ប្រមុខក្រសួងកីឡាមីយ៉ាន់ម៉ា សរសើរហេដ្ឋារចនាសម្ព័ន្ធកីឡា
ភ្នំពេញ៖រដ្ឋមន្ត្រីក្រសួងកីឡានិងកិច្ចការយុវជននិងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកមីយ៉ាន់ម៉ាលោក Minn Thein Zanបានសម្ដែងការភ្ញាក់ផ្អើល និងមោទនភាព ចំពោះប្រទេសកម្ពុជា ដែលមានការអភិវឌ្ឍ និងរីកចម្រើនយ៉ាងឆាប់រហ័ស ជាក់ស្ដែងហេដ្ឋារចនាសម្ព័ន្ធកីឡាដែលមានលក្ខណៈស្ដង់ដារសម្រាប់ត្រៀមធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ។
ការលើកឡើងបែបនេះ បន្ទាប់មន្ដ្រីជាន់ខ្ពស់មីយ៉ាន់ម៉ាខាងលើ និងប្រតិភូ ជាសមាជិកក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ និងក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ានប៉ារ៉ា ១០ប្រទេសផ្សេងទៀតបានធ្វើដំណើរទស្សនកិច្ចហេដ្ឋារចនាសម្ព័ន្ធកីឡាកម្ពុជារួមមានពហុកីឡដ្ឋានជាតិ(ស្ដាតអូឡាំពិក) និងពហុកីឡដ្ឋានជាតិមរតកតេជោ។
ក្រោយបញ្ចប់ដំណើរទស្សនកិច្ចនៅពហុកីឡដ្ឋានជាតិមរតកតេជោនៅល្ងាចថ្ងៃទី១១
កក្កដាម្សិលម៉ិញលោកMinn Thein Zanបានបង្ហាញអារម្មណ៍រំភើបរីករាយជាមួយភាពរីក
ចម្រើននៃហេដ្ឋារចនាសម្ព័ន្ធកីឡារបស់កម្ពុជា មុនការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ មកដល់។
លោកបានសរសើរកម្ពុជាថាពិតជាគួរឲ្យរំភើបចិត្តចំពោះអគារដ៏ល្អកីឡដ្ឋានដ៏ស្រស់ស្អាត ទីលានបាល់ទាត់ដ៏ស្រស់ស្អាត។ កម្ពុជាមានការរីកចម្រើនច្រើន ជាប្រទេសឆ្លាតវៃ។ ខ្ញុំពិតជាមានមោទកភាពចំពោះប្រទេសរបស់នេះណាស់។
លោកបានបញ្ជាក់ថា ខ្ញុំទើបតែមកដល់កម្ពុជាលើកដំបូង។ កម្ពុជាមានការរីកចម្រើន និងរីកចម្រើនយ៉ាងច្រើនជាមួយនឹងអគារនិងទីលានប្រកួតកីឡា។កម្ពុជានឹងអាចធ្វើពិធីអបអរសាទរសម្រាប់ស៊ីហ្គេម លើកទី៣២ ដ៏អស្ចារ្យ។
យើងបានត្រៀមខ្លួនរួចរាល់ក្នុងការរៀបចំអត្តពលិកដើម្បីបញ្ជូនមកចូលរួមការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ហើយយើងកំពុងរៀបចំព្រឹត្តិការណ៍ជាច្រើនដើម្បីចូលរួមស៊ីហ្គេមនៅកម្ពុជា។
យើងកម្ពុជានិងមីយ៉ាន់ម៉ាជាប្រទេសជិតស្និទ្ធនឹងគ្នា។ដូច្នេះយើងសប្បាយចិត្តខ្លាំង
ណាស់ នៅពេលកម្ពុជាទទួលធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍នេះ។កម្ពុជាបានរង់ចាំអស់ ៦៤ឆ្នាំ ដើម្បីរៀបចំការប្រកួតស៊ីហ្គេម លើកទី៣២ នេះដែរ។ នេះហើយគឺជាអ្វីដែលយើងរីករាយ សម្រាប់ប្រទេស និងសម្រាប់ប្រជាជនកម្ពុជា។
កិច្ចប្រជុំក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ានប៉ារ៉ាលើកទី១និងក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ លើកទី២ នៅកម្ពុជា នឹងត្រូវរៀបចំរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១១ដល់១៣ ខែកក្កដា ឆ្នាំ២០២២ នេះ។ កិច្ចប្រជុំនេះ ត្រូវបានចាត់ទុកជាកិច្ចប្រជុំចុងក្រោយ ក្នុងការអនុម័តលើការងារសំខាន់ៗមួយចំនួនដូចជាការកំណត់ប្រភេទកីឡាការលក់សិទ្ធិផ្សព្វផ្សាយ (ទូរទស្សន៍) និងការកែសម្រួលធម្មនុញ្ញសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ជាដើម ដែលមានប្រតិភូ និងភ្ញៀវអន្ដរជាតិមកពីបណ្ដាសមាជិកចូលរួមសរុបប្រមាណ ២០០នាក់៕