ព្រឹកស្អែក សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញជាអធិបតីក្នុងទិវាមច្ឆជាតិ១កក្កដា នៅខេត្តបន្ទាយមានជ័យ
ភ្នំពេញ៖ នៅព្រឹក ថ្ងៃសុក្រ ទី១ ខែកក្កដា ឆ្នាំ២០២២ ស្អែកនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរទិវាមច្ឆជាតិ១កក្កដា ឆ្នាំ២០២២ ដែលនឹងប្រារព្ធឡើងនៅទីតាំងអាងទឹក ត្រពាំងថ្ម ភូមិត្រពាំងថ្ម ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។
ជារៀងរាល់ឆ្នាំ ថ្ងៃទី១ ខែកក្កដា គឺជាទិវាដែលក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តែងតែប្រារព្ធទិវាមច្ឆជាតិ ដែលរៀបចំឡើង ក្នុងស្មារតីចូលរួមផ្សព្វផ្សាយ គ្រប់គ្រង ការពារ និងអភិរក្សធនធានធម្មជាតិអោយបានគង់វង្ស។
ទិវាមច្ឆជាតិ១កក្កដា បង្កើតឡើងក៏ដើម្បីបំផុសចលនាប្រជាពលរដ្ឋចូលរួមក្នុងការថែរក្សាពូជត្រី ឱ្យមានក្នុងដែនទឹកធម្មជាតិ បង្កើនផលត្រីនៅតំបន់ឆ្ងាយពីដែននេសាទផង ជាពិសេសតាមតំបន់សមស្របនៃវាលទំនាប និងវាលស្រែក្នុងទូទាំងប្រទេស។
នាព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយឯកឧត្តម អ៊ុ រាត្រី អភិបាលនៃគណ:អភិបាលខេត្តបន្ទាយមានជ័យ ឯកឧត្តម អ៊ុង សំអាត រដ្ឋលេខាធិការ ឯកឧត្តម ពុំ សុថា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាប្រធានរដ្ឋបាលជលផល បានអញ្ជើញមកពិនិត្យ កែសម្រួល និងវាយតម្លៃចុងក្រោយលើស្ថានភាពរួម សណ្តាប់ធ្នាប់ របៀបរៀបរយ និងសោភណ្ឌភាពនៅកន្លែងប្រារព្វពិធី “មច្ឆទិវា” ដើម្បីត្រៀមលក្ខណ:ឲ្យបានល្អប្រសើរបំផុតទទួលវត្តមានដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ឆ្នាំនេះក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទទួលបានការអនុញ្ញាតដ៏ខ្ពស់ខ្ពស់ពីរាជរដ្ឋាភិបាលឲ្យរៀបចំពិធី ដោយសម្រេចជ្រើសរើសយកអាងទឹកត្រពាំងថ្ម ស្ថិតនៅភូមិត្រពាំងថ្ម ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យធ្វើជាទីតាំងប្រារព្វពិធីនៅថ្ងៃស្អែកទី ០១ កក្កដា៕