តុលាការខេត្តសៀមរាប ដោះលែង ស្ថាបនិកអង្គការមីន លោក អាគីរ៉ា តែអង្គការរបស់លោកនៅបន្តបិទទ្វារ
អ្នកនាំពាក្យសាលាដំបូងខេត្តសៀមរាប លោក យិន ស្រាង ប្រាប់ ថា តុលាការបានដោះលែង សហការីបីនាក់របស់អង្គការដោះមីនកម្ពុជា និងសារមន្ទីរមីនអាគីរ៉ា រួមមាន លោក អឿន យក្ស ហៅអាគីរ៉ា លោក អឿន យុន និង លោក ហ៊ាញ សុគន្ធា ឲ្យនៅក្រៅឃុំបណ្តោះអាសន្ន កាលពីថ្ងៃទី២១កញ្ញា ដោយមានការធានាពីមេធាវី ក្រោយឃុំខ្លួនជិត៣០ថ្ងៃ។
លោក អាគីរ៉ា និងបុគ្គលិកពីរនាក់ទៀត ត្រូវបាននគរបាលខេត្តសៀមរាប ឃាត់ខ្លួន បន្ទាប់ពីឆេះឃ្លាំងគ្រាប់ក្នុង បរិវេណសារមន្ទីរមីន កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨។ ក្រោយមកតុលាការខេត្តសៀមរាប បានសម្រេឃុំខ្លួនក្នុងពន្ធនាគារ ដោយចោទពីបទ រក្សាទុកអាវុធជាតិផ្ទុះដោយខុសច្បាប់ នៅក្នុងបរិវេណសារមន្ទីរ។
អាជ្ញាធរខេត្តសៀមរាប បានបិទសារមន្ទីរមីនអាគីរ៉ាជា បណ្តោះអាសន្ន ហើយកុមារកំព្រា២០នាក់ ដែលស្នាក់នៅទីនោះ ត្រូវបាយយកទៅរស់នៅផ្ទះឯកជនមួយ ដោយមានការជួយឧបត្ថម្ភពី ជនបរទេសពីរនាក់ ប៉ុន្តែកំពុងប្រឈមកង្វះអារហារ។
បើទោះជាលោកអាគីរ៉ាបាននៅក្រៅឃុំពិតមែន តែអង្គការសារមន្ទីរគ្រាប់មីន ស្ថិតក្នុងស្រុកបន្ទាយស្រី មិនទាន់បើកទ្វារឲ្យដំណើរការឡើងវិញ នៅឡើយទេ គិតមកដល់ថ្ងៃសៅរ៍នេះ។
បន្ទាប់ពីត្រូវបានដោះលែងឲ្យនៅក្រៅឃុំបណ្ដោះអាសន្ន លោកអាគីរ៉ា និង សមាជិក២នាក់ទៀតដែលជាអនុប្រធាន និងជាបុគ្គលិកអង្គការសារមន្ទីរគ្រាប់មីន បានត្រឡប់ទៅស្នាក់នៅផ្ទះរបស់ពួកគេរៀងៗខ្លួន។
បើទោះបីជាចេញមកនៅក្រៅឃុំហើយក៏ដោយ គេនៅមិនទាន់ដឹងទេថា អ្នកទាំងបី នឹងត្រូវស្ថិតនៅក្រោមការឃ្លាំមើលរបស់តុលាការ ឬក៏អត់ ខណៈដីកាបង្គាប់ឲ្យដោះលែងឲ្យនៅក្រៅឃុំបណ្ដោះអាសន្ន មិនត្រូវបានបង្ហាញឲ្យឃើញជាសាធារណៈនោះទេ។
ទន្ទឹមនឹងការបិទទ្វារ សមត្ថកិច្ចក៏នៅតែបន្តឈរជើងយាមកាមយ៉ាងតឹងរ៉ឹងនៅទីនោះដដែល។ អនាគតនៃអង្គការសារមន្ទីរគ្រាប់មីនរបស់លោក អាគីរ៉ា ថាតើនឹងបើកដំណើរការឡើងវិញឬអត់ ស្ថិតនៅក្នុងភាពស្រពេចស្រពិល៕