ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

CAMSOC ប្រជុំពីសេណារីយោបិទ បើកស៊ីហ្គេមឆ្នាំ២០២៣

218

ភ្នំពេញ៖ល្ងាចថ្ងៃទី៥ខែកក្កដាម្សិលម៉ិញនេះគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ឆ្នាំ២០២៣(CAMSOC)បានបើកកិច្ចប្រជុំប្រចាំសប្ដាហ៍ក្រោមការចូលរួមពីសំណាក់ឯកឧត្តមបណ្ឌិតថោង ខុនជាអនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការជាតិ CAMSOC។

អង្គប្រជុំបានេះពិភាក្សាគ្នាលម្អិតទៅលើការងាររៀបចំពិធីបិទបើកការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣។ ពិធីបើក-បិទនៃព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣គឺជាឱកាសបង្ហាញពីសក្តានុពលវប្បធម៌អរិយធម៌ដ៏រុងរឿងរបស់ជាតិហើយក៏ជាការបង្ហាញពីឥទ្ធិពលរបស់ម្ចាស់ផ្ទះកម្ពុជាទៅកាន់ឆាកអន្តរជាតិដែរ។

តាមប្រសាសន៍របស់ឯកឧត្តមបណ្ឌិត ថោង ខុន បានលើកឡើងថា វប្បធម៌ អរិយធម៌ខ្មែរ បូកជាមួយនឹងការរៀបចំបច្ចេកវិទ្យាទៀតនោះ វានឹងបង្ហាញពីភាពអស្ចារ្យ។ ដូច្នេះទស្សនទាននៃខ្លឹមសារទាំងអស់នេះ គឺខាងវប្បធម៌ និងភាគីចិនបានឯកភាពគ្នា ក្នុងការបន្ថែមនូវគុណតម្លៃបច្ចេកវិទ្យាទៅលើផ្ទាំងទស្សនីយភាពវប្បធម៌របស់យើង ក្នុងពេលពិធីបើក។
ឯកឧត្តម វ៉ាត់ ចំរើនដែលជាអគ្គលេខាធិការCAMSOC មានប្រសាសន៍ថា អ្វីដែលជាគោលការណ៍សំខាន់ ក្នុងកិច្ចប្រជុំថ្ងៃនេះ គឺឯកឧត្តមបណ្ឌិតប្រធានអង្គប្រជុំ និងខាងជំនាញវប្បធម៌រួមទាំងខាងភាគីជំនាញចិនបានពិភាក្សាគ្នាក្នុងភាពស៊ីជម្រៅលើនីតិវិធីនៃទស្សនីយភាពនីមួយៗរួចរាល់អស់ហើយ។
យើងនឹងធ្វើកិច្ចការងារទាំងនេះឲ្យបានល្អប្រសើរបន្ថែមទៀតដោយធ្វើយ៉ាងណាធ្វើឲ្យមានសុខដុមនីយកម្មជាមួយគ្នានិងបើកចំហរបេះដូងក្នុងការពង្រឹងដំណើការការងារនេះទាំង
អស់គ្នាជាពិសេសជំរុញឲ្យគ្រោងឆ្អឹងនៃពិធីបើកបិទដំណើរការដោយរលូននិងទាន់ពេលវេលា។
ឯកឧត្តមអគ្គលេខាធិការបានអះអាងទៀតថាក្រោម ការដឹកនាំរបស់ឯកឧត្តមបណ្ឌិត ថោង ខុន និងក្រោមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិ CAMSOC បានធ្វើឲ្យអ្នកជំនាញទាំងអស់គ្នាមានភាពកក់ក្តៅនិងជំរុញកិច្ចការទាំងអស់នេះបានលេចចេញជារូបរាងឡើងជាបន្តបន្ទាប់។
ហេតុនេះចាប់ពីពេលនេះរហូតដល់កម្មវិធីបើកស៊ីហ្គេម ជាផ្លូវការ នាថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣ គឺគ្រប់សមាសភាពពាក់ព័ន្ធទាំងអស់ត្រូវតែរត់ មិនអាចដើរបាននោះឡើយ ដើម្បីឆ្ពោះទៅរកការរៀបចំរួមគ្នាមួយឲ្យបានគត់មត់ និងជាក់លាក់បំផុត។

ក្នុងជំហរដ៏មោះមុតមួយនេះគឺយើងរួមគ្នាធ្វើរួមគ្នាទទួលខុសត្រូវដើម្បីធ្វើឲ្យសម្រេចនូវជោគជ័យនៃព្រឹត្តិការណ៍ស៊ីហ្គេមនិងអាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣ជាប្រវត្តិសាស្ត្រដំបូងរបស់ព្រះរាជាណាចក្រកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង