សហព័ន្ធខ្មែរហែលទឹក បញ្ជូនប្រតិភូ គ្រូបង្វឹក និងអត្តពលិកហែលទឹក ទៅប្រកួតកីឡាហែលទឹកជើងឯក ពិភពលោកនៅហុងគ្រី
ភ្នំពេញ៖នាយប់ថ្ងៃ ទី ១៦ ខែមិថុនា ឆ្នាំ២០២២ សហព័ន្ធខ្មែរហែលទឹកបានបញ្ជូនប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនីហែលទឹកជម្រើស កម្ពុជាទៅចូលរួមប្រកួតកីឡាហែលទឹកជ្រើសរើសជើងឯកពិភពលោក លើកទី១៩ ឆ្នាំ២០២២ “the 19th FINA World Swimming Championships” នៅទីក្រុង Budapest ប្រទេសហុងគ្រី ។
លោក ហែម គីរី អគ្គលេខាធិការនៃសហព័ន្ធខ្មែរហែលទឹកតំណាងឲ្យលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានសហព័ន្ធខ្មែរហែលទឹកបានប្រាប់ឲ្យដឹងតាមប្រព័ន្ធអនឡាញថា ការប្រកួតជើងឯកពិភពលោកសហព័ន្ធខ្មែរហែលទឹកបញ្ជូនទៅចូលរួមចំនួន៤នាក់រួមមានប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនី២នាក់ ហើយការប្រកួតនេះចាំបាច់សហព័ន្ធត្រូវតែទចូលរួមដើម្បីចូលរួមជាសមាជិករបស់សហព័ន្ធហែលទឹកពិភពលោក “FINA” ។
លោកបានបន្តថា ចំណែកប្រធានប្រតិភូ លោក នាង សូរិទ្ធិយ៉ា តំណាងឲ្យសហព័ន្ធខ្មែរហែលទឹកចូលរួមប្រជុំមហាសន្តិបាតសហព័ន្ធហែលទឹកពិភពលោក “FINA”នាថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២២នៅទីក្រុង Budapest ប្រទេសហុងគ្រី។ ចំពោះការប្រកួតលើកនេះសម្រាប់ការត្រៀមខ្លួនចូលរួមព្រឹត្តិការណ៍ការប្រកួតកីឡាអូឡាំពិកផងដែរ។
លោកអគ្គបានបន្ថែមទៀតថា កីឡាករ-កីឡាការិនីហែលទឹកកម្ពុជា ២នាក់ គឺកីឡាការិនីហែលទឹក សុខ វរលក្ខណ៍ និងកីឡាករហែលទឹក ឆាលីស រចនា បេននីឈី ចំពោះកីឡាករហែលទឹក ឆាលីស រចនា បេននីឈី លើវិញ្ញាសាហែល ១០០ម៉ែត្រផ្ងារ និង៤០០ម៉ែត្រសេរី រីឯកីឡាការិនីហែលទឹក សុខ វរលក្ខណ៍លើវិញ្ញាសាហែល ៥០ម៉ែត្រកង្កែប និង៥០ម៉ែត្រសេរី៕