ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងសេដ្ឋកិច្ច រៀបចំសិក្ខាសាលាស្ដីពី “«តួនាទីនៃវិស័យធានារ៉ាប់រង និងបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងសេដ្ឋកិច្ចឌីជីថលកម្ពុជា»

129

 

ភ្នំពេញ ៖ ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានរៀបចំសិក្ខាសាលាស្ដីពី “«តួនាទីនៃវិស័យធានារ៉ាប់រង និងបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងសេដ្ឋកិច្ចឌីជីថលកម្ពុជា» ដែលបានប្រារព្ធឡើងនៅថ្ងៃទី ១៥ ខែ មិថុនា ឆ្នាំ២០២២ ចាប់ពីម៉ោង ៨:៣០ ព្រឹក រហូតដល់ម៉ោង ១២:៤៥ រសៀល នៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា (Sofitel Phnom Penh Phokeethra) ដើម្បីផ្សព្វផ្សាយ គោលនយោបាយ និងក្របខណ្ឌបទប្បញ្ញត្តិកម្ពុជាទាក់ទងនឹងឌីជីថលូបនីយកម្មក្នុងវិស័យធានារ៉ាប់រង និងដើម្បី ប្រមូលធាតុចូលសម្រាប់សេចក្ដីព្រាងគោលនយោបាយអភិវឌ្ឍវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា។
គោលបំណងចម្បងនៃសិក្ខាសាលានេះរួមមាន (១) បន្តប្រមូលធាតុចូលល្អៗបន្ថែម និងជាក់លាក់លើវិស័យធានារ៉ាប់រង, (២) ផ្សព្វផ្សាយគោលនយោបាយ និងក្របខណ្ឌបទប្បញ្ញត្តិកម្ពុជាទាក់ទងនឹងឌីជីថលូបនីយកម្មក្នុងវិស័យធានារ៉ាប់រង, (៣) កំណត់និន្នាការបច្ចុប្បន្ន, បញ្ហាប្រឈម និងកាលានុវត្តភាពក្នុងវិស័យធានារ៉ាប់រងនៅកម្ពុជា និង (៤) កំណត់តួនាទីរបស់ថ្នាលឌីជីថលផ្លាស់ប្ដូរទិន្នន័យផ្សេងៗនៅកម្ពុជា សម្រាប់វិស័យធានារ៉ាប់រង។

សិក្ខាសាលានេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងជាប្រធានក្រុមការងាររៀបចំសេចក្តីព្រាងគោលនយោបាយអភិវឌ្ឍវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំ, មន្ត្រីរាជការ និងតំណាងក្រុមហ៊ុនធានារ៉ាប់រង, ធនាគារ, គ្រឹះស្ថានមីក្រូ ហិរញ្ញវត្ថុ, និងស្ថាប័នឯកជន សរុបចំនួន ១២៤ រូប។

សិក្ខាសាលានេះត្រូវបានដំណើរការចាប់ផ្ដើមដោយសុន្ទរកថាស្វាគមន៍របស់ លោក ហ៊ុយ វ៉ាថារ៉ូ ប្រធាន សមាគមធានារ៉ាប់រងកម្ពុជា និងសុន្ទរកថាគន្លឹះរបស់ ឯកឧត្តម ប៊ូ ច័ន្ទភីរូ អគ្គនាយកនៃនិយ័តករធានារ៉ាប់រងកម្ពុជា។ សិក្ខាសាលានេះត្រូវបានប្រកាសបើកដំណើរការជាផ្លូវការ ដោយ ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងាររៀបចំសេចក្តីព្រាងគោលនយោបាយអភិវឌ្ឍវិស័យ បច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា ។ «ទោះបីជាវិស័យធានារ៉ាប់រងបាននិងកំពុងរីកចម្រើន និងមានសក្តានុពល យ៉ាងណាក្តីបច្ចេកវិទ្យាធានារ៉ាប់រងក្នុងប្រទេសកម្ពុជានៅមានភាពក្មេងខ្ចីនៅឡើយ និងកំពុងជួបប្រទះនូវ បញ្ហាប្រឈមមួយចំនួនផងដែរ រួមមាន៖ កង្វះខាតនូវក្របខណ្ឌបទប្បញ្ញត្តិក្នុងការគ្រប់គ្រងលើអាជីវកម្ម ធានារ៉ាប់រងបែបឌីជីថល, កង្វះខាតនូវហេដ្ឋារចនាសម្ព័ន្ធគាំទ្រ ដូចជាបរិស្ថានសាកល្បង (regulatory sandbox) និងបណ្តាញអ៊ីនធឺណិតនៅតំបន់ជនបទកង្វះខាតនូវការគាំទ្រពីតួអង្គនានាក្នុងប្រព័ន្ធអេកូឡូស៊ី បច្ចេកវិទ្យាធានារ៉ាប់រង ទាំងវិស័យសាធារណៈ វិស័យឯកជន និងដៃគូអភិវឌ្ឍន៍និងចំណេះដឹងផ្នែកហិរញ្ញវត្ថុ ក៏ដូចជាអក្ខរកម្មផ្នែកឌីជីថលរបស់ប្រជាជននៅមានកម្រិតទាបនៅឡើយ។ នេះបើតាមប្រសាសន៍របស់ ឯកឧត្តម រស់ សីលវ៉ា ថ្លែងក្នុងសុន្ទរកថាប្រកាសបើកដំណើរការជាផ្លូវការនៃសិក្ខាសាលានេះ។

