ខេត្តព្រះសីហនុដាក់ផែនការ ដើម្បីទ្រទ្រង់ វិស័យសេដ្ឋកិច្ច សង្គម និងទេសចរណ៍ឱ្យកាន់តែមានការរីកចម្រើនប្រកបដោយ គុណភាពនិងនិរន្តរភាព
ព្រះសីហនុ៖ ខេត្តព្រះសីហនុបានប្រែក្លាយទៅជាប៉ូលសេដ្ឋកិច្ចសំខាន់ទី២របស់កម្ពុជា និងទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង។ ដើម្បីទ្រទ្រង់ដល់វិស័យសេដ្ឋកិច្ច –សង្គម និង ទេសចរណ៍ឱ្យមានការរីកចម្រើនប្រកបដោយគុណភាពនិងនិរន្តរភាព រដ្ឋបាលខេត្តព្រះសីហនុ បានដាក់ចេញជាផែនការជាច្រើនផងដែរ។
លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុបានអោយដឹងថា នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះដោយសារកត្តាសុខសន្តិភាព និងស្ថិរភាពនយោបាយ នៅក្នុងប្រទេស ខេត្តព្រះសីហនុបានប្រែក្លាយពីខេត្តដែលមានភាពស្ងៀមស្ងាត់ ទៅជាខេត្តដែលមានសកម្មភាពសេដ្ឋកិច្ចរស់រវើក ជាពិសេសផ្នែកហេដ្ឋារចនាសម្ព័ន្ធដែលត្រូវបានយកចិត្តទុកដាក់ខ្ពស់ពីសំណាក់រាជរដ្ឋាភិបាលក្នុងអំឡុងវិបត្តិកូវីដ–១៩ ។ តាមរយៈការ កែប្រែវិបត្តិកូវីដ–១៩ ទៅជាឱកាសនៃការកសាង និងស្តារហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ខ្វាត់ខ្វែង ដែលប្រទាក់ក្រឡាគ្នាសម្រាប់បម្រើ ឱ្យ វិស័យទេសចរណ៍ និងការដឹកជញ្ជូន សំដៅជំរុញកំណើនសេដ្ឋកិច្ចខេត្ត និងប្រែក្លាយខេត្តព្រះសីហនុជា ប៉ូលសេដ្ឋកិច្ចសំខាន់ទី២ របស់កម្ពុជា និងទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង។
លោកឡុង ឌីម៉ង់បន្ថែមថា ដើម្បីទ្រទ្រង់ដល់វិស័យសេដ្ឋកិច្ច –សង្គម និងទេសចរណ៍ឱ្យមានការរីកចម្រើនប្រកបដោយគុណភាពនិងនិរន្តរភាព រដ្ឋបាលខេត្តក៏ដូចមន្រ្តីជំនាញពាក់ព័ន្ធបាននិងកំពុងយក ចិត្តទុកដាក់ ក្នុងការអភិវឌ្ឍន៍និងស្តារហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ រៀបចំកែលម្អឆ្នេរសមុទ្រ ទឹកស្អាត អគ្គិសនី ការគ្រប់គ្រងសំណល់ រឹង–រាវ បន្ទប់ទឹកសាធារណៈ ការរៀបចំសួនច្បារ និងកំពង់ផែទេសចរណ៍ស្ដង់ដារសេវាកម្មទេសចរណ៍ ព្រមទាំងពង្រឹងការគ្រប់គ្រង សន្តិសុខ សុវត្ថិភាពសណ្តាប់ធ្នាប់សាធារណៈ និងសេវាដឹកជញ្ជូនសាធារណៈ រួមទាំងជំរុញយុទ្ធនាការទីក្រុងស្អាត ឆ្នេរស្អាត ទាំងនៅក្នុងទីក្រុង ទីប្រជុំជន និងនៅតាមតំបន់ឆ្នេរឱ្យកាន់តែមានសោភ័ណភាពបរិស្ថានល្អប្រសើរ ដើម្បីចូលរួមអភិវឌ្ឍ និងគាំទ្រ ដល់គោលនយោបាយ និងផែនការអភិវឌ្ឍទេសចរណ៍ជាតិរបស់រាជរដ្ឋាភិបាល នាពេលបច្ចុប្បន្ន និងពេលអនាគត។
