ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សាលី អ៊ូម៉ើតប្ដេជ្ញាប្រជែងពាន 2022 World Seriesឲ្យខាងតែបាន

99

ភ្នំពេញ៖ កីឡាករម៉ូតូទឹកជម្រើសជាតិកម្ពុជា សាលី អូម៉ើត បានប្តេជ្ញាចិត្តដោយក្ដីសង្ឃឹមខ្ពស់ក្នុងការទទួលលទ្ធផលល្អប្រសើរពីការប្រកួតជើងឯកម៉ូតូទឹកពិភពលោក (2022 World Series) ឆ្នាំ២០២២ ជុំទី១ នៅប្រទេសប៉ូឡូញ។
មន្រ្តីសហព័ន្ធកីឡាម៉ូតូទឹកម្ពុជាលោក ម៉ម អានី បានឲ្យដឹងថា សម្រាប់ការប្រកួតកីឡាជើងឯកម៉ូតូទឹកពិភពលោក 2022 World Series នេះ កម្ពុជាបានបញ្ជូនកីឡាករ គ្រូបង្វឹក និងប្រតិភូ សរុប១៣នាក់ ទៅចូលរួមនៅប្រទេសប៉ូឡូញ ចាប់ពីថ្ងៃទី១៩ ដល់២៤ ខែកក្កដា ឆ្នាំ២០២២។ កីឡាករ សាលី អូម៉ើត នឹងប្រកួត៣វិញ្ញាសា គឺ Pro-Am Ski Modify ជាវិញ្ញាសាដែលរូបគេធ្លាប់ឈ្នះមេដាយមាសកីឡាអាស៊ី នៅប្រទេសឥណ្ឌូនេស៊ី កាលពីឆ្នាំ២០១៨ និងវិញ្ញាសា Pro-Am Ski Lites Stock ព្រមទាំង Pro-Am Ski 4 Strokes Stock។

ជុំវិញការធ្វើដំណើរទៅនេះ កីឡាករ សាលី អូម៉ើត បានបញ្ជាក់ថា ការប្រកួតជើងឯកម៉ូតូទឹកពិភពលោកនេះ ខ្លួនអត់បានចូលរួមប្រកួតរយៈពេល២ឆ្នាំមកហើយ ដោយសារបញ្ហារបួសឆ្អឹងខ្នង។ដូច្នេះសម្រាប់ឆ្នាំ២០២២នេះរូបគេត្រូវតែដណ្តើមពានរង្វាន់នេះ មកជូនកម្ពុជាឲ្យខាងតែបាន។ ការប្តេជ្ញាចិត្តខ្ពស់បែបនេះ ដោយសាររូបគេបានត្រៀមខ្លួនល្អ ទាំងការហ្វឹកហាត់ និងបានទិញម៉ូតូទឹកថ្មីផងដែរ។

អូម៉ើត បានលើកឡើងថាចំពោះរូបគេទៅលើកនេះ សង្ឃឹមខ្ពស់មែនទែន ពីព្រោះយើងបានត្រៀមខ្លួន ក៏ដូចជាបានទិញម៉ូតូថ្មី។ យើងត្រៀមខ្លួនបានល្អមែនទែន។ ឆ្នាំនេះ គេសង្ឃឹមថា នឹងយកពានរង្វាន់ពិភពលោក World Series មកជូនកម្ពុជាឲ្យទាល់តែបាន។
អតីតម្ចាស់មេដាយមាសម៉ូតូទឹកអាស៊ីរូបនេះបន្តថាប្រទេសដែលខ្លាំងមិនអាចមើលស្រាលបាន គឺកីឡាករសហរដ្ឋអាមេរិក ដោយសារពួកគេមានការប្រកួតច្រើនជារៀងរាល់ខែ ដូច្នេះធ្វើឲ្យសមត្ថភាព និងសិទ្ធផលកើនឡើងខ្ពស់ដែលខុសពីការប្រកួតនៅអាស៊ី២ខែម្តង។ ក្នុងនោះដែរ អត្តពលិកម៉ូតូទឹកកម្ពុជារូបនេះ ក៏ជួបបញ្ហាប្រឈមខ្លះ ដោយសារកីឡាករ៤រូប ខ្វះម៉ូតូទឹក តម្រូវឲ្យសហព័ន្ធត្រូវជួលម៉ូតូទឹកនៅទីនោះដើម្បីប្រកួត។

សូមបញ្ជាក់ថា ការប្រកួតកីឡាម៉ូតូទឹកជើងឯកពិភពលោក ឆ្នាំ២០២២ មាន៣ជុំ គឺជុំទី១ ធ្វើនៅប្រទេសប៉ូឡូញ ជុំទី២ នៅសហរដ្ឋអាមេរិក និងជុំផ្តាច់ព្រ័ត្រ នៅប្រទេសថៃ។
សម្រាប់ការចូលរួមប្រកួតនេះ កម្ពុជាបញ្ជូនកីឡាករ៧រូប រួមមាន កីឡាករ សាលី អូម៉ើត, មីន ម៉ូស្តាន, កៃ វ៉ាន់ស៊ីដែន, មីន អូស្មាន់, សាលី ហ្វីលីន, ស៊ីម សាក់រនី និងប្រតិភូ គ្រូបង្វឹក ៦នាក់ ដឹកនាំដោយឯកឧត្តម ណុះ ស្លេះជា ប្រធានសហព័ន្ធកីឡាម៉ូតូទឹកកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង