ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អគ្គនាយកដ្ឋានគយជូនដំណឹង ស្តីពីការអនុញ្ញាតឱ្យបង់ពន្ធនិងអាករ លើរថយន្តគ្មានពន្ធមានស្រាប់ក្នុងប្រទេសដែលនៅសេសសល់

74

 

ភ្នំពេញ៖ អគ្គនាយកដ្ឋានគយ ប្រកាសទុកពេលឱ្យម្ចាស់រថយន្តចង្កូតស្ដាំគ្មានពន្ធ ទៅចុះបញ្ជីឱ្យបានត្រឹមថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២ បើហួសរយៈពេលនេះ ត្រូវបង្ក្រាប និងរឹបអូសដោយគ្មានការលើកលែងឡើយ។

នៅថ្ងៃទី ១២ ខែកក្កដា ឆ្នាំ២០២២អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាបានចេញ សេចក្តីជូនដំណឹង (ការប្រញាប់) ស្តីពី
ការអនុញ្ញាតឱ្យបង់ពន្ធនិងអាករ លើរថយន្តគ្មានពន្ធមានស្រាប់ក្នុងប្រទេសដែលនៅសេសសល់។

អនុលោមតាមប្រសាសន៍និងការសម្រេចដ៍ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ស្តីពីការអនុគ្រោះឱ្យម្ចាស់រថយន្តចង្កូតស្ដាំគ្មានពន្ធមានស្រាប់ក្នុងប្រទេស ដែលនៅសេសសល់ចូលមកបំពេញកាតព្វកិច្ចពន្ធនិងអាករ, អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សូមជូនដំណឹងដល់ម្ចាស់រថយន្តគ្មានពន្ធមានស្រាប់ក្នុងប្រទេសជ្រាប ដូចខាងក្រោម៖

១. ម្ចាស់រថយន្តចង្កូតស្តាំ ដែលបានកក់ប្រាក់ពន្ធនិងអាកររួចតែពុំទាន់កែចង្កូត អាចមកទទួលយកបង្កាន់ដៃ ពន្ធយានយន្ត ដោយមានជម្រើសក្នុងការកែឬមិនកែចង្កូត ដើម្បីយកទៅចុះបញ្ជីធ្វើផ្លាកលេខ។

២. ម្ចាស់រថយន្តចង្កូតស្ដាំបានពន្ធដែលនៅសេសសល់ (ពុំទាន់បានកក់ប្រាក់ពន្ធនិងអាករ ត្រូវមកបង់ពន្ធនិង អាករ ឬប្រកាសស្នើសុំចុះបញ្ជីជារថយន្តចង្កូតស្ដាំគ្មានពន្ធមានស្រាប់ក្នុងប្រទេស ដើម្បីបង់ពន្ធនិងអាករ ជាក្រោយ ដោយមិនតម្រូវឱ្យកែចង្កូត នៅអង្គភាពគយនិងរដ្ឋាករដែលនៅជិតបំផុត តាមកាលបរិច្ឆេទ ដូចខាងក្រោម៖

ការស្នើសុំចុះបញ្ជីរថយន្តចង្កូតស្តាំគ្មានពន្ធមានស្រាប់ក្នុងប្រទេស នឹងត្រូវចាប់ផ្តើមពីពេលនេះ រហូតដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២។ ផុតរយៈពេលនេះ រថយន្តដែលខកខានមិនបាន ចុះបញ្ជីនឹងត្រូវចាត់ទុកជារថយន្តគ្មានស្រាប់ក្នុងប្រទេស ( ទើបរត់ពន្ធចូលមកថ្មី) និងជាមុខសញ្ញា នៃការបង្ក្រាបនិងរឹបអូស តាមបទប្បញ្ញត្តិជាធរមាន ការបង់ពន្ធនិងអាករ នឹងមានរយៈពេល ៩០ថ្ងៃ ដោយគិតចាប់ពីពេលនេះ រហូតដល់ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២២។

៣. ទន្ទឹមនេះ ម្ចាស់រថយន្តចង្កូតឆ្វេងគ្មានពន្ធមានស្រាប់ក្នុងប្រទេស ក៏អាចមកបង់ពន្ធនិងអាករចាប់ពីពេល នេះតទៅ រហូតដល់ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២២ ដោយមិនរងការពិន័យ ផងដែរ។

ការអនុវត្តគោលការណ៍អនុគ្រោះខាងលើនេះ មិនអនុវត្តចំពោះរថយន្តដែលមានឆ្នាំម៉ូដែលចាប់ពីឆ្នាំ២០២១ ឡើងឡើយ ដែលជាកម្មវត្ថុនៃការបង់ពន្ធអាករ និងទទួលរងពិន័យ តាមបទប្បញ្ញត្តិជាធរមាន។ អាស្រ័យហេតុនេះ សូមម្ចាស់រថយន្តគ្មានពន្ធទាំងអស់រួសរាន់មកចុះបញ្ជីនិងបំពេញកាតព្វកិច្ចពន្ធនិងអាករ ឱ្យបានទាន់តាមកាលបរិច្ឆេទកំណត់ដូចខាងលើ ជាកំហិត៕

អត្ថបទដែលជាប់ទាក់ទង