត ក្រសួងបានចំណាយថវិកាជាច្រើន
ដើម្បីជួសជុលអគារសិក្សា សាងសង់ទីលានបាល់បោះ និងបាល់ទះ ដើម្បីកែលម្អសោភ័ណភាពសាលាឲ្យបានស្អាត
ឲ្យសមជាបេតិកភ័ណ្ឌជាតិ និងជាកេរ្តិ៍ដំណែលប្រវត្តិសាស្រ្តរបស់ជាតិ ដែលត្រូវអភិរក្ស។ ថ្វីត្បិតតែ ក្រសួងបានចំណាយថវិកាដ៏ច្រើនសន្ធឹកសន្ធាប់ក៏ដោយ ក៏ការគ្រប់គ្រងរបស់លោកនាយកនៅមានភាពធូររលុង
ស្ថានភាពអនាម័យមិនមានភាពល្អប្រសើរឡើយ ជាពិសេសនៅក្នុងថ្នាក់រៀននៃកម្មវិធីធម្មតា។