សម្ដេចក្រឡាហោម ស ខេង ថ្វាយគោរម្យ៍ងារ នាមាភិធេយ្យ «អភិធជអគ្គមហាសទ្ធម្មជោតិកៈ» ចំពោះសម្ដេចព្រះមហាសង្ឃរាជ
ភ្នំពេញ៖ នារសៀលថ្ងៃព្រហស្បតិ៍ ទី១៦ ខែមិថុនា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតីក្នុងពិធីថ្វាយគោរម្យ៍ងារនាមាភិធេយ្យ«អភិធជអគ្គមហាសទ្ធម្មជោតិកៈ» ចំពោះសម្ដេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា ដោយក្រុមប្រឹក្សារដ្ឋ នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ប្រារព្ធនៅសាលសន្និសីទចតុមុខ។
អញ្ជើញមានប្រសាសន៍នាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង បានបង្ហាញសេចក្ដីសោមនស្សរីករាយជាពន់ពេក ដែលបានចូលរួមក្នុងពិធីប្រកាសថ្វាយគោរម្យ៍ងារនាមាភិធេយ្យ«អភិធជអគ្គមហាសទ្ធម្មជោតិកៈ»ថ្វាយសម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា ពីក្រុមប្រឹក្សារដ្ឋនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ដែលមានឯកឧត្តមឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពមីយ៉ាន់ម៉ា ជាតំណាងបានប្រកាសថ្វាយសម្ដេចព្រះអង្គម្ចាស់ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនាឱកាសនេះ។
សម្ដេចបានមានប្រសាសន៍ថា គោរម្យ៍ងារនេះ ជាគោរម្យ៍ងារខ្ពស់បំផុតផ្នែកខាងផ្សព្វផ្សាយ លើកតម្កើង និងឧបត្ថម្ភព្រះពុទ្ធសាសនាប្រកបដោយវឌ្ឍនភាព និងចីរភាព។ សម្ដេចបានចូកអបអរសាទរ និងអនុមោទនា ចំពោះការទទួលបាននូវគោរមងារដ៏ឧត្តុង្គឧត្តមនេះរបស់សម្ដេចព្រះមហាសង្ឃរាជ និងបានថ្លែងអរគុណ កោតសរសើរ និងវាយតម្លៃខ្ពស់ ព្រមទាំងគាំទ្រយ៉ាងមុតមាំចំពោះការសម្រេចចិត្តរបស់ក្រុមប្រឹក្សារដ្ឋនៃសាធាណរដ្ឋសហភាពមីយ៉ាន់ម៉ាដែលថ្វាយគោរម្យ៍ងារដ៏ខ្ពស់ជាមហាកិត្តិយសដ៏ធំធេងនេះថ្វាយសម្ដេចព្រះអគ្គមហាសង្ឃរាជ។
សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថា សម្ដេចព្រះអគ្គមហាសង្ឃរាជ បានបំពេញព្រះរាជបេសកកម្មខាងសាសនាយ៉ាងសកម្មនៅលើឆាកអន្តរជាតិ ជាមួយនឹងតួនាទីដ៏ច្រើនក្នុងការរួមចំណែកនាំមកនូវសុខសន្តិភាពជូនមនុស្សជាតិទូទៅក្នុងនោះរួមទាំងប្រជាជាតិកម្ពុជាផងដែរដែលបានកត់សម្គាល់ និងចងចាំជានិច្ចនូវស្នាព្រះហស្ត និងការការបូជាពលិកម្មគ្រប់បែបយ៉ាងក្នុងមួយព្រះជន្មរបស់សម្ដេចអង្គម្ចាស់ចំពោះជាតិ មាតុភូមិ និងព្រះពុទ្ធសាសនា។
សម្ដេចក្រឡាហោម បានបន្តថារដ្ឋធម្មនុញ្ញកម្ពុជា បានចារឹកទុកជាប្រវត្តិសាស្ត្រថាព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ ដោយផ្អែកលើហេតុផលនៃប្រជាពលរដ្ឋខ្មែរប្រមាណ៩០ភាគរយបានកាន់ព្រះពុទ្ធសាសនា យកពុទ្ធសាសនាជាវិថីជីវិតក្លាយជាព្រលឹងអត្តសញ្ញាណជាតិ ព្រមទាំងជាគ្រឹះ ជាឃ្លាំងនៃវប្បធម៌ខ្មែរ។ សម្ដេចបន្តថា«ព្រះពុទ្ធសាសនាបានដើរតួនាទីយ៉ាងសកម្មក្នុងការចូលរួមអភិវឌ្ឍជាតិ ទាំងសេដ្ឋកិច្ច បរិស្ថាន ការអប់រំសីលធម៌ ចរិយាធម៌ក្នុងសង្គមខ្មែររហូតបានក្លាយជាមូលដ្ឋានដ៏រឹងមាំក្នុងការទ្រទ្រង់អរិយធម៌វប្បធម៌ជាតិទាំងមូល»។
សម្ដេចបានបន្ថែមថាក្នុងស្មារតីនេះ រាជរដ្ឋាភិបាលកម្ពុជាបានផ្តល់នូវការឧបត្ថម្ភគាំទ្រយ៉ាងពេញទំហឹងដល់ព្រះសាសនា តាំងពីអតីតកាលរហូតដល់បច្ចុប្បន្ន ដើម្បីធានាបាននូវភាពរុងរឿង និងភាពរឹងមាំនៃវិស័យពុទ្ធចក្រឲ្យដើរទន្ទឹមវិស័យអាណាចក្រ។ សម្ដេចបន្តថា«យើងចាំបាច់ត្រូវរួបរួមគ្នាធ្វើសហប្រតិបត្តិការយ៉ាងជិតស្និទ្ធក្នុងមិត្តភាពសាមគ្គីភាពជំហររឹងមាំសម្រាប់រក្សាបាននូវតម្លៃពុទ្ធសាសនា និងរិះរកគ្រប់មធ្យោបាយផ្សព្វផ្សាយព្រះបរមពុទ្ធឱវាទឱ្យបានទូលំទូលាយដល់ស្រទាប់មនុស្សគ្រប់វ័យ។ ព្រោះថាពុទ្ធសាសនាបានបង្រៀនមនុស្សឲ្យចេះរស់នៅក្នុងសន្តិភាពជាមួយគ្នាទៅវិញទៅមក ឲ្យចេះគោរពជំនឿទាំងឡាយរបស់អ្នកដទៃ ឲ្យចេះគោរពស្រឡាញ់ និងផ្តល់កិត្តិយសដល់ឪពុកម្ដាយ ចាស់ទុំរៀមច្បងជាដើម»៕