ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អ្នកតវ៉ាថា ទាល់តែជួបប្រទះដូចពួកខ្ញុំ អាមេរិក គឺអយុត្តិធម៌បំផុត

135


ភ្នំពេញ៖ ការតវ៉ារបស់អតីតបុគ្គលិករបស់ស្ថានទូតអាមេរិក ត្រូវបានបញ្ចប់ត្រឹមម៉ោង១១ព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨ ដោយទាមទារ៧ចំណុច គឺទាមទារយុត្តិធម៌ ទារប្រាក់ខែសំណង ប្តឹងសងសំណងជំងឺចិត្ត និងប្តឹងពីបទរំលោភសិទ្ធិបុគ្គល ។
ក្នុងការតវ៉ានោះ តំណាងបុគ្គលិកស្ថានទូត បានអះអាងថា អ្នកដែលអត់មានការជួបប្រទះ ភាពអយុត្តិធម៌ ក្នុងស្ថានទូតអាមេរិក អត់សូវឈឺចាប់ទេ ថាអាមេរិកយុត្តិធម៌ណាស់ តែបើជួបប្រទះ ខ្ញុំថាអាមេរិក គឺអយុត្តិធម៌បំផុត។

ពួកគាត់ បានដាក់ញត្តិជូនស្ថានទូតអាមេរិក រួចរាល់ហើយ ដោយទាមទារ៧ចំណុច ១៖ ទាមទាររកយុត្តិធម៌ ពីការបញ្ឈប់ពួកគាត់ដោយបង្ខំ និងមិនបង្ហាញភស្តុតាង។ ២៖ ទាមទារកែពាក្យពីការបណ្តេញចេញ មកជាការកាត់បន្ថយបុគ្គលិកវិញ។ ៣៖ ទាមទារសំណង៦ខែ ទៅតាមច្បាប់កាត់បន្ថយបុគ្គលិក។ ៤៖ សូមប្តឹងពីបទរំលោភសិទ្ធិបុគ្គលិក ដោយដកហូតយកទូរស័ព្ទ ទៅឆែកមើលគ្រប់រូបភាព និងឯកសារផ្សេងៗ ព្រមទាំងរឹបអូសយកទូរសព្ទ័ពួកគាត់ មួយចំនួនទៅរក្សាទុកមួយរយៈពេល ។ ៥៖ សូមឲ្យទូទាត់លុយមូលនិធិឧបត្ថម្ភ (ប្រាក់១២ភាពរយ) ក្នុងខែនេះ ព្រមទាំង៣ខែកន្លងមក ដែលមិនទាន់ទូទាត់ឲ្យពួកគាត់។ ៦៖ សូមទារសំណងជំងឺចិត្ត ទៅលើការបង្ខូចកេរ្តិ៍ឈ្មោះ និងកិតិ្តយស ដោយចោទប្រកាន់គ្មានភស្តុតាង និង៧៖ សូមឲ្យសហគមបុគ្គលិកខ្មែរមានសិទ្ធិ ចូលរួមដោះស្រាយពីបញ្ហា ការបញ្ឈប់បុគ្គលិកខ្មែរ ដែលមានភាពយុត្តិធម៌ និងត្រឹមត្រូវតាមច្បាប់ការងារ។

ការតវ៉ាពេញមួយព្រឹកចាប់ពីម៉ោង៨ ដល់ម៉ោង១១ព្រឹកនេះ ក្រុមអ្នកតវ៉ាបានឈរកាត់បដាជាអក្សរខ្មែរ និងអង់គ្លេស មានរូបថតសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងលោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក ដើម្បីបង្ហាញពីភាពអយុត្តិធម៌ និងស្នើសុំឲ្យប្រមុខដឹកនាំ នៃប្រទេសទាំង២ ជួយអន្តរាគមន៍ដោះស្រាយឲ្យបានសមស្រប។

“Donal Trump SOS ឬ យើងស្វែងយកជំនួយ និងភាពយុត្តិធម៌ពីលោកប្រធានាធិបតី ដូណាល់ត្រាំ” នេះជាខ្លឹមសារដែលក្រុមអ្នកតវ៉ា ជាអតីតបុគ្គលិករបស់ស្ថានទូតអាមេរិកទាំង៣២នាក់ ឈរកាន់បដា និងស្រែកតាមឧបករណ៍បំពងសំឡេង នៅមុខស្ថានទូតអាមេរិកប្រចាំកម្ពុជា នៅព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨នេះ ដើម្បីសុំកិច្ចអន្តរាគមន៍ ពីលោកប្រធានាធិតីអាមេរិក ជួយរកយុត្តិធម៌ជូនពួកគាត់ ដែលទទួលរងនូវការបណ្តេញពីការងារយ៉ាងអយុត្តិធម៌បំផុតនោះ។

តំណាងអ្នកតវ៉ាដែលជាអតីតបុគ្គលិកស្ថានទូតសហរដ្ឋអាមេរិក បាននិយាយថា ពួកគាត់ទាំងអស់គ្នា បានធ្វើការនៅស្ថានទូតអាមេរិក ចាប់ពីជាង៥ឆ្នាំ ដល់ជិត២០ឆ្នាំ ហើយត្រូវបានស្ថានទូត បញ្ឈប់ពីការងារ ដោយគ្មានការដោះស្រាយ ទើបឈានដល់ការធ្វើតវ៉ា ដោយអហិង្សានៅពេលនេះ។ ពួកគាត់នឹងបន្តធ្វើការតវ៉ា រហូតដល់មានដំណោះស្រាយ និងសំណងសមរម្យ។

លោក ឡុង សេងគឹមហុង ធ្វើការនៅស្ថានទូតអាមេរិកជិត២០ឆ្នាំ បានថ្លែងថា “ខ្ញុំជឿថា អាមេរិកជាប្រទេសប្រជាធិបតេយ្យ និងជឿថាឯកឧត្តមឯកអគ្គរដ្ឋទូត នឹងរកយុត្តិធម៌ឲ្យយើងខ្ញុំ ប៉ុន្តែគាត់អត់បាននិយាយអវីទាំងអស់ យើងចាំចំនួន៣ខែឲ្យគាត់ (លោក William A. Heidt) ឆ្លើយ សូម្បីតែព័ត៌មានក៏អត់ដែរ។ ដោយយើងមិនសង្ឃឹមតទៅទៀត ចំពោះស្ថានទូតអាមេរិក ដែលជាប្រទេសប្រជាធិបតេយ្យ និងគោរពច្បាប់ តែបែរជាមករំលោភច្បាប់​នៅស្រុកខ្មែរ ទើបយើងខ្ញុំដាក់ញត្តិទៅក្រសួងការបទេស ក្រសួងការងារ និងខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន ដើម្បីឲ្យជួយរកយុត្តិធម៌”។

ក្រុមបាតុកម្មដោយអហិង្សា របស់អតីតបុគ្គលិករបស់ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា បានស្រែកយំ សុំរកកិច្ចអន្ដរាគមន៍ពីប្រមុខ នៃរាជរដ្ឋាភិបាលកម្ពុជាសម្ដេចតេជោ ហ៊ុន សែន ក៏ដូចជា ការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជួយរកយុត្តិធម៌ជូនពួកគាត់។
ខ្ញុំសូមស្នើដល់សម្ដេចតេជោ ជួយរកយុត្តិធម៌ឲ្យខ្ញុំផង ព្រោះអីខ្ញុំមានការពិបាកណាស់ តាំងពីពេលដែលគេបញ្ឈប់ខ្ញុំមក។ មួយទៀត សូមក្រសួងការងារ ជួយពន្លឿនរឿងនេះផង ព្រោះតាំងពីគេបញ្ឈប់មក ខ្ញុំអត់មានការងារធ្វើ ហើយខ្ញុំចាំប្រាក់សំណងយូរថ្ងៃណាស់ហើយ អត់មានឃើញខាងទូត ដោះស្រាយឲ្យខ្ញុំវិញសោះ៕

 

     

អត្ថបទដែលជាប់ទាក់ទង