ប្រធានសហព័ន្ធកីឡាអាស៊ាន ប្ដេជ្ញាសម្រេចឲ្យ បាននូវកាតព្វកិច្ចសំខាន់៣
ភ្នំពេញ៖អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ (CAMSOC) ឯកឧត្ដមបណ្ឌិត ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ (SEAGF Council) លើកទី២ នៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញនាថ្ងៃទី១៣ខែកក្កដាឆ្នាំ២០២២បានធ្វើការប្ដេជ្ញាចិត្តសម្រេចឲ្យបាននូវកាតព្វកិច្ចសំខាន់ៗចំនួន៣ក្នុងភាពជាអ្នកដឹកនាំគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម-ប៉ារ៉ាហ្គេម។
ឯកឧត្ដមបណ្ឌិតបានប្ដេជ្ញាចិត្តក្នុងនាមជាប្រធានក្រុមប្រឹក្សាដែលត្រូវដឹកនាំចលនាអូឡាំពិកក្នុងតំបន់អាស៊ីអាគ្នេយ៍ប្រចាំឆ្នាំ២០២២-២០២៣គោរពតាមធម្មនុញ្ញសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ ធម្មនុញ្ញអូឡាំពិកអន្តរជាតិ ស្មារតីកីឡា និងគោលការណ៍«កីឡាស្អាតស្អំ-កីឡាបៃតង (Clean Sport – Green Sport) ឲ្យបានខ្ជាប់ខ្ជួន កាន់តែពិសេសនោះឯកឧត្ដមបណ្ឌិតនឹងខិតខំសម្រេចកាតព្វកិច្ចសំខាន់ៗចំនួន៣ដូចខាងក្រោមក្នុងភាពជាអ្នកដឹកសម្រាប់អាណត្តិរបស់ឯកឧត្តម។
១/រៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ឆ្នាំ២០២៣ឲ្យទទួលបានជោគជ័យត្រចះត្រចង់។
២/រក្សានិរន្តភាពចលនាអូឡាំពិកតំបន់ ដោយកំណត់គណៈកម្មាធិការជាតិអូឡាំពិក ត្រូវធ្វើម្ចាស់ផ្ទះរៀបចំការប្រកួតកីឡា ស៊ីហ្គេម ឲ្យបាន៣លើកជាបន្តបន្ទាប់។
៣/រក្សាបានឯកភាព សាមគ្គីភាព មិត្តភាព និងសុខដុមនីយកម្មការងារចលនាអូឡាំពិក ក្នុងរង្វង់សមាជិកក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍។
កិច្ចប្រជុំក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ានប៉ារ៉ា (APSF Coordination Meeting) និងក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ (SEAGF Council Meeting) បានចាប់ដំណើរការពីថ្ងៃទី១១ដល់ថ្ងៃទី១៣ខែកក្កដាឆ្នាំ២០២២នៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ៕