លិខិតរំលែកមរណទុក្ខ ជូនឯកឧត្តម ស៊ីនហ្សូ អាបេ អតីតនាយករដ្ឋមន្ត្រីជប៉ុន
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានចេញលិខិតរំលែកមរណទុក្ខ គោរពជូនឯកឧត្តម Masahiro MIKAMI ឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមឯកអគ្គរាជទូត ជាទីគោរពរាប់អានដ៏ជ្រាលជ្រៅ។
ក្នុងនាមក្រុមប្រឹក្សា គណៈអភិបាល មន្ត្រីរាជការ កងកម្លាំង និងប្រជាពលរដ្ឋទាំងអស់ក្នុងរាជធានីភ្នំពេញ យើងខ្ញុំទាំងអស់គ្ន មានក្តីរន្ធត់ចិត្តឥតឧបមា និងមានសេចក្តីក្រៀមក្រំជាពន់ពេក រកអ្វីប្រៀបផ្ទឹមពុំបាន ដោយបានទទួលព័ត៌មានថា ឯកឧត្តម ស៊ីនហ្សូ អាបេ អតីតនាយករដ្ឋមន្ត្រីជប៉ុន បានទទួលមរណភាព កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២២ ក្នុងជន្មាយុ ៦៧ ឆ្នាំ នៅ ប្រទេសជប៉ុន ប្រកបដោយការសោកស្តាយស្រណោះអាឡោះអាល័យជាទីបំផុត។
មរណភាពរបស់ ឯកឧត្តម ស៊ីនហ្សូ អារប គឺជាការបាត់បង់នូវអ្នកស្នេហាជាតិដ៏ឧត្តមមួយរូបរបស់ប្រទេសជប៉ុន និងជា ការបាត់បង់ឥស្សរជនជាន់ខ្ពស់ដ៏ឆ្នើម ស្ថិតក្នុងក្រអៅបេះដូងរបស់ប្រជាជនជប៉ុន ដែលក្នុងអាណត្តិដឹកនាំកន្លងមក ឯកឧត្តម ស៊ីនហ្សូ អាបេ បានចូលរួមចំណែកយ៉ាងសកម្មក្នុងការថែរក្សាសន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់ និងពិភពលោក ជាពិសេសការដើរតួនាទីយ៉ាងសំខាន់ ក្នុងការពង្រឹង និងពង្រីកកម្រិតទំនាក់ទំនងទ្វេភាគី កម្ពុជា-ជប៉ុន រហូតឈានដល់ភាព ជាដៃគូយុទ្ធសាស្ត្រ ហើយតាមរយៈភាពជាដៃគូដ៏រឹងមាំនេះ រាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា បានទទួលផ្លែផ្កាជា សមិទ្ធផលក្នុងគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តសំខាន់ជាច្រើន ក្រោមការសម្របសម្រួលរបស់ស្ថានទូតជប៉ុន និង ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា (JICA) ។
ស្ថិតក្នុងក្តីវិយោគដ៏សែនសោកសងងខ្សឹកខ្សួលរំជួលចិត្តឥតឧបមានេះ យើងខ្ញុំទាំងអស់គ្នា សូមចូលរួមរំលែកទុក្ខយ៉ាង ក្រៀមក្រំបំផុតជាមួយប្រជាជនជប៉ុន និងក្រុមគ្រួសារនៃសព ព្រមទាំងសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធរបស់ ឯកឧត្តម ស៊ីនហ្សូ អាប បានទៅកាន់សុគតិភពគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ។