ទាហានផ្កាយ២ម្នាក់បាញ់៣គ្រាប់បង្អើលក្រុមក្មេងទំនើងផឹកស៊ីឈ្លោះគ្នា និងត្រូវក្មេងស្ទាវកាប់ឲ្យគាត់រងរបួស
ភ្នំពេញ៖ទាហានផ្កាយ២ម្នាក់បាញ់ចំនួន៣គ្រាប់នៅយប់ ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៨នេះ នាបុរីចាន់សម្បត្តិ ភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ផ្ដើមចេញពីក្រុមក្មេងទំនើងផឹកស៊ីឈ្លោះគ្នា ហើយពលរដ្ឋចូលទៅឃាត់តែក្មេងទំនើងមិនស្ដាប់ ក៏សម្រេចចិត្តផ្ទុះអាវុធតែម្ដងខណះនោះក៏ត្រូវក្មេងទំនើងកាប់ឱ្យរងរបួស។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា អ្នកបាញ់កាំភ្លើងចំនួន៣គ្រាប់ ដើម្បីបំបែកសកម្មភាពឈ្លោះគ្នានេះ មានឈ្មោះ អ៊ឹម សុថា ជាមន្ដ្រីយោធា ឋានន្ដរស័ក្ដិថ្នាក់ឧត្តមសេនីយ៍ទោ (ផ្កាយ២) អាយុ៤៨ឆ្នាំ។
សមត្ថកិច្ចបានបញ្ជាក់ទៀតថា៖មូលហេតុដែលនាំឲ្យមានការផ្ទុះអាវុធនេះ គឺផ្ដើមចេញពីក្រុមក្មេងទំនើងមួយក្រុមបានផឹកស៊ី ស្រាប់តែឈ្លោះគ្នា ពេលនោះមន្ដ្រីយោធាខាងលើ បានចូលទៅឃាត់កុំឲ្យឈ្លោះគ្នា តែក្រុមក្មេងទំនើងទាំងនោះមិនស្ដាប់ បែរជាទាញកាំបិតកាប់មន្ដ្រីយោធាបណ្ដាលឲ្យរងរបួសដៃ ភ្លាមនោះជនរងគ្រោះជាមន្ដ្រីយោធា បានបង្ខំចិត្តដកកាំភ្លើងម៉ាក រ៉ូឡូ នៅចង្កេះបាញ់ឡើងលើចំនួន៣គ្រាប់ ដើម្បីបំបែកតែម្ដង តែមិនបណ្ដាលឲ្យត្រូវពលរដ្ឋណាម្នាក់ឡើយ។
ក្រោយកើតហេតុទាំងកម្លាំងនគរបាល និងកម្លាំងអាវុធហត្ថ បានចុះទៅដល់កន្លែងកើតហេតុភ្លាមៗ ដើម្បីធ្វើអន្ដរាគមន៍ និងបានដកហូតកាំភ្លើងរបស់លោកឧត្តមសេនីយ៍យោធាជាបណ្ដោះអាសន្ន ដើម្បីចាត់ការបន្ដតាមនីតិវិធីផងដែរ៕