ឯកឧត្តម គួច ចំរើន អញ្ជើញចុះពិនិត្យប្រព័ន្ធអូរប្រឡាយក្នុងភូមិសាស្ត្រសង្កាត់លេខ៤ ក្រុងព្រះសីហនុ
ព្រះសីហនុ៖ នាព្រឹកថ្ងៃពុធ ៧រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹង ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាល ខេត្តព្រះសីហនុ បានអញ្ជើញចុះពិនិត្យការកែលម្អស្ពានដែលស្ថិតនៅផ្លូវ៨១៨៨ ក្នុងគម្រោង ឆ្នាំ២០២៣ ស្ថិតក្នុងភូមិ៤ សង្កាត់លេខ៤ និងអូរប្រឡាយក្នុងភូមិសាស្ត្រសង្កាត់លេខ៤ ក្រុងព្រះសីហនុ។
ក្នុងការចុះពិនិត្យប្រព័ន្ធអូរប្រឡាយក្នុងភូមិសាស្ត្រសង្កាត់លេខ៤ ក្នុងក្រុងព្រះសីហនុ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានធ្វើការណែនាំដល់អាជ្ញាធរក្រុង មន្ទីរជំនាញពាក់ព័ន្ធបន្តការយកចិត្តទុកដាក់តាមដានបន្ថែមទៀត ពិសេសត្រូវចុះពិនិត្យតាម ដានជាប្រចាំនៅពេលមានភ្លៀង ដើម្បីងាយស្រួលកំណត់ថា តើអូរប្រឡាយណាមួយ ដែលធ្វើឱ្យប៉ះពាល់ដល់លំហូរទឹកភ្លៀងហូរធ្លាក់ចូលទៅអាងច្រោះ ១៦ហិកតា នៅចុងអូរឈើ ទាល ដើម្បីយើងធ្វើការកាយ ស្តារជាឱ្យបានជ្រៅ និងធំទៅតាមនិយាមការអូរប្រឡាយក្នុង ភូមិសាស្ត្រក្រុងរបស់យើង។
ក្នុងឱកាសនោះឯកឧត្តម អភិបាលខេត្ត ក៏បានកោតសរសើរអាជ្ញាធរក្រុង និងមន្ទីរពាក់ព័ន្ធដែលបានយកចិត្តទុកដាក់បំពេញតួនាទី ភារកិច្ចរបស់ខ្លួនបានល្អ ទោះបីនៅមានការចន្លោះប្រហោង តែយើងត្រូវរួមគ្នាបន្តទៀត ដើម្បីដោះស្រាយនូវជំនន់ ទឹកភ្លៀងឱ្យបានទាន់ពេលវេលា ឱ្យក្រុងព្រះសីហនុរបស់យើងមានសោភណភាព អនាម័យកាន់តែល្អ ប្រសើរ និងជាទីក្រុងទេសចរណ៍នៅភាគ និរតី បម្រើឱ្យភ្ញៀវទេសចរជាតិ និងអន្តរ ជាតិ និងអ្នកវិនិយោគនាពេលខាងមុខ៕