អ្នកនាំពាក្យរាជរដ្ឋាភិបាល សោកស្តាយ ចំពោះពលរដ្ឋខ្មែរអាមេរិកកាំង មួយចំនួន ដែលបានប្រឌិតព័ត៌មាន និងវាយប្រហារ ដោយវោហារសាស្ត្រខុសពីការពិត គ្មានការទទួលខុសត្រូវ ស្តីពីការអនុវត្តរដ្ឋធម្មនុញ្ញ
ភ្នំពេញ ៖ បើតាមសេចក្ដីថ្លែងការណ៍ នៅថ្ងៃទី១៣.ខែមិថុនា ឆ្នាំ២០២២ , អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល មានសេចក្តីសោកស្តាយជាខ្លាំង ចំពោះពលរដ្ឋខ្មែរអាមេរិកកាំង មួយចំនួន ដែលបានប្រឌិតព័ត៌មាន និងវាយប្រហារតាមរយៈបណ្តាញផ្សព្វផ្សាយបរទេសជាខេមរភាសា ដោយវោហារសាស្ត្រខុសពីការពិត គ្មានការទទួលខុសត្រូវ ស្តីពីការអនុវត្តរដ្ឋធម្មនុញ្ញជាច្បាប់កំពូលនៃ ព្រះរាជាណាចក្រកម្ពុជា។ វោហារសាស្ត្រគ្មានតម្លៃជាប្រជាពលរដ្ឋថ្លៃថ្នូរ ជាពិសេសជាអ្នករស់នៅក្នុងអរិយប្រទេសរួចទៅហើយនោះ គឺបញ្ជាក់បង្ហាញពីចេតនាទុច្ចរិតបង្កាច់បង្អួច និងឥរិយាបទប្រទូសរ៉ាយជាមួយ មាតុប្រទេសរបស់ខ្លួន។
អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល សូមសម្ដែងនូវមោទកភាព ចំពោះការអនុវត្តរដ្ឋធម្មនុញ្ញជា ប្រចាំរបស់រាជរដ្ឋាភិបាល ក៏ដូចជាស្ថាប័នកំពូលៗរបស់ជាតិដទៃទៀត ដែលរួមគ្នារក្សាបាននូវសុខសន្តិភាព ជៀសផុតពីវិបត្តិរដ្ឋធម្មនុញ្ញ ធានាបានស្ថិរភាពនយោបាយ ព្រមជាមួយការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកម្ពុជា ប្រកបដោយភាពស្មើមុខស្មើមាត់ជាមួយបណ្តាប្រទេសនានាក្នុងសាកលលោក។
រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងឥស្សរជនខ្មែរគ្រប់រូប បានធ្វើពលិកម្មគ្រប់ បែបយ៉ាងដើម្បីផលប្រយោជន៍ជាតិ និងការរស់រានមានជីវិត របស់ប្រជាពលរដ្ឋខ្មែរគ្រប់កាលៈទេសៈ និងគ្រប់ ស្ថានភាព ស្របតាមខ្លឹមសារដូចដែលបានចែងក្នុងរដ្ឋធម្មនុញ្ញ៕