ពហុកីឡដ្ឋានមរតកតេជោ ក្នុងក្រសែរភ្នែក មេដឹកនាំកីឡាអាស៊ាន
ភ្នំពេញ៖ប្រតិភូដែលជាមេដឹកនាំកីឡានៃបណ្ដាប្រទេសសមាជិកក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍សុទ្ធតែបានភ្ញាក់ផ្អើលនិងស្ងើចសរសើរចំពោះភាពរីកចម្រើនរបស់ប្រទេសកម្ពុជាទាំងមូលក្នុងនោះក៏មានហេដ្ឋារចនាសម្ព័ន្ធកីឡាផងដែរ។ជាពិសេសពហុកីឡដ្ឋានជាតិមរតកតេជោដែលបណ្ដាប្រទេសអាស៊ានទាំងអស់បានចាត់ទុកពហុកីឡដ្ឋានដ៏ទំនើបនេះគឺជារបត់ថ្មី
មួយរបស់ចលនាកីឡាក្នុងតំបន់។
នេះបើតាមការបញ្ជាក់របស់ឯកឧត្តមវ៉ាត់ចំរើនអគ្គលេខាធិការនៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ក្រោយបញ្ចប់កិច្ចប្រជុំថ្ងៃទី៣ នៃក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ ដែលដឹកនាំដោយឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍និងជាប្រធានក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍នៅថ្ងៃទី១៣
ខែកក្កដា ឆ្នាំ២០២២ នៅសណ្ឋាគារសុខា។
ឯកឧត្តមអគ្គលេខាធិការមានប្រសាសន៍ថាអ្វីដែលគេភ្ញាក់ផ្អើលគឺហេដ្ឋារចនាសម្ព័ន្ធកីឡាពិសេសពហុកីឡដ្ឋានជាតិមរតកតេជោដែលគេឲ្យរហស្សនាមថាជារបត់ថ្មីមួយរបស់ចលនាកីឡា
ក្នុងតំបន់។
ការកសាងនូវហេដ្ឋារចនាសម្ព័ន្ធកីឡាមួយប្រភេទ ដែលលេចធ្លោក្នុងសម័យកាលថ្មី ក្នុងភាពទំនើបថ្មី និងមានលក្ខណៈគ្រប់ជ្រុងជ្រោយ ក្នុងការធ្វើឲ្យភាពលេចធ្លោ និងភាពអស្ចារ្យ នៃពហុកីឡដ្ឋានជាតិមរតកតេជោនេះ។ គេបានធ្វើការកោតសរសើរ និងសង្ឃឹមថា កីឡាកម្ពុជា បន្ទាប់ពីស៊ីហ្គេម និងមានហេដ្ឋារចនាសម្ព័ន្ធទាំងអស់នេះ កម្ពុជានឹងក្លាយជាប្រទេសមានសក្ដានុពលផ្នែកវិស័យកីឡាក្នុងតំបន់ និងទ្វីបនាថ្ងៃអនាគត។
ឯកឧត្តម បន្ដថា ៖«ការធ្វើឲ្យប្រតិភូទាំងអស់ មានការចាប់អារម្មណ៍ខ្ពស់ និងផ្ដល់នូវមនោសញ្ចេតនាកោតសរសើរដល់កម្ពុជា ក្នុងការត្រៀមធ្វើម្ចាស់ផ្ទះ និងទទួលគេពេលនេះគឺជាការស្អំនូវសតិអារម្មណ៍និងផ្ដល់នូវជំនឿទុកចិត្តប្រទេសទាំងអស់ថា កម្ពុជា បានរៀបចំទទួលបដិសណ្ឋារកិច្ចក្នុងកិច្ចប្រជុំនេះបានល្អ ហើយសង្ឃឹមថា កម្ពុជានឹងធ្វើបានកាន់តែល្អនៅក្នុងការរៀបចំការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣»។
កិច្ចប្រជុំក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ានប៉ារ៉ាលើកទី១និងក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ លើកទី២ នៅកម្ពុជា បានដំណើរការជោគជ័យយ៉ាងត្រចះត្រចង់។ ពិសេសទទួលបានការកោតសរសើរមិនដាច់មាត់ពីប្រតិភូប្រទេសសមាជិកទាំងអស់។
មន្ដ្រីជាន់ខ្ពស់របស់ប្រទេស មីយ៉ាន់ម៉ា ថៃ ហ្វីលីពីន សិង្ហបុរី ព្រុយណេ និងម៉ាឡេស៊ី សុទ្ធតែបានសម្ដែងការភ្ញាក់ផ្អើល ចំពោះការត្រៀមខ្លួនបានយ៉ាងល្អ និងរួចរាល់របស់កម្ពុជា សម្រាប់ធ្វើម្ចាស់ផ្ទះលើកដំបូង នៃការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣៕