ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញធ្វើដំណើរ ទៅកាន់ទឹកដីប្រទេសវៀតណាម ដើម្បីរំឭកអនុស្សាវរីយ៍កាលពី៤៥ឆ្នាំមុន

138

ត្បូងឃ្មុំ ៖ នៅព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២នេះ ដែលជាថ្ងៃរំឭកខួប៤៥ឆ្នាំ នៃទិវាចងចាំដំណើរទៅរំដោះប្រទេសជាតិពីរបបប្រល័យពូជសាសន៍ ប៉ុល ពត (២០មិថុនា១៩៧៧-២០មិថុនា ២០២២) ។ មុនពេលនៃពិធីប្រារព្ធខួបអបអរសាទរខួបលើកទី៤៥ឆ្នាំ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរលំរបបប្រល័យពូជសាសន៍ ប៉ុល ពត នោះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងថ្នាក់ដឹកនាំសំខាន់ៗ បានអញ្ជើញធ្វើដំណើរឆ្លងកាត់ពីទឹកដីកម្ពុជានៅខេត្តត្បូងឃ្មុំទៅកាន់ទឹកដីនៃប្រទេសវៀតណាម ដើម្បីរំលឹកអនុស្សាវរីយ៍ដ៏ជូរចត់កាលពី៤៥ ឆ្នាំមុន ក៏ដូចជាបានជួបជាមួយនឹងបងប្អូនប្រជាជនវៀតណាមដែលកន្លងមកធ្លាប់មានអនុស្សាវរីយ៏ជាមួយសម្ដេច ក្នុងកាលៈទេសៈដែលសម្ដេចត្រូវយកជីវិតធ្វើជាដើមទុន ដើម្បីកៀងគរកងទ័ពមករំដោះប្រជាជនកម្ពុជាក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត។

នៅក្នុងឱកាសនោះផងដែរ សម្តេចតេជោបានរំលឹកអំពីអនុស្សាវរីយ៍របស់សម្ដេចក្នុងការធ្វើដំណើរឆ្លងកាត់ពីទឹកដីកម្ពុជាមកដល់ប្រទេសវៀតណាមនេះ ដើម្បីគៀងគរកម្លាំងក្នុងការរំដោះប្រជាជនពីរបបកម្ពុជាប្រជាធិបតេយ្យ ឬហៅថារបប ប៉ុល ពត។ សម្តេចតេជោនាយករដ្ឋមន្ត្រីបានរំឭកអនុស្សាវរីយ៍ ថា​បាយ​មួយ​ពេល​ដែលប្រជាជនវៀតណាមបានផ្តល់ជូនសម្តេច និង​សមមិត្ត​ដ៏​ស្មោះស្ម័គ្រ​ចំនួន​ ៤រូប​ផ្សេង​ទៀត​កាល​ពី​ ៤៥ឆ្នាំមុន ប្រៀបបានដូចជាអង្កររាប់លានតោននាពេលសព្វថ្ងៃនេះ ខណៈ​បាយ​មួយ​ពេល​នោះ​ពិត​ជាមានគុណបំណាច់ដ៏ធំធេងដល់សម្តេចក៏ដូចជាប្រជាជនកម្ពុជាទាំងមូលផងដែរ។ សម្ដេចតេជោបានមានប្រសាសន៍ថា សម្តេច និងយុទ្ធមិត្តចំនួនបួនរូបទៀត នា​ពេល​នោះ​គឺ​ពិត​ជាមានការប្រថុយប្រថាន និងសង្ឃឹម​មាន​ជីវិតតិចតួចណាស់ ខណៈ​ដំណើរ​ដ៏​គ្រោះថ្នាក់​នោះ​ គឺ​មានគោលបំណងចង់បានកម្លាំងរបស់ប្រទេសវៀតណាម មក​សង្រ្គោះ​កម្ពុជា​ឲ្យ​រួច​ផុត​ពី​កណ្តាប់ដៃពិឃាត​ដ៏ឃោឃៅរបស់ ប៉ុល ពតនោះ។

