ឯកឧត្ដម ហួត រិទ្ធី ៖ យុទ្ធនាការ «កម្ពុជាស្អាត កម្ពុជាប៉ៃតង» គឺជាសកម្មភាពធ្វើឲ្យលើកមុខលើកមាត់ខេត្តព្រះសីហនុ និងប្រទេសកម្ពុជាយើងទាំងមូល
ព្រះសីហនុ ៖ នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២២ នៅឆ្នេរអូរឈើទាល១ ក្រុងព្រះសីហនុ បានប្រារព្ធពិធីសម្អាតឆ្នេរក្រោមយុទ្ធនាការ «កម្ពុជាស្អាត កម្ពុជាប៉ៃតង» ក្រោមអធិបតីភាព ឯកឧត្តម ហ៊ួត រិទ្ធី អគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាតក្រសួង ទេសចរណ៍ និងលោក ឡុង ឌីម៉ង អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ និងមានការចូលរួមពីអគ្គនាយកគ្រប់គ្រងស្តីទី និងជានាយកជាន់ ខ្ពស់ផ្នែកហិរញ្ញវត្ថុរបស់ក្រុម ហ៊ុនស្រាបៀរខេមប្រ៊ូវ ព្រមទាំងមានការចូល រួមពីថ្នាក់ដឹកនាំ មន្ត្រី នៃមន្ទីរអង្គភាពក្នុងខេត្ត បងប្អូនអាជីវករ ប្រជាពលរដ្ឋយុវជន សិស្ស និស្សិតយ៉ាងច្រើនកុះករ ។
លោក ឡុង ឌីម៉ង់ អភិបាលរងខេត្ត បានមាន ប្រសាសន៍ថា ផ្អែកលើបរិបទនេះទាមទារឲ្យយើងមានការយកចិត្តទុក ដាក់ខ្ពស់ ក្នុងការពិចារណាគិតគូរឲ្យបានដិតដល់អំពីទិដ្ឋភាព សណ្តាប់ធ្នាប់ បរិស្ថាន ភាពស្អាត សន្តិសុខ សុវត្ថិភាព ការ អភិវឌ្ឍន៍ និងគ្រប់គ្រង់ទីក្រុងរបស់យើងដើម្បីផ្តល់នូវផាសុខភាព និងភាពរីករាយដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ដែលចូលមកទស្សនា និងសម្រាកកំសាន្តនៅខេត្តព្រះសីហនុ។
លោកអភិបាលរង ក៏បានបន្តទៀតថា ដើម្បីសម្រេចឲ្យបាននូវគោលដៅ និងគោលបំណងខាងលើ យើងទាំងអស់គ្នាចាំបាប់ត្រូវយកចិត្តទុកដាក់ខ្ពស់ និងមានកិច្ចសហការល្អពីគ្រប់ស្ថាប័នពាក់ ព័ន្ធគ្រប់លំដាប់ ថ្នាក់ រួមទាងម្ចាស់អាជីវកម្មសេវាកម្មទេសចរណ៍ និងប្រជាពលរដ្ឋ ជាពិសេសគឺយុវជន ដែលជាទំពាំងស្នងឬស្សី ក្នុងការឈានមុខចូលរួមចំណែកអនុវត្ត និងផ្សព្វផ្សាយបន្តទៅដល់ញាតិមិត្ត ក្រុមគ្រួសារ និងសង្គមជាតិរបស់យើងឲ្យបានកាន់តែទូលំទូលាយ។
លោក ឡុង ឌីម៉ង់ អភិបាលរងខេត្ត សូមអំពាវនាវដល់មន្ត្រីគ្រប់លំដាប់ថ្នាក់ បង ប្អូនប្រជាពលរដ្ឋ យុវជន សិស្សនិស្សិត និងវិស័យឯកជនទាំងអស់ បង្កើនកិច្ច សហការឲ្យកាន់តែល្អ និងចូលរួមគ្រប់សកម្មភាពការពារថែរក្សា លើកកម្ពស់សណ្តាប់ធ្នាប់ អនាម័យបរិស្ថាន និងសេវាកម្មសាធារណៈក្នុងទីក្រុង និងមូលដ្ឋានអាជីវកម្ម សេវាកម្មទេសចរណ៍ទាំង អស់ ឲ្យបានស្អាត និងល្អប្រសើរ។
នាឱកាសនោះ ឯកឧត្តម ហ៊ួត រិទ្ធិ បានលើកឡើងថា តាំងនាមអោយគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេចរណ៍ តែងតែកោតសរសើរនៅខេត្តតំបន់ឆ្នេរយើងនេះណាស់ ដូច នេះមិនថាតែប្រជាពលរដ្ឋកម្ពុជាទេ គឺប្រជាពលរដ្ឋទូទាំងពិភពលោក តែងតែចង់មកលេងឆ្នេរដែលស្អាត ដូច្នោះហើយសកម្មភាពដែលបានចូលរួមនេះ គឺជាសកម្មភាពធ្វើឲ្យលើកមុខលើកមាត់ខេត្តព្រះសីហនុ និងប្រទេសកម្ពុជាយើងទាំងមូល ។
ឯកឧត្តមបានបន្តទៀតថា ទាំងអស់គ្នាត្រូវគិតថា ការរើសសំរាម ការសម្ពាតឆ្នេររបស់យើងនេះ គឺចូលរួមដើម្បីប្រទេសជាតិយើងស្អាត ហើយអ្នកខ្លះតែងតែយល់ថាការរើសសំរាមខ្មាស់គេ ជាការ ងារមិនល្អ ប៉ុន្តែអ្នករើសសំរាមសុទ្ធតែជាអ្នកចូលរួមចំណែកយ៉ាងធំបំផុត ដែលធ្វើអោយឆ្នេររបស់យើងស្អាត ទីក្រុងស្អាត មានសោភ័ណ្ឌភាពល្អ ទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិមកលេងកំសាន្តផងដែរ ៕