ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ការលាលែងរបស់មេទ័ពទាំង៥រូប ដើម្បីពង្រឹង​ខឿន​ការពារជាតិ នៅក្នុងក្របខ័ណ្ឌការពារជាតិកម្ពុជា

117


ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ឈុំ សុជាត បានឱ្យដឹងថា ការលាលែងរបស់មេទ័ពទាំង៥រូប ចេញពីតំណែងនាយរងនាយសេនាធិការចម្រុះ គឺជាការអនុវត្តប្រកាសរបស់ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ ដើម្បីកែសម្រួលរចនាសម្ព័ន្ធ និងក្របខ័ណ្ឌមួយចំនួន ពង្រឹង​ខឿន​ការពារជាតិ ​ជំរុញឱ្យប្រសិទ្ធភាពការងារ នៅក្នុងក្របខ័ណ្ឌការពារជាតិកម្ពុជា កាន់តែប្រសើរ និងខ្លាំងក្លាថែមទៀត។

នាយឧត្តមសេនីយ៍ ឈុំ សុជាត អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨នេះ បានថ្លែងថា ការលាលែងរបស់មេទ័ពទាំង៥រូប ចេញពីតំណែងនាយរងសេនាធិការចម្រុះ គឺជាការអនុវត្តឱ្យស្របតាមសេចក្តីសម្រេច សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ កាលពីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨ ដែលកែសម្រួល ផ្ទេរក្របខ័ណ្ឌអង្គភាពកងពលធំអន្តរាគមន៍ និងកងពលតូចអន្តរាគមន៍ចំនួន៥ ពីអគ្គបញ្ជាការដ្ឋានមកចំណុះផ្ទាល់បញ្ជាការដ្ឋានកងទ័ពជើងគោក។

លោកនាយកឧត្តមសេនីយ៍ បានថ្លែងបន្តថា កងពលទាំង៥ដែលត្រូវប្តូរក្របខ័ណ្ឌនោះរួមមាន កងពលធំអន្ដរាគមន៍៣, កងពលធំអន្ដរាគមន៍លេខ២, កងពលតូចទ័ពពិសេសឆ័ត្រយោង៩១១, កងពលតូចអន្ដរាគមន៍លេខ១ និងកងពលតូចថ្មើរជើងលេខ៧០ ផងដែរ ដែលកន្លងទៅ កងពលទាំងនេះ បានស្ថិតនៅក្រោមការដឹកនាំបញ្ជាររបស់នាយសេនាធិការចម្រុះ។

លោកបានបញ្ជាក់ថា “ដូច្នេះមិនមានអ្វីចម្លែកនោះទេ ដែលមេទ័ពទាំង៥រូបដឹកនាំកងពលទាំងនេះ លាលែងពីតំណែង នាយរងសេនាធិការចម្រុះ ហើយទៅកាន់តំណែង ជាមេបញ្ជាការកងពលរៀងៗខ្លួន ដែលស្ថិតនៅក្រោមចំណុះផ្ទាល់ របស់បញ្ជាការដ្ឋានកងទ័ពជើងគោកនោះ គឺដើម្បីអនុវត្តឱ្យស្របតាមប្រកាស របស់ក្រសួងការពារជាតិតែប៉ុណ្ណោះ។ ការកែសម្រួលរចនាសម្ព័ន្ធ និងក្របខ័ណ្ឌមួយចំនួននេះ គឺដើម្បី​ពង្រឹង​ខឿន​ការពារជាតិ ​ក៏ដូចជាជំរុញឱ្យប្រសិទ្ធភាពការងារ នៅក្នុងក្របខ័ណ្ឌការពារជាតិកម្ពុជា កាន់តែប្រសើរ និងខ្លាំងក្លាថែមទៀត”។

បើតាមអ្នកនាំពាក្យក្រសួងការពារជាតិ ៖ ឧត្តមសេនីយ៍ឯក ស្រី ឌិក មេបញ្ជាការកងពលធំអន្ដរាគមន៍៣, ឧត្តមសេនីយ៍ឯក កែវ ធី មេបញ្ជាការកងពលធំអន្ដរាគមន៍លេខ២, ឧត្តមសេនីយ៍ឯក ចាប ភក្ដី មេបញ្ជាការកងពលតូចទ័ពពិសេសឆ័ត្រយោង ៩១១, ឧត្តមសេនីយ៍ឯក ព្រហ្ម ផេង មេបញ្ជាការកងពលតូចអន្ដរាគមន៍លេខ១ និងឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការកងពលតូចថ្មើរជើងលេខ៧០ បានធ្វើលិខិតមួយ សុំលាលែងពីតំណែងនាយរងសេនាធិការចម្រុះ កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨កន្លងទៅនេះ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ បានចេញសេចក្តីសម្រេចថ្មីមួយ ដោយកែសម្រួលផ្ទេរក្របខ័ណ្ឌ អង្គភាពកងពលធំអន្តរាគមន៍ និងកងពលតូចអន្តរាគមន៍ចំនួន៥ ពីអគ្គបញ្ជាការដ្ឋានមកចំណុះផ្ទាល់បញ្ជាការដ្ឋានកងទ័ពជើងគោក៕

អត្ថបទដែលជាប់ទាក់ទង