អភិបាលរាជធានីភ្នំពេញ ផ្ដល់សំលៀកបំពាក់ មួក ស្បែកជេីង សម្រាប់ប្រេីប្រាស់ ក្នុងការពន្លត់អគ្គិភ័យ ចំនួន៣០សម្រាប់ ដល់ការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ
ភ្នំពេញ៖នៅល្ងាចថ្ងៃទី ១៥ ខែ មិថុនា ឆ្នាំ ២០២២នេះ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញនិងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ បានចាត់ឱ្យលោក ជិន ប៊ុនធឿន នាយកប្រតិបត្តិសាខាជាតំណាង នាំយកសំលៀកបំពាក់ មួក ស្បែកជេីង សម្រាប់ប្រេីប្រាស់ក្នុងការពន្លត់អគ្គិភ័យ ចំនួន៣០សម្រាប់ ទៅប្រគល់ជូនដល់ការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋានគរបាលរាជធានីភ្នំពេញ ស្ថិតក្នុងសង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ ។
ក្នុងឱកាសនោះ លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋានគរបាលរាជធានីភ្នំពេញ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ ដែលមាន លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញនិងជាប្រធានគណៈកម្មាធិការសាខា បានគិតគូរពីសុវត្ថិភាពដោយផ្តល់ជាសំលៀកបំពាក់ មួក ស្បែកជេីងដល់អង្គភាពរបស់លោក សម្រាប់ប្រេីប្រាស់ក្នុងការជួយសង្គ្រោះ និងពន្លត់អគ្គិភ័យ ។
ជាការឆ្លេីយតប ក្នុងនាមលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញនិងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ លោក ជិន ប៊ុនធឿន បានពាំនាំនូវការផ្តាំផ្ញេីសាកសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ព្រមទាំងសូមថ្លែងនូវការកោតសរសេីរដល់បងប្អូនកងកម្លាំងបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះទាំងអស់ ដែលបានខិតខំប្រឹងប្រែងយកចិត្តទុកដាក់លះបង់កម្លាំងកាយចិត្ត ដោយមិនគិតពីអាយុជីវិត ពេលវេលា ការនឿយហត់ជួយអន្តរាគមន៍ពន្លត់អគ្គិភ័យសង្គ្រោះដល់បងប្អូនប្រជាពលរដ្ឋយេីងបានទាន់ពេលវេលា និងមិនឱ្យគ្រោះអគ្គិភ័យឆេះរាលដាលជាលក្ខណៈទ្រង់ទ្រាយធំ ។
លោកបញ្ជាក់ថា សម្រាប់សម្លៀកបំពាក់ មួក ស្បែកជើងនេះ ផលិតនៅប្រទេសជប៉ុន ដែលមានលក្ខណៈងាយស្រួលស្លៀកពាក់ មិនហប់ និងអាចការពារបងប្អូនកងកម្លាំងយេីង ក្នុងពេលប្រតិបត្តិការពន្លត់អគ្គិភ័យប្រកបដោយសុវត្ថិភាព ។ ជាមួយគ្នានេះ លោកនាយកប្រតិបត្តិសាខា ក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ថ្វីត្បិតតែយេីងមានបងប្អូនកងកម្លាំងបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះនៅចាំជួយសង្គ្រោះក៏ពិតមែន តែជាចម្បងបំផុតសូមបងប្អូនត្រូវមានការយកចិត្តទុកដាក់ប្រុងប្រយ័ត្នបង្ការដោយខ្លួនឯង ដោយកុំធ្វេសប្រហែសអំពីភ្លេីងទានធូប ចង្ក្រាន ហ្គាស ការតបណ្តាញអគ្គិភ័យប្រេីប្រាស់ និងវត្ថុផ្សេងៗដែលងាយឆាបឆេះ ដេីម្បីចៀសវាងពីគ្រោះអគ្គិភ័យដែលអាចកេីតមានឡេីងជាយថាហេតុ ៕