ក្នុងដំណើរការនៃសិក្ខាសាលាក៏មានការធ្វើបទបង្ហាញចំនួនបួន និងកិច្ចពិភាក្សាចំនួនមួយដើម្បីផ្ដល់នូវ ចំណេះដឹងទូលំទូលាយទៅលើតួនាទីនៃវិស័យធានារ៉ាប់រង និងបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ឌីជីថលកម្ពុជា។ បទបង្ហាញទាំងបួននោះ រួមមាន បទបង្ហាញស្តីពី “ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និង សង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ និងការអភិវឌ្ឍគោលនយោបាយបច្ចេកវិទ្យាហិរញ្ញវត្ថុ”, ”តួនាទីនៃថ្នាល ឌីជីថលជំរុញក្នុងបច្ចេកវិទ្យាហិរញ្ញវត្ថុ”, “ស្ថានភាពបច្ចុប្បន្ននៃការអភិវឌ្ឍអាជីវកម្មធានារ៉ាប់រងឌីជីថលនៅ កម្ពុជា” និង“និន្នាការនៃការអភិវឌ្ឍ និងបញ្ហាប្រឈមក្នុងការធ្វើនិយ័តកម្មអាជីវកម្មធានារ៉ាប់រងឌីជីថលនៅ ក្នុងព្រះរាជាណាចក្រថៃ” ព្រមទាំងឧត្តមានុវត្តន៍នៃម៉ូដែលអាជីវកម្មធានារ៉ាប់រងឌីជីថលរបស់ប្រទេសមួយចំនួន ក្នុងតំបន់អាស៊ីអាគ្នេយ៍ផងដែរ។ សិក្ខាសាលានេះក៏មានកិច្ចពិភាក្សាលើការអភិវឌ្ឍ និងបញ្ហាប្រឈមនាពេល បច្ចុប្បន្ននៃអាជីវកម្មធានារ៉ាប់រងឌីជីថលនៅកម្ពុជា និងតួនាទីរបស់និយ័តករធានារ៉ាប់រងកម្ពុជា។

ជាកិច្ចបញ្ចប់នៃសិក្ខាសាលា, ឯកឧត្តម ប៊ូ ច័ន្ទភីរូ អគ្គនាយកនៃនិយ័តករធានារ៉ាប់រងកម្ពុជាបានអញ្ជើញ ធ្វើសុន្ទរកថាបិទ ដែលបានគូសរំលេចពីយន្តការបន្ត រួមមាន ការបន្តកិច្ចការស្រាវជ្រាវ និងកិច្ចសហការរវាងដៃគូ ភាគីពាក់ព័ន្ធ។ “ ជាយន្តការបន្ទាប់ ក្រុមការងារត្រូវបន្តកិច្ចសហការជាមួយក្រសួង-ស្ថាប័ន, ក្រុមហ៊ុនឯកជន, គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ, និងដៃគូពាក់ព័ន្ធនានា ក្នុងរូបភាពជាសិក្ខាសាលា ឬកិច្ចប្រជុំតូចធំ សំដៅបន្តលើក កម្ពស់សហថាមពល និងការសហការបង្កើតថ្មី ពិសេសក្នុងការរៀបចំសេចក្តីព្រាងគោលនយោបាយអភិវឌ្ឍវិស័យ បច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា ឱ្យមានលក្ខណៈប្រទាក់ក្រឡាគ្នា, មុតស្រួច, គ្រប់ជ្រុងជ្រោយ និងងាយបត់បែន ដែល ចុងក្រោយអាចឆ្លើយតបនឹងតថភាពនៃតម្រូវការរបស់ដៃគូពាក់ព័ន្ធ។ ជាក់ស្ដែង ការរៀបចំសិក្ខាសាលា ឬកិច្ច ប្រជុំជាមួយវិស័យពាក់ព័ន្ធមួយចំនួនទៀត តួយ៉ាងដូចជា វិស័យធនាគារ និងវិស័យហិរញ្ញវត្ថុវិមជ្ឈការ (Decentralized Finance) ជាយន្តការចម្បងបន្ទាប់ក្នុងការប្រមែប្រមូលធាតុចូលពីដៃគូពាក់ព័ន្ធ។» នេះបើតាម ប្រសាសន៍របស់ ឯកឧត្តម ប៊ូ ច័ន្ទភីរូ អគ្គនាយកនៃនិយ័តករធានារ៉ាប់រងកម្ពុជា ។

ជាលទ្ធផល, សិក្ខាសាលានេះបានប្រព្រឹត្តទៅយ៉ាងរលូន បញ្ចប់ដោយភាពជោគជ័យ និងទទួលបាន លទ្ធផលគាប់ប្រសើរដូចការរំពឹងទុក ដោយមានអន្តរសកម្ម និងការពិភាក្សាគ្នាយ៉ាងផុសផុលរវាងវាគ្មិន និង អ្នកចូលរួម ប្រកបដោយស្មារតីចែករំលែក និងយកចិត្តទុកដាក់ខ្ពស់។ តាមរយៈការពិភាក្សា, ការចែករំលែក ទស្សនាទាន, គំនិតនវានុវត្តន៍ និងបទពិសោធជាក់ស្ដែងពីសំណាក់ភាគីពាក់ព័ន្ធសំខាន់ៗទាំងអស់ គណៈ កម្មាធិការសេដ្ឋកិច្ចនិងធុរកិច្ចឌីជីថល ប្រមូលបាននូវធាតុចូលល្អៗជាច្រើន សម្រាប់ធ្វើជាមូលដ្ឋានក្នុងការ តាក់តែងសេចក្តីព្រាងគោលនយោបាយអភិវឌ្ឍវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា ប្រកបដោយប្រសិទ្ធភាព និង ភាពគ្រប់ជ្រុងជ្រោយ៕

អត្ថបទដែលជាប់ទាក់ទង