ហែលទឹកកំណត់៤ប្រភេទ សម្រាប់ស៊ីហ្គេម២០២៣
ភ្នំពេញ៖សហព័ន្ធកីឡាហែលទឹកត្រូវបានកំណត់លើ៤ប្រភេទ ដូចជាហែលទឹក (Swimming) លោតទឹក (Diving) បាល់ទឹក (Water Polo) និងហែលពាក់ជើងទា (Fin Swimming) បន្ទាប់ពីសម្រេចជាគោលការណ៍នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ ដែលកម្ពុជាបានបញ្ចប់នោះ។
លោកហែមគីរីអគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹកនៅក្នុងឱកាសបិទវគ្គបណ្តុះបណ្តាលគ្រូបង្វឹកកីឡាហែលទឹកកម្រិត២ ដែលទើបតែបញ្ចប់នោះ។
ជាមួយនឹងការកំណត់៤ប្រភេទនៃកីឡាហែលទឹកបែបនេះ លោក ហែម គីរី អះអាងថា សហព័ន្ធមានការងារជាច្រើន ដែលត្រូវធ្វើក្នុងពេលកម្ពុជាទទួលរៀបចំធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម ឆ្នាំ២០២៣ ដោយនៅសល់ពេល ប្រមាណ១០ខែទៀតប៉ុណ្ណោះនឹងដល់ស៊ីហ្គេម។
លោកអគ្គលេខាធិការបានស្នើឲ្យគ្រូបង្វឹកចំនួន២២នាក់ដែលបានបញ្ចប់វគ្គបណ្តុះ
បណ្តាលកម្រិត២នេះខិតខំប្រឹងប្រែងទាំងអស់គ្នាហើយគប្បីយកចំណេះដឹងដែលទទួលបានពីគ្រូឧទ្ទេសកម្រិតអន្តរជាតិ ទៅជួយជ្រោមជ្រែងសហព័ន្ធខ្មែរកីឡាហែលទឹកឲ្យបានខ្លាំងក្លា ដើម្បីរួមគ្នាសម្រេចនូវកិច្ចការចម្បងរបស់ជាតិទាំងអស់គ្នា។
លោកមានប្រសាសន៍ថាយើងមិនដែលធ្វើម្ចាស់ផ្ទះស៊ីហ្គេមនោះទេដូច្នេះភារកិច្ចនេះ គឺជាកិត្តិយស និងជាមោទកភាពជាតិយើងទាំងមូល។ យើងត្រូវខិតខំរួមគ្នាឲ្យបានល្អ ជាមួយនឹងការបង្ហាញទៅកាន់ឆាកអន្តរជាតិ និងបណ្តាប្រទេសអាស៊ីអាគ្នេយ៍ទាំងអស់គ្នាថា កម្ពុជាពិតជាអាចធ្វើបាន។
តាមរយៈវគ្គបណ្តុះបណ្តាលគ្រូបង្វឹកកម្រិត២នេះលោកបានចាត់ទុកថាគឺជាការខិតខំ
ប្រឹងប្រែងយ៉ាងមោះមុតរបស់ថ្នាក់ដឹកនាំសហព័ន្ធ ជាពិសេសឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុលប្រធានសហព័ន្ធនិងការសម្របសម្រួលផ្តល់គ្រូឧទ្ទេសអន្តរជាតិពីសហព័ន្ធកីឡាហែលទឹកអន្តរជាតិ (FINA) ក្រោមការគាំទ្រថវិកាពីក្រសួងអប់រំ យុវជន និងកីឡា។ លោកសង្ឃឹមថា គ្រូបង្វឹកទាំងអស់នឹងយកចំណេះដឹងថ្មីៗនេះទៅអភិវឌ្ឍសមត្ថភាពផ្ទាល់ខ្លួន និងជួយពង្រឹងកីឡាករកីឡាការិនីហែលទឹកឲ្យមានគុណភាពល្អៗសម្រាប់ថ្ងៃខាងមុខផងដែរ។
ពិធីបិទវគ្គបណ្តុះបណ្តាល គ្រូបង្វឹកកីឡាហែលទឹកកម្រិត២ (FINA Swimming Coaches Certification Course-Coach Level2) ត្រូវបានប្រារព្ធឡើងក្រោមវត្តមាន លោក ហែម ចាន់លី អនុប្រធានសហព័ន្ធខ្មែរកីឡាហែលទឹក។ វគ្គសិក្សានេះ ផ្តោតសំខាន់លើការត្រួតពិនិត្យ និងរៀបចំអំពីផែនការហ្វឹកហាត់ បញ្ជាក់អំពីកាលវិភាគនៃការសិក្សាវគ្គបណ្តុះបណ្តាល ការរៀបចំខ្លួនក្នុងនាមជាគ្រូបង្វឹក សិក្សាស្វែងយល់អំពីកាយសិរីសាស្រ្ត និងសរីរវិទ្យា (ធាតុផ្សំនៅក្នុងរូបរាងកាយរបស់មនុស្ស)សិក្សាអំពីវិទ្យាសាស្រ្តកីឡានៅក្នុងប្រភេទកីឡា
ហែលទឹក,ការពិនិត្យលើទីលានហ្វឹកហាត់និងអាងហែលទឹក,ការប្រមូលទិន្នន័យឱ្យបានគ្រប់ជ្រុងជ្រោយ, ការពិនិត្យលើការអភិវឌ្ឍរបស់កីឡាករ កីឡាការិនីតាមកម្រិតអាយុជាដើម៕