ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស្ថានទូតចិនប្រចាំកម្ពុជា រៀបចំកម្មវិធី “បើករថយន្តចិន ដើរផ្លូវមិត្តភាព”

144

 

ភ្នំពេញ ៖នាថ្ងៃទី១ខែកក្កដា ស្ថានទូតចិនប្រចាំកម្ពុជាបានរៀបចំកម្មវិធី “បើករថយន្តចិន ដើរផ្លូវមិត្តភាព”។ ឯកឧត្តម Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាបានដឹកនាំមន្រ្តីការទូតនៃស្ថានទូតចិនបើកបររថយន្តចិនម៉ាកHong Qi ដោយចេញដំណើរពីរាជធានីភ្នំពេញ ឆ្ពោះទៅកាន់តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ដោយតាមផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ។ លោក Wu Guoquan ទីប្រឹក្សាសេដ្ឋកិច្ចនិងពាណិជ្ជកម្ម និងលោក Zhao Haiyan អគ្គទីប្រឹក្សា និងមន្រ្តីការទូតផ្សេងទៀត នៃស្ថានទូតចិនប្រចាំកម្ពុជាបានអញ្ជើញចូលរួមក្នុងកម្មវិធីខាងលើ។

ឯកឧត្តមឯកអគ្គរដ្ឋទូត បានពិភាក្សាជាមួយសហគ្រាសនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ និងបានស្តាប់របាយការណ៍ការងារពាក់ព័ន្ធរបស់ក្រុមហ៊ុនចិនCRBC និងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ។ ឯកឧត្តមមានប្រសាសន៍ថា ក្រុមហ៊ុនចិនCRBC និងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ គឺជាសហគ្រាសចិនឆ្នើមតំណាងនៅក្នុងប្រទេសកម្ពុជា។ សង្ឃឹមថាសហគ្រាសនឹងបន្តធ្វើអាជីវកម្មស្របច្បាប់ ការពារសិទ្ធិផលប្រយោជន៍ស្របច្បាប់របស់និយោជិត និទានឱ្យបានល្អនូវរឿងនិទានរបស់ចិន ឆ្លើយតបយ៉ាងសកម្មចំពោះបញ្ហាប្រឈមផ្សេងៗ ដើម្បីរួមចំណែកដល់ ការកសាងសហគមន៍ វាសនារួមរវាងចិន-កម្ពុជា ប្រកបដោយអត្ថន័យយុទ្ធសាស្រ្ត។

ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ គឺជាផ្លូវល្បឿនលឿនដំបូងគេបង្អស់ក្នុងប្រទេសកម្ពុជា ដែលវិនិយោគកសាងឡើងដោយក្រុមហ៊ុនចិនCRBC មានប្រវែងសរុប១៨៧.០៥គីឡូម៉ែត្រ។ ការដ្ឋានសំខាន់ៗបានតភ្ជាប់ទាំងស្រុង គ្រោងនឹងដាក់ដំណើរសាកល្បងនៅខែកញ្ញាខាងមុខនេះ។

តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ត្រូវបានថ្នាក់ដឹកនាំទាំងពីរប្រទេសប្រសិទ្ធនាមថា ជាគម្រោងគំរូសម្រាប់ កិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងចិន-កម្ពុជា រហូតមកដល់បច្ចុប្បន្ននេះ បានទាក់ទាញសហគ្រាស ជាង១៧០ក្រុមហ៊ុនដែលមកពីប្រទេសផ្សេងៗ ចូលមកតាំងក្រុមហ៊ុន និងបានបង្កើតឱកាសការងារក្នុងស្រុកជាង៣ម៉ឺនកន្លែង។

ថ្នាក់ដឹកនាំស្ថានទូតក៏បានធ្វើដំណើរជាពិសេស ទៅកាន់ស្ថានកុងស៊ុលប្រចាំខេត្តព្រះសីហនុ ដើម្បីទៅសួរសុខទុក្ខមន្រ្តីការទូតនៅទីនោះ៕

អត្ថបទដែលជាប់ទាក់ទង