ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ទេសរដ្ឋមន្ត្រី ញឹម វណ្ណដា គាំទ្រនិងអគុណដល់ពុទ្ធបរិសទ័ ដែលបានចូលរួមផ្នែកពុទ្ធចក្រនៅវត្តអង្គជុំ ក្នុងឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ

36

តាកែវ៖ លោក បណ្ឌិតទេសរដ្ឋមន្ត្រី ញឹម វណ្ណដា ទីប្រឹក្សារាជរដ្ឋាភិបាល បានសម្តែងសាទរចំពោះ សមិទ្ធផលខាងផ្នែកពុទ្ធចក្រនៅវត្តអង្គជុំ ស្ថិតក្នុងភូមិក្ងោកពង ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ ដែល កើតចេញពីការរួបរួមសាមគ្គីគ្នាកសាង ឡើងដោយពុទ្ធបរិស័ទជិតឆ្ងាយទុកសម្រាប់ផលប្រយោជន៍ខាងព្រះ ពុទ្ធសាសនាតរៀងទៅ។
ការសម្តែងការសាទររបស់ លោក បណ្ឌិតទេសរដ្ឋមន្ត្រី ញឹម វណ្ណដា បែបនេះធ្វើឡើងក្នុងឱកាស ដែលលោក អញ្ជើញចូលរួមក្នុងពិធីបុណ្យឆ្លងសមិទ្ធផលនានានៅវត្តអង្គជុំរួមមាន ព្រះពុទ្ធរូប កុដិព្រះគ្រូ ចៅអធិការវត្ត និងសមិទ្ធផលមួយចំនួន កាលពីព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២២ ម្សិលមិញនេះ។

លោកញឹម វណ្ណដា បានបញ្ជាក់ថា៖ វិស័យព្រះពុទ្ធសាសនានៅកម្ពុជាកំពុងមានការរីកចំរើនស្របទៅនឹង ការរីកចំរើនរបស់ប្រទេសជាតិទាំងមូលនៅលើគ្រប់វិស័យផងដែរ ហើយថា កត្តានៃការអភិវឌ្ឍរីកចំរើននេះ ក៏ដោយសាតែកត្តានៃសុខសន្តិភាពរបស់ប្រទេសជាតិផងដែរ មានន័យថា ប្រសិនបើប្រទេសជាតិគ្មានសុខ សន្តិភាពទេ គឺគ្មានឡើយការអភិវឌ្ឍ។ ដូច្នេះយើងសូមឱ្យការអភិវឌ្ឍនៅវត្តអង្គជុំនេះបន្តកើតមានតទៅ ទៀត ដើម្បីការរីកចំរើននៃវិស័យព្រះពុទ្ធសាសនានៅក្នុងមូលដ្ឋានឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវនេះ ក្រោមកិច្ចឧបត្ថម្ភគាំទ្រពីប្រជាពុទ្ធបរិស័ទជិតឆ្ងាយ ដែលជាកម្លាំងរួមដ៏ខ្លាំងក្លាមួយ។

លោកបណ្ឌិតទេសរដ្ឋមន្ត្រី ញឹម វណ្ណដា បានបន្ថែមថា សម្រាប់ព្រះរាជាណាចក្រកម្ពុជាបើ និយាយពីវិស័យសាសនា គឺយើងមានសាសនាចំរុះ ក្នុងនោះយើងមាន ព្រះពុទ្ធសាសនា ដែលជាសាសនា របស់រដ្ឋ និងដែល មានប្រជាពលរដ្ឋខ្មែរយ៉ាងច្រើនលើសលប់បំផុតបានគោរពប្រតិបត្តិ ហើយយើងក៏មាន ផងដែរនូវ ឥស្លាមសាសនា និងគ្រឹស្តសាសនាជាដើម ហើយថា នៅកម្ពុជាបើទោះបីមានសាសនាផ្សេងៗ គ្នា ក៏យើងមិនដែលមានជម្លោះខាងសាសនាឡើយ។ ផ្ទុយទៅវិញគឺមានតែការរួបរួមគ្នាពីគ្រប់សាសនា ទាំងអស់ក្នុងការការពារសន្តិភាព និងការអភិវឌ្ឍជាតិ។

ក្នុងឱកាសនេះ លោកបានចូលរួមបច្ច័យ មួយចំនួន ទុកសម្រាប់ការកសាងវត្តអង្គជុំនេះឱ្យមាន ការរីកចំរើនបន្ថែមទៀត ព្រមទាំងបានអញ្ជើញចូលរួមជាមួយបងប្អូនប្រជាពុទ្ធបរិស័ទក្នុងការរាប់បាត្រ ប្រគេនជាង ៥០អង្គផងដែរ៕ .សំរិត

អត្ថបទដែលជាប់ទាក់ទង