លោកអភិបាលរងបន្ថែមទៀតថា រដ្ឋបាលខេត្តក៏បានណែនាំដល់រដ្ឋបាលក្រុង–មន្ទីរជំនាញ ឱ្យបន្តយកចិត្តទុកដាក់ក្នុងការអនុវត្តន៍ ផែនការសកម្មភាពមួយចំនួនទៀត ដូចជាបន្តការយកចិត្តទុកដាក់ត្រួតពិនិត្យ និងវាយតម្លៃអំពីការអនុវត្តន៍នូវវិធានសុវត្ថិភាព ទេសចរណ៍ និងវិធានសុវត្ថិភាពសុខាភិបាលរបស់អាជីវករ និងប្រជាពលរដ្ឋ ការបើកវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ ការសហការជាមួយក្រសួងចុះត្រួតពិនិត្យនិងវាយតម្លៃស្តង់ដារសេវាស្នាក់នៅទេសចរណ៍ ការជំរុញយុទ្ធនាការទីក្រុងស្អាត និងការ ជំរុញលើកទឹកចិត្តដល់វិស័យឯកជន បន្តអភិវឌ្ឍផលិតផលនិងសេវាកម្មទេសចរណ៍ថ្មីឱ្យបានសម្បូរបែបប្រកប ដោយស្ដង់ដារ គុណភាពនិងចីរភាព ដើម្បីចូលរួមអនុវត្តតាមគោលនយោបាយ និងផែនការយុទ្ធសាស្ត្រ របស់រាជរដ្ឋាភិបាល ក្នុងការបើក ដំណើរការ សេដ្ឋកិច្ចសង្គមនិងទេសចរណ៍ នៅក្នុងព្រះរាជាណាចក្រកម្ពុជាឡើងវិញ។
លោក ឡុង ឌីម៉ង់បញ្ជាក់ផងដែរថា ខេត្តព្រះសីហនុគឺជាខេត្តដែលមានសក្ដានុពលទេសចរណ៍ សេដ្ឋកិច្ចឧស្សាហកម្មជាច្រើន ដែលត្រៀមខ្លួនក្នុងការ សម្រេច ឱ្យបាននូវមហិច្ឆតារបស់រាជរដ្ឋាភិបាល ដែលបានចាត់ទុកជាមជ្ឈមណ្ឌលហិរញ្ញវត្ថុឈានមុខនៅក្នុងប្រទេស ក៏ដូចជាតំបន់ ដើម្បីរុញច្រាននាវាកម្ពុជាអូសចេញពីវិបត្តិសេដ្ឋកិច្ចដែលកើតឡើងដោយកូវីដ–១៩។ ដូច្នេះរាជរដ្ឋាភិបាលក៏ដូចជាអាជ្ញាធរខេត្តរបស់យើង បាននិងកំពុងត្រៀមខ្លួនក្នុងការផ្ដល់នូវកិច្ចសហការនានា ជាពិសេសផ្តល់នូវ លក្ខណសម្បត្តិ ក៏ដូចជាសម្រួលដល់អ្នកវិនិយោគទេសចរបរទេសទាំងអស់ ដើម្បីឱ្យមានភាពទាក់ទាញ និងផ្តល់លទ្ធភាពឱ្យ អ្នកអាចធ្វើការប្រកបអាជីវកម្មធ្វើការវិនិយោគនៅក្នុងខេត្តព្រះសីហនុនេះ។
ក្នុងនោះដែរ លោកអភិបាលរងបានបញ្ជាក់ទៀតថា គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ ក៏បាននិងកំពុងខិតខំ យ៉ាងសកម្ម ក្នុងការពង្រឹងសន្តិសុខ និងសុវត្ថិភាព ដែលមានកងកម្លាំងគ្រប់ប្រភេទជាសេនាធិការផ្ទាល់ ក្នុងការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយ និងសុវត្ថិភាពសង្គម និងបានត្រៀមលក្ខណៈរួចជាស្រេច ដើម្បីបម្រើដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ច–សង្គមក្នុងខេត្ត ក៏ដូចជាប្រជាពលរដ្ឋដែលរស់នៅក្នុងខេត្ត និងភ្ញៀវទេសចរទាំងជាតិនិងអន្តរជាតិ ដែលមកលម្ហែកម្សាន្ត នៅលើទឹកដីខេត្តព្រះសីហនុនេះ៕