ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឃុំខ្លួនបុរសម្នាក់ ក្លែងឯកសណ្ឋានកងកម្លាំង និងប្រើអាវុធខុសច្បាប់

150


កណ្តាល៖ លោក ផូង វណ្ណ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល នៅល្ងាចថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៨ បានចេញដីកាបង្គាប់ឲ្យឃុំខ្លួន បុរសម្នាក់ ដែលបានកាន់កាប់អាវុធ ប្រើប្រាស់អាវុធ ក្លែងឯកសណ្ឋានកងកម្លាំង ប្រដាប់អាវុធខុសច្បាប់ ( អាវុធហត្ថ និងយោធា) ដាក់ពន្ធនាគារខេត្តកណ្តាលជាបណ្តោះអាសន្ន ។

យោងតាមដីកា ជនឈ្មោះ សូ សាលី ត្រូវបានចោទប្រកាន់ពីបទ ៣កាន់កាប់និងប្រើប្រាស អាវុធដោយគ្មានការអនុញ្ញាត និងប្រើប្រាស់ឯកសណ្ឋាន ជាអាទិ៍ ដែលមានភាពប្រហែលហែល នគរបាល យោធា និងរំលោភលើសេចក្តីទុកចិត្ត ប្រព្រឹត្តនៅភូមិ លេខ៣ ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្តាល កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៨ បទល្មើសព្រហ្មទណ្ឌ ដែលមានចែឲ្យផ្តន្ទាទោស តាមបញ្ញត្តិមាត្រា ៤៩០ , ៦១៦ , ៣៩១ ,៣៩២ នៃក្រមព្រហ្មទណ្ឌ។ លោកចៅក្រម ក៏បានបង្គាប់ឲ្យ ប្រធានពន្ធនាគារខេត្តកណ្តាល ឃុំខ្លួនឈ្មោះនេះ ជាបណ្តោះអាសន្នឲ្យបានសម្រេចតាមដីកានេះ”។

បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកណ្តាល បានឲ្យដឹងថា អនុវត្តន៍នូវភារកិច្ចស្នូល របស់កងរាជអាវុធហត្ថ បង្ការ បង្ក្រាប និងសង្គ្រោះ ពិសេសប្រសាសន៍ដឹកនាំ ព្រមទាំងការយកចិត្តទុកដាក់ ដ៏ខ្ពង់ខ្ពស់ពីនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និង​លោកបណ្ឌិត ​ម៉ៅ ភិរុណ អភិបាលខេត្ត​ និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តកណ្តាល ដែលលោកតែងតែយកចិត្តទុកដាក់ តាស់តឿនក្រើនរំលឹកដល់ មេបញ្ជាការគ្រប់កងឯកភាព ពង្រឹងការយកចិត្តទុកដាក់បញ្ហាសន្តិសុខ សណ្តាប់ធ្នាប់សង្គម បង្ក្រាបរាល់បទល្មើសគ្រប់ប្រភេទ ពិសេសបទល្មើសគ្រឿងញៀន បទល្មើសលួចឆក់ ប្លន់ ឃាតកម្មជាដើម។
នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៨ មានជនរងគ្រោះចំនួនបីនាក់ មកដល់ទីបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថស្រុកស្អាង ខេត្តកណ្តាល បានប្តឹងឈ្មោះ សូ សាលី ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ ជាកម្មករសំណង់ មានស្រុកកំណើត នៅភូមិ ទួលដំរី ឃុំត្រពាំងស្តៅ ស្រុករមាសហែក ខេត្តស្វាយរៀង បច្ចុប្បន្នស្នាក់នៅផ្ទះជួល ស្ថិតក្នុងភូមិលេខ៣ ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្តាល បានធ្វើសកម្មភាពខ្ចីម៉ូតូ និងទូរស័ព្ទរបស់ពួកគាត់ដូចខាងក្រោម: ១-ឈ្មោះ ម៉ឺន ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ ឃុំកើតហេតុ (បាត់បង់ម៉ូតូ ១គ្រឿង)។ ២-ឈ្មោះ សុដានោ ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មានទីនៅសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល (បាត់បង់ទូរស័ព្ទពណ៌ស ១គ្រឿង)។ ៣-ឈ្មោះ ភាព ភេទស្រី អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ (ត្រូវជាសង្សារ ជនសង្ស័យ) ស្នាក់នៅផ្ទះជួលជាមួយគ្នា បាត់បង់ទូរស័ព្ទ ២គ្រឿង។
ក្រោយពីធ្វើសកម្មភាពរួច ដោយបាត់ជនសង្ស័យយូរពេក ហើយទាក់ទងទូរស័ព្ទមិនចូល ជនរងគ្រោះទាំង៣នាក់ ក៏មកប្តឹងនៅសមត្ថកិច្ច អាវុធហត្ថ និងបានបំភ្លឺថា ជនសង្ស័យ (សូ សាលី) កន្លងមក តែងតែនិយាយប្រាប់ពួកគាត់ថា៖ គាត់ (ជនសង្ស័យ) គឺជាមន្ត្រីអាវុធហត្ថ ដែលទើបផ្លាល់មកពីខេត្តប៉ៃលិន ។

