នាយឧត្តមសេនីយ៍ គន់ គីម ជំរុញឱ្យមន្ត្រីពាក់ព័ន្ធទាំងអស់ ខិតខំធ្វើយ៉ាងណាឈូសឆាយផ្លូវ និងដីសម្រាប់សាងសង់លំដ្ឋានដែលជាអំ ណោយរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតជូនបងប្អូនអតីតយុទ្ធជនខេត្តព្រះសីហនុ
ភ្នំពេញ ៖ លោកនាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២២នេះ បានអញ្ជើញចុះពិនិត្យទីតាំងសាងសង់ផ្ទះជូន សមាជិកអតីតយុទ្ធជននៅ ខេត្តព្រះសីហនុស្ថិតលើសម្បទានដីសង្គមកិច្ច ភូមិ១ ឃុំទំនប់រលក ស្រុកស្ទឹងហាវ។ ដោយ មានការចូលរួមពីលោក នាយឧត្តមសេនីយ៍ ភួង ស៊ីផាន រដ្ឋលេខា ធិការក្រសួងការពារជាតិ និងជាអគ្គលេខា ធិការរងសមាគមអតីតយុទ្ធជន លោកមេបញ្ជាការតំបន់ប្រតិបត្តិការសឹកខេត្តព្រះសីហនុ និងជាប្រធានសមាគមអតីតយុទ្ធជនខេត្តនិងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។
ឱកាសនោះដែរ លោកទេសរដ្ឋមន្ត្រី បានថ្លែងអំណរគុណនិងកោតសរសើរជូនចំពោះថ្នាក់ដឹកនាំខេត្តក៏ដូចជា អាជ្ញាពាក់ព័ន្ធទាំងអស់ដែលបានខិតខំដោះស្រាយជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជនយើង ជាពិសេសក្នុងការដោះស្រាយជូនបងប្អូន ដែលលំបាកខ្វះទីជម្រកស្នាក់នៅសមរម្យនាពេលនេះ ។
លោក គន់ គីម ក៏បានជំរុញឱ្យមន្ត្រីពាក់ព័ន្ធទាំងអស់ខិតខំធ្វើយ៉ាងណាឈូសឆាយផ្លូវ និងដីសម្រាប់សាងសង់លំដ្ឋាន ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតជូនបងប្អូនអតីតយុទ្ធជនខេត្តព្រះសីហនុ នាពេលខាងមុននេះដើម្បីអាច ដោះស្រាយនូវទុក្ខកង្វល់របស់បងប្អូនអតីតយុទ្ធជន អំពីបញ្ហាផ្ទះស្នាក់នៅសម្រាប់ ជីវិតចុងក្រោយរបស់ពួកគាត់ ដែលជាអ្នកបានពលិកម្មសាច់ស្រស់ឈាមស្រស់ដើម្បីបុព្វហេតុជាតិមាតុភូមិនៃយើង៕ សំរិត