ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ចេញសេចក្តីជូនដំណឹង ស្តីពី បញ្ហាសេវាទូរសព្ទចល័ត សេវាអ៊ីនធឺណិត និងវិធានការដោះស្រាយ
ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២២នេះ បានចេញសេចក្តីជូនដំណឹង ស្តីពី បញ្ហាសេវាទូរសព្ទចល័ត សេវាអ៊ីនធឺណិត និងវិធានការដោះស្រាយ។ នេះបើតាមសេចក្ដីជូនដំណឹង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៨ ខែកក្កដានេះ។
សេចក្ដីជូនដំណឹង បានឲ្យដឹងថា ចាប់តាំងពីខែមេសា ឆ្នាំ២០២០ មក ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានដាក់ចេញនូវយន្តការកែទម្រង់ស៊ីជម្រៅផ្ទៃក្នុង នៅគ្រប់អង្គភាពចំណុះ និងនៅនិយ័តករទូរគមនាគមន៍កម្ពុជា (ន.ទ.ក.)។
ក្នុងការកែទម្រង់នោះ មានការរៀបចំពង្រឹងសមត្ថភាពមន្ត្រីរាជការ ការពង្រឹងការគ្រប់គ្រងហិរញ្ញវត្ថុផ្ទៃក្នុង ការពង្រឹងប្រសិទ្ធភាពនិងតម្លាភាពលើការប្រមូលចំណូល និងទារបំណុល ការអភិវឌ្ឍប្រព័ន្ធបច្ចេកវិទ្យា ឌីជីថល ការរៀបចំលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ និងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយដៃគូអភិវឌ្ឍន៍ ព្រមទាំងបានចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងកិច្ចខិតខំប្រឹងប្រែងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩។
បន្ថែមពីលើនេះ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានចាត់ទុកការការពារផលប្រយោជន៍ និងសិទ្ធិរបស់អ្នកប្រើប្រាស់ និងការពង្រឹងគុណភាពសេវាទូរគមនាគមន៍ ជាការងារអាទិភាពបំផុត ដើម្បីធានាថា អ្នកប្រើប្រាស់ទទួលបានសេវាប្រកបដោយគុណភាព និងតម្លៃសមរម្យ។
បើទោះបីជាកិច្ចខិតខំប្រឹងប្រែងទាំងនេះ ទទួលបានជោគជ័យលើផ្នែកជាច្រើន ក្នុងវិស័យទូរគមនាគមន៍ក៏ដោយ ក៏ប៉ុន្តែកិច្ចការមួយចំនួន នៅមិនទាន់កែលំអឲ្យបានល្អប្រសើរនៅឡើយ ដូចជា បញ្ហាគុណភាពសេវាទូរសព្ទចល័តនិងសេវាអ៊ីនធឺណិត៕