ប្រភពដដែល បានបន្តថា ក្រោយទទួលបានពាក្យបណ្តឹង និងការបំភ្លឺដូចខាងលើរួច លោកឧត្តសេនីយន៍ សំ តុលា មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានបញ្ជាផ្ទាល់ដល់កម្លាំងជំនាញខេត្ត និងស្រុក ចុះធ្វើការស្រាវជ្រាវ ស្វែងរកជនសង្ស័យ និងសម្ភារៈបាត់បង់តាមនីតិវិធី។ តាមរយៈការសហការស្រាវជ្រាវ យ៉ាងយកចិត្តទុកដាក់ ទាំងថ្ងៃទាំងយប់ មិនខ្លាចនឿយហត់ ប្រកបដោយបទពិសោធន៍ ឆន្ទៈក្រោមការចុះដឹកនាំផ្ទាល់ ដោយលោកវរសេនីយ៍ឯក ទូច អ៊ីណាន និងការយកចិត្តទុកដាក់ របស់ជំនាញអ.ហ.ផ.ទ.ខេត្តសៀមរាប កណ្តាល បានកំណត់ទីតាំងលាក់ខ្លួន ជនសង្ស័យបានដោយជោគជ័យ អស់រយៈពេលជាង ១០ថ្ងៃ ។ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨ កម្លាំងកងរាជអាវុធហត្ថខេត្តកណ្តាល បានសហការជាមួយកម្លាំង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងកម្លាំងកងរាជអាវុធហត្ថខេត្តសៀមរាប បានឃាត់ខ្លួនជនសង្ស័យឈ្មោះ សូ សាលី នៅចំណុចបន្ទប់ជួល ស្ថិតនៅ ភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប តាមដីកាបញ្ជាឲ្យចូលខ្លួនលេខ០១១ ដកបចខ/១៨ ចេញដោយព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកណ្តាល និងដោយមានការសម្របសម្រួល នីតិវិធី ដោយព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប ពាក់ព័ន្ធករណីក្លែង ឯកសណ្ឋានអាវុធហត្ថ ប្រើប្រាស់អាវុធខុសច្បាប់ ឆបោក និង ក្លែងឯកសារសាធារណៈ។ សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន៖ អាវុធខ្លី ១ដើម ម៉ាក K59 លេខ ០៨៧៤ បង់ចំនួន ១ គ្រាប់ចំនួន ៣គ្រាប់ សំបុត្របញ្ជាក់កំណើត ១សន្លឹក អត្តសញ្ញាណប័ណ្ណជាតិខ្មែរថតចម្លង ១សន្លឹក ពាក្យស្នើសុំស្នាក់នៅបណ្តោះអាសន្ន ១សន្លឹក សេចក្តីចម្លងសំបុត្របញ្ជាក់កំណើត ២សន្លឹក កាបូបស្ពាយពណ៌ខ្មៅចំនួន ១ ខោអាវឯកសណ្ឋានមួយចំនួន និងសម្ភារៈមួយចំនួនទៀត៕

 

អត្ថបទដែលជាប់ទាក់ទង