១១ដល់១៣កក្កដា៖ ប្រជុំក្រុមប្រឹក្សាកីឡា អាស៊ីអាគ្នេយ៍និ ងអាស៊ានប៉ារ៉ាហ្គេមនៅរាជធានីភ្នំពេញ
ភ្នំពេញ៖គណៈអចិន្ត្រៃយ៍គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) ដឹកនាំដោយឯកឧត្តមបណ្ឌិត ថោង ខុន អនុប្រធានអចិន្ត្រៃយ៍CAMSOCបានរៀបចំបែងចែកតួនាទីភារកិច្ចដល់គណៈកម្មការជំនាញនានាដើម្បីត្រៀមទទួលធ្វើម្ចាស់ផ្ទះកិច្ចប្រជុំក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍និងក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ានប៉ារ៉ាហ្គេម នាថ្ងៃទី១១ដល់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ។
ក្រោយពីទទួលបានការអនុញ្ញាតពីសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន និងសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) នៅថ្ងៃនេះ ឯកឧត្តមបណ្ឌិត ថោង ខុន អនុប្រធានអចិន្ត្រៃយ៍ CAMSOC បានដឹកនាំកិច្ចប្រជុំត្រៀមរៀបចំទទួលបដិសណ្ឋារកិច្ចសម្រាប់កិច្ចប្រជុំអាស៊ីអាគ្នេយ៍ដ៏មាន
សារសំខាន់ នាពេលពេលខាងមុខ នេះ។
នេះជាកិច្ចប្រជុំចុងក្រោយ ដើម្បីពិនិត្យសម្រេចលើការកំណត់ប្រភេទកីឡា វិញ្ញាសា រួមជាមួយនឹងការត្រួតពិនិត្យទីលានប្រកួតនានានៅភ្នំពេញ។កិច្ចប្រជុំនេះគឺដើម្បីប្រមែប្រមូលនូវការគាំទ្របន្ថែម ពីបណ្តាសមាជិកអាស៊ីអាគ្នេយ៍ទាំងមូល។
ឯកឧត្តមបណ្ឌិតថោង ខុនបានណែនាំក្រុមជំនាញនានាទទួលស្វាគមន៍ភ្ញៀវអាស៊ីអា
គ្នេយ៍ឲ្យទទួលបាននូវភាពកក់ក្តៅបំផុត។ តាមការគ្រោងទុក នឹងមានប្រតិភូកីឡា រួមទាំងភ្ញៀវទេសចរ សរុបជាង ១០០នាក់។ គោលបំណងចម្បងៗនៃកិច្ចប្រជុំថ្ងៃនេះ គឺដើម្បីបែងចែកការងារ និងពង្រឹងការអនុវត្តតួនាទី ភារកិច្ចរៀងៗខ្លួនឲ្យបានច្បាស់លាស់។
ការត្រៀមលក្ខណៈនេះ ត្រូវបានជំរុញពីសម្តេចពិជ័យសេនា ទៀ បាញ់ ដោយធ្វើយ៉ាងណាឲ្យការរៀបចំនេះទទួលបានកិត្តិយសជាតិនិងជោគជ័យក្នុងនាមជាម្ចាស់ផ្ទះ រាប់ចាប់តាំងពីការរៀបចំកិច្ចប្រជុំនានា រហូតដល់ការទទួលធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣។
ឯកឧត្តមវ៉ាត់ ចំរើនអគ្គលេខាធិការCAMSOCបន្ថែមថានៅកិច្ចប្រជុំក្របខណ្ឌអាស៊ីអា
គ្នេយ៍នាពេលខាងមុខឆាប់នេះសំខាន់គឺម្ចាស់ផ្ទះចង់បានការគាំទ្រពីសមាជិកអាស៊ីអាគ្នេយ៍ឲ្យបានច្បាស់លាស់បន្ថែម និងការត្រួតពិនិត្យវាយតម្លៃទៅលើហេដ្ឋារចនាសម្ព័ន្ធកីឡានានា នៅរាជាធានីភ្នំពេញ តាមរយៈការរៀបចំកញ្ចប់ទស្សនកិច្ច ជូនសមាជិកអាស៊ីអាគ្នេយ៍ ដោយមិនទាន់រៀបចំទីលានប្រកួត នៅតាមបណ្តាខេត្តគោលដៅរៀបចំស៊ីហ្គេមនៅឡើយទេ ដោយសារខេត្តទាំងនោះ មានប្រភេទកីឡា ១ឬ២ ប៉ុណ្ណោះ។
ជាមួយនឹងការខិតខំរៀបចំជាជំហានៗនេះយើងជឿជាក់ថាការទទួលរៀបចំធ្វើម្ចាស់ផ្ទះ ស៊ីហ្គេមលើកទី៣២និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ជាកំណត់ត្រាប្រវត្តិសាស្ត្រដំបូងរបស់កម្ពុជា នឹងទទួលបានជោគជ័យជាក់ជាមិនខាន៕