គ្រូចំបាប់ជម្រើសជាតិកម្ពុជា ទើបតែបានទទួលមេដាយមាស អូឡាំពិកឆ្នាំ២០១២
ភ្នំពេញ៖បន្ទាប់ពីរង់ចាំអស់រយៈពេល១០ឆ្នាំទីបំផុតគ្រូបង្វឹកជម្រើសជាតិចំបាប់កម្ពុជា លោក Komeil Ghasemi ទីបំផុតបានទទួលមេដាយមាស កីឡាអូឡាំពិក ទីក្រុងឡុងដ៍ ឆ្នាំ២០១២ (2012 London Summer Olympic) ។
លោកSeyed Reza Salehi Amiriប្រធានគណៈកម្មាធិការជាតិអូឡាំពិកនៃសាធារណរដ្ឋ
អ៊ីស្លាមអ៊ីរ៉ង់ បានទទួលមេដាយមាស កីឡាចំបាប់ អូឡាំពិកទីក្រុងឡុងដ៍ ឆ្នាំ២០១២ ជំនួសអត្តពលិកជនជាតិអ៊ីរ៉ង់ លោក Komeil Ghasemi នៅទីក្រុង Lausanne កាលពីសប្តាហ៍មុន។
គឺចំពេលដែលប្រធានគណៈកម្មាធិការអូឡាំពិក របស់អ៊ីរ៉ង់ លោក Salehi Amiri និងរដ្ឋមន្ត្រីក្រសួងកីឡា និងយុវជន នៃប្រទេសអ៊ីរ៉ង់នេះ លោក Dr. Seyed Hamid Sajjadi បានទៅបំពេញទស្សនកិច្ចនៅទីក្រុងLausanneប្រទេសស្វីសសម្រាប់កិច្ចប្រជុំជាច្រើនជាមួយសហព័ន្ធកីឡាអន្តរជាតិ និងគណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC)។
នៅក្រៅកិច្ចប្រជុំIOCប្រធានគណៈកម្មាធិការអូឡាំពិករបស់អ៊ីរ៉ង់អ៊ីរ៉ង់បានទទួលមេ
ដាយមាស ដែលទន្ទឹងរង់ចាំជាយូរមកហើយ ក្នុងវិញ្ញាសាសេរី បុរស ប្រភេទទម្ងន់ ១២០គីឡូក្រាម ប្រគល់ជូនលោក Ghasemi ដែលដើមឡើយបានឈ្នះមេដាយសំរឹទ្ធប៉ុណ្ណោះ និងទើបតែសម្រេចលទ្ធផលចុងក្រោយ កាលពីឆ្នាំទៅ។
អ៊ីរ៉ង់ត្រូវបានជូនដំណឹងកាលពីឆ្នាំមុនថា គណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) បានបញ្ចប់ការស៊ើបអង្កេតសារធាតុហាមឃាត់របស់ពួកគេ លើកីឡាករចំបាប់អូឡាំពិក ២នាក់ គឺកីឡាករ Arthur Taymazov មកពីអ៊ូសបេគីស្ថាន ដែលជាម្ចាស់មេដាយមាស និងកីឡាករ Davit Modzamanashvili មកពីហ្សកហ្ស៊ី ម្ចាស់មេដាយប្រាក់។ កីឡាករ ទាំង ២ ត្រូវបានដកហូតមេដាយរបស់ពួកគេបន្ទាប់ពីធ្វើតេស្តវិជ្ជមាននិងក្រោយពីធ្វើតេស្តគំរូរបស់ពួកគេឡើងវិញម្ដងទៀត ។
ជាមួយនឹងការកើនឡើងដល់មេដាយមាសអូឡាំពិកលោកGhasemiបានក្លាយជាកីឡាករចំបាប់ដែលជោគជ័យជាងគេក្នុងប្រវត្តិសាស្ត្រអ៊ីរ៉ង់។ស្នាដៃរបស់លោកក្នុងក្បាច់ចំបាប់សេរី (freestyle wrestling) មានដូចជា៖
លើការប្រកួតកម្រិតពិភពលោក ធ្លាប់ឈ្នះ៖
-មេដាយមាស អូឡាំពិក២០១២ នៅទីក្រុង London ចក្រភពអង់គ្លេស ក្នុងប្រភេទទំងន់ ១២០គីឡូក្រាម។
-មេដាយសំរឹទ្ធ ជើងឯកពិភពលោក ឆ្នាំ២០១៤ នៅទីក្រុង Tashkent ប្រទេសអ៊ូសបេគីស្ថាន ក្នុងប្រភេទទំងន់ ១២៥គីឡូក្រាម។
-មេដាយសំរឹទ្ធិ អូឡាំពិក២០១៦ នៅទីក្រុង Rio ប្រទេសប្រេស៊ីល ក្នុងប្រភេទទំងន់ ១២៥គីឡូក្រាម។
លំដាប់ទ្វីបអាស៊ី លោកធ្លាប់ទទួលបាន៖
-មេដាយប្រាក់ ជើងឯកអាស៊ី ក្នុងនាទីក្រុង Tashkent ប្រទេសអ៊ូសបេគីស្ថាន ឆ្នាំ២០១១ ក្នុងប្រភេទទំងន់ ១២០គីឡូក្រាម។
-មេដាយមាស ជើងឯកអាស៊ីនៅ ទីក្រុង Astana ប្រទេសកាហ្សាក់ស្ថាន ឆ្នាំ២០១៤ ក្នុងប្រភេទទំងន់ ១២៥គីឡូក្រាម។
-មេដាយប្រាក់ ជើងឯកអាស៊ី នៅទីក្រុង Doha ប្រទេសកាតា ក្នុងឆ្នាំ២០១៥ ក្នុងប្រភេទទំងន់ ១២៥គីឡូក្រាម។
លោក Komeil Ghasemi បានក្លាយជាគ្រូបង្វឹកនៃក្រុមជម្រើសជាតិចំបាប់កម្ពុជា កាលពីខែសីហា ឆ្នាំ២០២១។ ស្នាដៃចាប់តាំងពីលោកចូលមកដឹកនាំក្រុមជម្រើសជាតិចំបាប់ គឺបានជួយឲ្យកម្ពុជា ឈ្នះមេដាយ ៦គ្រឿង នៅស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម ក្នុងនោះមេដាយមាស១ ប្រាក់១ និងសំរឹទ្ធ៤ ឈរនៅលេខ២ក្នុងតារាងមេដាយសរុបដែលមាន ៧ប្រទេស ចូលរួមប្រកួតលើប្រភេទកីឡានេះ៕