សហព័ន្ធបាញ់កាំភ្លើង រកបានម៉ូយសាងសង់ ទីលានប្រកួត
ភ្នំពេញ៖ល្ងាចថ្ងៃទី៦កក្កដាម្សិលម៉ិញនេះសហព័ន្ធកីឡាបាញ់កាំភ្លើងកម្ពុជាបានចុះអនុស្សរណៈយោគយល់គ្នាជាមួយក្រុមហ៊ុនLixinGroupដើម្បីសាងសង់ទីលានបាញ់កាំភ្លើងក្នុងគោលបំណង បម្រើដល់ការអភិវឌ្ឍកីឡាបាញ់កាំភ្លើង និងការប្រកួតទាំងថ្នាក់ជាតិនិងអន្តរជាតិ។
ពិធីចុះអនុស្សរណៈឆ្នាំ២០២២នៅរាជធានីភ្នំពេញដែលមានវត្តមានឯកឧត្តមនាយឧត្តមសេនីយ៍មៀច សុផាន់ណារដ្ឋលេខាធិការក្រសួងមហាផ្ទៃនិងជាប្រធានសហព័ន្ធកីឡាបាញ់
កាំភ្លើងកម្ពុជា និងលោក KEVIN HSU នាយកប្រតិបត្តិក្រុមហ៊ុន។
ឯកឧត្តមមៀច សុផាន់ណាបានឲ្យដឹងថាដើម្បីធានាបានដល់ការអភិវឌ្ឍកីឡាបាញ់
កាំភ្លើងការប្រកួតទាំងថ្នាក់ជាតិនិងអន្តរជាតិប្រកបដោយគុណភាពនិងស្តង់ដាសហព័ន្ធកីឡាបាញ់កាំភ្លើងកម្ពុជាបានចាប់ដៃគូជាមួយក្រុមហ៊ុនខាងលើសម្រាប់ការសាងសង់ទីលានបាញ់កាំភ្លើង។
ឯកឧត្តមប្រធានសហព័ន្ធបានបន្តថាការសាងសង់ទីលានប្រកួតបាញ់កាំភ្លើងគឺជារឿងសំខាន់និងចាំបាច់បំផុតដើម្បីអភិវឌ្ឍកីឡាបាញ់កាំភ្លើងកម្ពុជាឲ្យរីកចម្រើននិងដើរទាន់បណ្តាប្រទេសផ្សេងៗ។
ទីលានបាញ់កាំភ្លើងនេះក៏នឹងក្លាយជាហេដ្ឋារចនាសម្ព័ន្ធមួយក្នុងវិស័យកីឡានៅកម្ពុជាដែលកំពុងត្រៀមខ្លួនយ៉ាងសកម្មដើម្បីឆ្ពោះទៅរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលជាប្រវត្តិសាស្ត្រដំបូងសម្រាប់កម្ពុជា។
កិច្ចសហប្រតិបត្តិការដ៏ល្អជាមួយគ្នានេះនឹងបង្កើតអនាគតដ៏ត្រចះត្រចង់មួយសម្រាប់កីឡាបាញ់កាំភ្លើងនៅកម្ពុជា។
លោក KEVIN HSU នាយកប្រតិបត្តិក្រុមហ៊ុន Lixin Group បានឲ្យដឹងថា ទីលានបាញ់កាំភ្លើងនេះ មានទីតាំងរបស់ក្រុមហ៊ុនលីស៊ីនថ្មី ក្នុងខេត្តព្រះសីហនុ។ ទីលាននេះនឹងបម្រើដល់ការប្រកួតនិងបណ្តុះបណ្តាលក្រុមកីឡាបាញ់កាំភ្លើងជម្រើសជាតិកម្ពុជា។វាជាទីលានស្តង់ដាមួយដែលអាចប្រើប្រាស់ផ្លូវការសម្រាប់ការប្រកួតទាំងជាតិនិងអន្តរជាតិដូចជាកីឡាស៊ីហ្គេមជាដើម៕