សិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិ ស្ដីពីការទូត សេដ្ឋកិច្ចក្នុងគន្លងប្រក្រតីភាពថ្មី
ភ្នំពេញ៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុង «សិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិ ស្ដីពីការទូតសេដ្ឋកិច្ចក្នុងគន្លងប្រក្រតីភាពថ្មី» នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២ ដែលបានរៀបចំឡើងដោយក្រុមការងារសម្របសម្រួលការទូតសេដ្ឋកិច្ច នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្រោមគម្រោងមូលនិធិពិសេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង នៅសណ្ឋាគារ Hyatt Regency Phnom Penh។
សិក្ខាសាលានេះបានទទួលការចូលរួមដោយផ្ទាល់ពីឯកឧត្តម វ៉ាង វិនធាន (Wang Wentian) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា ថ្នាក់ដឹកនាំ ក្រសួងការបរទេស ក្រសួង-ស្ថាប័នរដ្ឋ និងវិស័យឯកជន ដែលជាសមាជិកក្រុមការងារអន្តរក្រសួង និងវិស័យឯកជនដើម្បីសម្របសម្រួលការអនុវត្តយុទ្ធសាស្ត្រការទូតសេដ្ឋកិច្ចឆ្នាំ២០២១-២០២៣ ព្រមទាំងសមាគមកសិផលខ្មែរ សមាគមទេសចរណ៍ ក្រុមហ៊ុនឯកជន និងការអញ្ជើញចូលរួមតាម ប្រព័ន្ធវីដេអូពីសំណាក់ស្ថានតំណាងកម្ពុជានៅបរទេសទាំងអស់សរុបប្រមាណ ៣៥០នាក់។
សិក្ខាសាលានេះត្រូវបានផ្ដួចផ្ដើមឡើងក្នុងគោលបំណង៖ ១)ផ្សព្វផ្សាយពីយុទ្ធសាស្ត្រការទូតសេដ្ឋកិច្ច ឆ្នាំ២០២១-២០២៣ ឱ្យកាន់តែទូលំទូលាយ ២)ប្រមូលធាតុចូលពីក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បី ពង្រឹងកិច្ចសហប្រតិបត្តិការអន្តរក្រសួង និងជាមួយវិស័យឯកជន ក្នុងការងារការទូតសេដ្ឋកិច្ច ៣) ស្វែងយល់ពីបញ្ហាប្រឈម និងចំណុចខ្វះខាត នៃការអនុវត្តយុទ្ធសាស្ត្រការទូតសេដ្ឋកិច្ច និង ៤) កំណត់យន្តការ ដើម្បីពង្រឹងសមត្ថភាព និងបប្រៀបការយល់ដឹងដល់មន្ត្រីការទូត និងមន្ត្រីពាក់ព័ន្ធ។
សិក្ខាសាលាខាងលើបានផ្តោតលើតួនាទីរបស់មន្ត្រីការទូតក្នុងវិស័យធំៗ ចំនួន៣៖ ១) វិនិយោគ និងពាណិជ្ជកម្ម ២)ទេសចរណ៍ និង ៣)វប្បធម៌ និងម្ហូបខ្មែរ ដែលមានការចូលរួមដោយ វាគ្មិនមកពីក្រសួងស្ថាប័នជំនាញ និងក្រុមហ៊ុនឯកជនពាក់ព័ន្ធ ដើម្បីពិគ្រោះយោបល់ពីកាលនូវការឡើង បញ្ហាប្រឈម និងកំណត់យន្តការផ្សេងៗ សំដៅទាញយកផលប្រយោជន៍ជាអតិបរមសម្រាប់ស ប្រជាជនរបស់យើង។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានវាយតម្លៃខ្ពស់លើការរៀបចំសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិនាពេលនេះ និងបានកោតសរសើរលើកិច្ចខិតខំប្រឹងប្រែង របស់ក្រុមការងារសម្របសម្រួលការទូតសេដ្ឋកិច្ច ដែលសម្រេចបានសមិទ្ធិផលធំៗនាពេលកន្លងមក ដែលក្នុងនោះរួមមាន៖ ១)ចងក្រង និងបោះពុម្ពសៀវភៅម្ហូប «កេរដំណែលស្នាដៃម្ហូបខ្មែរ» ដែល ត្រូវបានទទួលស្គាល់លើឆាកអន្តរជាតិ និងជាប់ជ័យលាភីជា «សៀវភៅម្ហូបអាស៊ីដ៏ល្អដាច់គេ» ២ឆ្នាំ ជាប់គ្នា និងជា «សៀវភៅម្ហូបឆ្នើមដែលរៀបរៀងដោយថ្នាក់ដឹកនាំនៃរដ្ឋ» ២)រៀបចំវេទិកាធុរកិច្ច ជាមួយបណ្តាដៃគូពាណិជ្ជកម្មនានា ៣) រៀបចំផ្ទាំងព័ត៌មានស្ដីពីសេដ្ឋកិច្ច និងសង្គម និង ៤) ពង្រឹងកិច្ចសហការរវាងស្ថានតំណាងកម្ពុជានៅក្រៅប្រទេស និងក្រុមការងារអន្តរក្រសួង និងវិស័យ ឯកជន ក្នុងការផ្សព្វផ្សាយពីផលិតផលជាតិ ពាណិជ្ជកម្ម ឱកាសវិនិយោគ និងច្បាប់វិនិយោគថ្មី ដើម្បីស្វែងរកទីផ្សារបន្ថែមសម្រាប់ផលិតផលខ្មែរ និងជំរុញលំហូរវិនិយោគពីបរទេស។
អង្គសិក្ខាសាលាទាំងមូលបានលើកជាសំណូមពរដល់មន្ត្រីការទូតឱ្យជួយ ១)ផ្សព្វផ្សាយ ព័ត៌មានស្ដីពីច្បាប់វិនិយោគថ្មី និងសក្តានុពលរបស់កម្ពុជា ២) ការស្រាវជ្រាវបន្ថែមពីតម្រូវការទីផ្សារ បរទេស និងរៀបចំវេទិកាធុរកិច្ចជាមួយដៃគូបរទេស ៣) ពង្រឹងការចែករំលែកព័ត៌មាន រវាង ក្រសួង-ស្ថាប័ន និងវិស័យឯកជន ៤)ជំរុញផ្សព្វផ្សាយឱ្យបានទូលំទូលាយ ពីសក្តានុពលទេសចរណ៍ នៅកម្ពុជា ដើម្បីលើកតម្កើងកិត្យានុភាពជាតិ ក៏ដូចជា ៥)បង្កើតក្រុមការងារមួយ ដើម្បីជំរុញមុខម្ហូប ខ្មែរលើឆាកអន្តរជាតិ។
ក្នុងនាមជាប្រធានក្រុមការងារសម្របសម្រួលការទូតសេដ្ឋកិច្ច ឯកឧត្ដមបណ្ឌិត ញឹម ខេមរា រដ្ឋលេខាធិការ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក៏បានគូសបញ្ជាក់ពីសារៈសំខាន់ នៃភាពជាដៃគូរវាងក្រសួង-ស្ថាប័នពាក់ព័ន្ធជាមួយវិស័យឯកជន ក្នុងការអនុវត្តយុទ្ធសាស្ត្រការទូត សេដ្ឋកិច្ច និងបានជំរុញឱ្យកិច្ចសហប្រតិបត្តិការនេះកាន់តែមានប្រសិទ្ធិភាព ដើម្បីចូលរួមចំណែក លើកស្ទួយការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមជាតិ៕