សម្តេចតេជោនាយករដ្ឋមន្រ្តីក៏បានបញ្ជាក់បន្ថែមទៀតថា បច្ចុប្បន្នទីតាំងកោះថ្ម «X16» ​ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំនេះ គឺជាកន្លែងប្រវត្តិសាស្រ្តដ៏ជូរចត់បំផុត ហើយ​តំបន់​នេះ​បាន​សាងសង់នូវសំណង់មួយចំនួនរួចរាល់ហើយដូចជា សាលាដំណាក់, វេទិកាប្រារព្ធពិធី ,ស្រះទឹក, បន្ទប់អនាម័យ, ទីលានបាល់ទាត់, ប្រព័ន្ធរំដោះទឹក ចាក់ដីបំពេញ, បំពាក់​អំពូល​អគ្គិសនី​បំភ្លឺ​ជា​ដើម។

សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បាន​ប្រកាស​ពី​គោល​បំណង​បើក​ច្រក​ព្រំដែន​កម្ពុជា-វៀតណាម នៅតំបន់កោះថ្ម ដើម្បីសម្រួលដល់ការធ្វើដំណើរ និង​ផ្លាស់​ប្តូរ​ពាណិជ្ជ​កម្ម​រវាង​ប្រទេសទាំងពីរ កម្ពុជា-វៀតណាម។ សម្ដេចតេជោបានមានប្រសាសន៍បន្តថា រយៈពេល៤៥ឆ្នាំ បានកន្លងផុត ជាមួយ​នឹង​កិច្ច​ការ​ជា​ច្រើន​បាន​វិវឌ្ឍន៍​រវាង​ប្រទេសទាំងពីរ ដោយចំណងមិត្តភាពកាន់តែស៊ីជម្រៅ និងបានធ្វើកិច្ចការ​ជា​ច្រើន​ដែល​ជា​ផល​ប្រយោជន៍កម្ពុជា-វៀតណាម ។ សម្ដេចតេជោ បានបន្តទៀតថា ហេដ្ឋារចនាសម្ព័ន្ធ ដែលបានតភ្ជាប់នៅតំបន់កោះថ្ម ក៏ត្រូវបានអភិវឌ្ឍន៍ ហើយ​សម្ដេច និងនាយករដ្ឋមន្ត្រីវៀតណាម នៅថ្ងៃក្រោយ ក្នុងពេលវេលាសមស្រប អាច​នឹង​បើក​ច្រក​នេះ ទៅជាច្រកអន្តរជាតិមួយ ។ ការបើកច្រកទ្វារអន្តរជាតិនេះ ត្រូវបំពេញ​ការងារ​មួយ​ចំនួន​ទាក់ទិននឹងការកសាងហេដ្ឋរចនាសម្ព័ន្ធ ការបំពេញនីតិវិធីផ្ទៃក្នុង ដើម្បីឈាន​ទៅ​សម្រេច​បើក​ច្រក​ព្រំដែន ដែលជាច្រកច្រកព្រំដែនអន្តរជាតិមួយ ដែលនឹងធ្វើ​ឲ្យ​ប្រទេស​ទាំង​ពីរ មានទំនាក់ទំនងកាន់តែជិតស្និទ្ធ ជាមួយនឹងច្រកពាណិជ្ជកម្ម ដែល​ប្រទេស​ទាំង​ពីរ​កំពុង​មាន​ការ​រីកចម្រើនយ៉ាងខ្លាំង ។ សម្ដេចតេជោក៏បានអរគុណដល់រាជរដ្ឋាភិបាលវៀតណាមដែលបានសហការក្នុងកិច្ចការងារនេះអរគុណដល់បងប្អូនប្រជាពលរដ្ឋវៀតណាមសម្រាប់អនុស្សាវរីយ៍នៅពេលកន្លងមក។

បន្ទាប់មកសម្ដេចតេជោ និងឯកឧត្តមនាយករដ្ឋមន្ត្រីវៀតណាមនក៏បានអញ្ជើញធ្វើដំណើរមកប្រារព្ធពិធីអបអរសាទរខួប៤៥ឆ្នាំនៃ ទិវាចងចាំដំណើរឆ្ពោះទៅរកការរំដោះជាតិពីរបបប្រល័យពូជសាសន៍ ប៉ុល ពត និងសម្ពោធសមិទ្ធផលផ្សេងៗជាច្រើនទៀត៕

អត្ថបទដែលជាប់ទាក់ទង