ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចិននិងកម្ពុជា បានចុះហត្ថលេខា លើកិច្ចព្រមព្រៀង ស្ដីពីមូលនិធិពិសេសសម្រាប់គម្រោង កិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គឆ្នាំ២០២២

116

ភ្នំពេញ៖ នាថ្ងៃទី១៣ខែមិថុនា ឯកឧត្តម Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា និងឯកឧត្ដម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានរួមគ្នាចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្ដីពីមូលនិធិពិសេសសម្រាប់គម្រោងកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គឆ្នាំ២០២២។

មន្រ្តីតំណាងក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ក្រសួងបរិស្ថាន ក្រសួងអភិវឌ្ឍន៍ជនបទ និងស្ថាប័នពាក់ព័ន្ធផ្សេងទៀត និងព្រមទាំងលោក Wang Zhiquan ទីប្រឹក្សាស្ថានទូតចិនប្រចាំកម្ពុជាអញ្ជើញមានវត្តមានក្នុងពិធីខាងលើ។

ក្នុងសុន្ទរកថារបស់ឯកឧត្តមឯកអគ្គរដ្ឋទូតចិន បានលើកឡើងថា កិច្ចសហប្រតិបត្តិការ ឡានឆាង-មេគង្គបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញអភិវឌ្ឍសេដ្ឋកិច្ចក្នុងតំបន់និងជួយស្តារឡើងវិញក្រោយពីវិបត្តិជំងឺកូវីដ១៩ បានផ្តល់អត្ថប្រយោជន៍ជាក់ស្តែងជូនដល់ប្រជាជនក្នុងតំបន់។ កម្ពុជាធ្លាប់ជាសហប្រធានលើកដំបូងនៃកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ និងបានរៀបចំកិច្ចប្រជុំថា្នក់ដឹកនាំនៃកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គលើកទី២យ៉ាងជោគជ័យ គឺជាអ្នកចូលរួមនិងអ្នកជំរុញដ៏សំខាន់នៃកិច្ចសហប្រតិបត្តិការមួយនេះ។

កម្ពុជាបានចូលរួមក្នុងគម្រោងមូលនិធិពិសេសខាងលើនេះចំនួន៨០ ដែលគ្របដណ្តប់លើវិស័យដូចជាអប់រំ សុខាភិបាល កសិកម្ម ការកាត់បន្ថយភាពក្រីក្រ ការការពារបរិស្ថានជាដើម។ ក្នុងចំណោមគម្រោងឡានឆាង-មេគង្គទាំង១២ដែលបានអនុវត្តក្នុងប្រទេសកម្ពុជាកាលពីឆ្នាំ២០២១ មានគម្រោងចំនួន៤ទាក់ទងនឹងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩។

ក្នុងចំណោមគម្រោងឡានឆាង-មេគង្គទាំង១៣ដែលកម្ពុជាទទួលបានក្នុងឆ្នាំ២០២២ មានចំនួន៥០%ទាក់ទងនឹងការការពារបរិស្ថាន ហើយក្រៅពីនេះគឺទាក់ទងនឹងសេដ្ឋកិច្ចឌីជីថល អាកាសចរណ៍ស៊ីវិល លំនៅដ្ឋាន ការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ អន្តោប្រវេសន៍ និងការគ្រប់គ្រងព្រំដែនជាដើម នេះបានឆ្លុះបញ្ចាំងពីមិត្តកម្ពុជាយកចិត្តទុកដាក់លើការអភិវឌ្ឍន៍ប្រកបដោយចីរភាព។

ភាគីចិនរីករាយតាមចំណុចសំខាន់ដែលជាការយកចិត្តទុកដាក់របស់កម្ពុជា សហការជាមួយកម្ពុជាក្នុងការផ្ទៀងផ្ទាត់ជាមួយគ្នា រួមគ្នាលើកកម្ពស់សន្តិសុខនិងការអភិវឌ្ឍន៍ក្នុងតំបន់និងលើពិភពលោក ជំរុញការស្តារសេដ្ឋកិច្ចឡើងវិញក្រោយពីវិបត្តិកូវីដ១៩ រួមចំណែកក្នុងការកសាងសហគមន៍វាសនារួមសម្រាប់មនុស្សជាតិ។

ឯកឧត្ដម ប្រាក់ សុខុន បានកោតសរសើរខ្ពស់ចំពោះភាគីចិនដែលតែងផ្តល់ការគាំទ្រនិងជួយដល់កម្ពុជា លោកមានប្រសាសន៍ថា ចាប់តាំងពីការចាប់ផ្តើមដំណើរនៃកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គកាលពីឆ្នាំ២០១៦មក បានជួយជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចនិងសង្គមដល់ប្រទេសជាប់ដងទន្លេឡានឆាង-មេគង្គ ជួយកាត់បន្ថយគម្លាតអភិវឌ្ឍន៍ លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន និងទទួលបានសមិទ្ធផលផ្លែផ្កាជាក់ស្តែង។

ក្រោមក្របខណ្ឌកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ កម្ពុជាទទួលបានអត្ថប្រយោជន៍ពីគម្រោងជាក់លាក់មានចំនួន៨០ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់អភិវឌ្ឍសេដ្ឋកិច្ចរបស់កម្ពុជានិងអនុតំបន់ និងដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន។

ក្រោមបរិបទនិងប្រឈមមុខនឹងជំងឺកូវីដ១៩ បណ្ដាប្រទេសក្នុងអនុតំបន់បានរួបរួមសហការគ្នា ហើយបានពង្រឹងទំនុកចិត្តកិច្ចសហប្រតិបត្តិការពហុភាគីដែលផ្តោតលើការអភិវឌ្ឍន៍ជាចំណុចសំខាន់។ កម្ពុជានឹងបន្តសហការជាមួយភាគីចិននិងបណ្តាប្រទេសអនុតំបន់ផ្សេងទៀត ជំរុញកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គរីកចម្រើនថែមមួយកម្រិតទៀត កសាងសហគមន៍វាសនារួមដែលមានលក្ខណៈបើកចំហ យោគយល់គ្នា សន្តិភាព វិបុលភាព និងនិរន្តរភាព៕

អត្ថបទដែលជាប់ទាក់ទង