អាជ្ញាធរមីនកម្ពុជា៖ រយ:ពេលជាង៣០ឆ្នាំមកនេះ កម្ពុជាបានបោសសម្អាតមីនលើផ្ទៃដីជាង២ពាន់គីឡូម៉ែត្រក្រឡាហើយ
ភ្នំពេញ ៖ ថ្លែងក្នុងសន្និសីទសារព័ត៌មាន កាល ពីថ្ងៃទី០៨ កក្កដា ២០២២ នៅស្នាក់ការកណ្ដាលអាជ្ញាធរមីន ជុំវិញការអនុវត្តគម្រោង សម្តេចតេជោសម្រាប់ សកម្មភាពមីន ផ្តល់ដីមានសុវត្ថិ ភាពបង្កើតស្នាមញញឹម ក្នុងការដោះស្រាយបញ្ហាគ្រាប់មីននៅកម្ពុជា លោក ទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានមានប្រសាសន៍ថា៖ សកម្មភាព របស់អាជ្ញាធរមីនកម្ពុជា រយ:ពេលជាង៣០ ឆ្នាំមកនេះ កម្ពុជាបានបោសសម្អាតមីន លើផ្ទៃដីជាង២ ពាន់គីឡូម៉ែត្រក្រឡា ដែលអាចជួយសង្រ្គោះជីវិតរបស់ប្រជាពលរដ្ឋ ពីការស្លាប់និងពិការដោយសារគ្រាប់មីនមិនទាន់ផ្ទុះ។
មានមនុស្សមិនតិចទេ ដែលបានបាត់បង់ជីវិតដោយសារ តែការផ្ទុះគ្រាប់មីន ដូចនេះការងារបោសសម្អាតមីនគឺជាការងារមួយដែលសំខាន់ ដែលរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ចាត់ទុកថា ការងារនេះជាការងារអាទិភាពមួយក្នុងចំណោមការងារអាទិភាពផ្សេងៗទៀត សម្រាប់ប្រទេស ជាតិរបស់យើង។
លោកបានបន្តថា៖ រយ:ពេលជាង៣០ឆ្នាំមកនេះ កម្ពុជាបានបោសសម្អាតមីន លើផ្ទៃដីជាង២ពាន់គីឡូម៉ែត្រក្រឡា ដែលអាចជួយសង្រ្គោះជីវិតរបស់ប្រជាពលរដ្ឋ ពីការស្លាប់និងពិការ ដោយសារគ្រាប់មីនមិនទាន់ផ្ទុះ ហើយនឹងបន្តក្នុងការបោសសម្អាតតទៅទៀត ដើម្បីធ្វើយ៉ាងណាឱ្យកម្ពុជា ក្លាយជាប្រទេសដែលគ្មានមីននៅឆ្នាំ២០២៥។
ជាង៣០ឆ្នាំមកនេះ យើងបានបោសសម្អាតមីនលើផ្ទៃដីជាងពីរពាន់គីឡូ ម៉ែត្រក្រឡា យើងបានរកឃើញនិងកម្ទេចចោលនូវគ្រាប់មីនដែលប្រឆាំងលើគោយន្ត អ៊ីចឹងគ្រាប់មីនយើងបានរកឃើញ និងកម្ទេចចោល ជាង២៦០០០គ្រាប់ គឺច្រើនណាស់ បើយើងគិតថាមីនមួយគ្រាប់ អាចផ្តាច់ជីវិតប្រជាជនយើងមួយគ្រួសារ ហើយយើងរកឃើញ ជាង២៦០០០គ្រាប់ គឺពិតជាសមិទ្ធផលដ៏អស្ចារ្យ យើងគិតមើលថា ជីវិតប្រជាជន យើងសង្គ្រោះបានប៉ុន្មាននាក់ ហើយបើគ្រាប់មីនប្រឆាំងមនុស្សលោក គឺវាសាហាវណាស់ បើប៉ះវាគឺដាច់ដៃដាច់ជើងហើយ យើងបានរកឃើញវាជាងមួយលាន ហើយកម្ទេចវាជាងមួយលានគ្រាប់ និងសំណល់ជាតិផ្ទុះពីសង្គ្រាមផ្សេងៗទៀត ដូចជាគ្រាប់បេ និងគ្រាប់ច្រើនប្រភេទទៀត គឺជាងបីលានគ្រាប់ ដែលយើងកម្ទេចចោល អ៊ីចឹងសមិទ្ធផលដែលយើងសម្រេចបាននេះគឺ អស្ចារ្យណាស់នៅក្នុងប្រវត្តិសាស្ត្រនៃប្រទេសជាតិរបស់យើង ក្នុងការគាំពារដល់សន្តិភាពរបស់សម្តេចតេជោ ដែលលោករកបានជូនប្រជាជនរបស់យើង បញ្ចប់ទាំង ស្រុងនូវសង្គ្រាមស៊ីវិលនៅប្រទេសរបស់យើង ឆ្នាំ១៩៩៨នេះ សម្តេចជាមគ្គទេសក៍ ជាប្រតិបត្តិករជើងឯកនៃនយោបាយឈ្នះឈ្នះ បិតាសន្តិភាពរបស់យើង។
លោកបានបញ្ជាក់ថា ជាង៥០ភាគរយនៃប្រជា ពលរដ្ឋរបស់យើង បានទទួល ផលពីការងារបោសសម្អាតមីន លើផ្ទៃដីជាង២ពាន់គីឡូ ម៉ែត្រក្រឡានេះ ដីដែលរំដោះហើយ គឺប្រជាពលរដ្ឋរបស់យើងបានធ្វើស្រែចម្ការ និងធ្វើលំនៅឋានជាដើម ដូចនេះការងារបោសសម្អាតមីន គឺនាំមកនូវការអភិវឌ្ឍប្រទេស ជាតិ ចូលរួមកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ៕ . សំរិត