ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស្ថានទូត​ជប៉ុន​​ថ្លែងអំណរគុណ ដោយស្មោះអស់ពីដួងចិត្ត ចំពោះទឹកចិត្តពលរដ្ឋ​កម្ពុជា​ លេីប្រទេសនិងជនជាតិជប៉ុន

147

ភ្នំពេញ ៖​ នាឱកាសដ៏សោកសង្រេងចំពោះការបាត់បង់អតីតនាយករដ្ឋមន្រ្តីជប៉ុន អាបេ ស៊ីនហ្សូ ប្រជាជនកម្ពុជាជាច្រើន រួមមានសមាជិករាជវង្សានុវង្ស ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ស្ថាប័ននានា ព្រមទាំងសាធារណជនទូទៅបានចូលរួមគោរពវិញ្ញាក្ខន្ធ និងសរសេរសាររំលែកទុក្ខនៅស្ថានទូតជប៉ុនក្នុងសប្តាហ៍នេះ។

យើងខ្ញុំ ក៏បានទទួលសាររំលែកទុក្ខជាច្រើនឥតគណនាផងដែរ។

យើងខ្ញុំ សូមថ្លែងអំណរគុណដោយស្មោះអស់ពីដួងចិត្ត ចំពោះទឹកចិត្ត និងកាយវិការដ៏កក់ក្តៅដល់ប្រទេស និងប្រជាជនជប៉ុន ក្នុងខណៈពេលដ៏លំបាកនេះ។ យើងខ្ញុំទទួលបាននូវការរំលឹកអំពីចំណងមិត្តភាពដ៏រឹងមាំរវាងកម្ពុជា និងជប៉ុនសាជាថ្មីម្តងទៀត។

ជាក់ស្តែង អតីតនាយករដ្ឋមន្រ្តី អាបេ បានបម្រើការងារជានាយករដ្ឋមន្រ្តី ២អាណត្តិ ហើយឯកឧត្តមបានត្រួសត្រាយផ្លូវក្នុងការពង្រឹងទំនាក់ទំនងរវាងរវាងកម្ពុជា និងជប៉ុនតាមរយៈ កិច្ចប្រជុំកំពូល និងការបង្កើតគោលនយោបាយការបរទេសនានា។ នៅឆ្នាំ២០១៣ ឯកឧត្តម បានធ្វើទស្សនកិច្ចផ្លូវការមកកាន់កម្ពុជា។

នាឆ្នាំដដែលនោះ ដែលជាខួបអនុស្សាវរីយ៍លើកទី៦០នៃទំនាក់ទំនងការទូតរវាងជប៉ុន និងកម្ពុជា សមេ្តចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានធ្វើទស្សនកិច្ចទៅកាន់ប្រទេសជប៉ុន ពេលនោះ ឯកឧត្តម អាបេ និងសម្តេចតេជោ បានរួមគ្នាជម្រុញទំនាក់ទំនងទ្វេភាគីនេះ ឈានដល់ភាពជាដៃគូយុទ្ធសាស្រ្ត។

ក្នុងខណៈពេលដែលយើងខ្ញុំកំពុងមានការតក់ស្លុត និងសោកសង្រេងចំពោះសោកនាថកម្មនេះ យើងខ្ញុំបានទទួលការលើកទឹកចិត្តដ៏ពិតប្រាកដតាមរយៈសារនានារបស់ប្រជាជនកម្ពុជា។
ស្ថានទូតជប៉ុន នឹងបន្តកិច្ចខិតខំប្រឹងប្រែងជានិច្ច ដើម្បីពង្រឹងទំនាក់ទំនងកម្ពុជា-ជប៉ុន កាន់តែរឹងមាំថែមទៀត។

យើងខ្ញុំ សូមបួងសូង សូមវិញ្ញាណក្ខន្ធ ឯកឧត្តម អាបេ បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

អត្ថបទដែលជាប់ទាក់ទង