សេចក្តីជូនដំណឹង ស្តីពីការបញ្ចៀសចរាចររថយន្តដឹកទំនិញ រថយន្តធុនធ្ងន់ និង រថយន្តដឹកដី-ប្រុស-ថ្ម-ខ្សាច់គ្រប់ប្រភេទជាបណ្តោះអាសន្ននៅលើកំណាត់ផ្លូវលេខ១១០ ត្រង់ចំណុចស្ពានព្រែកអ្នកតាតាំង ស្ថិតនៅក្នុងភូមិព្រែកថ្មី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ
ភ្នំពេញ៖ រដ្ឋបាលខណ្ឌច្បារអំពៅ មានកិត្តិយសសូមជម្រាបជូនដំណឹងដល់សាធារណៈជន បងប្អូនប្រជាពលរដ្ឋ និង ម្ចាស់ក្រុមហ៊ុនដឹកជញ្ជូនគ្រប់ប្រភេទ ឲ្យបានជ្រាបថា ៖ នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២នេះ ស្ថានភាពនៅលើ កំណាត់ផ្លូវលេខ១១០ ត្រង់ចំណុចស្ពានព្រែកអ្នកតាវាំង ស្ថិតនៅក្នុងភូមិព្រែកថ្មី សង្កាត់ព្រែកថ្មី មានការបាក់ស្រុតដី នៅគល់ស្ពានផ្នែកខាងជើងឆៀងខាងកើត។ ស្ថានភាពបែបបនេះ ការធ្វើចរាចរអាចបង្កឲ្យមានគ្រោះថ្នាក់ជាយថាហេតុ ចំពោះរថយន្តដឹកទំនិញ រថយន្តធុនធ្ងន់ និងរថយន្តដឹកដី ក្រួស ថ្ម ខ្សាច់គ្រប់ប្រភេទ ដែលឆ្លងកាត់ទីតាំងនេះ ។ បច្ចុប្បន្ន រដ្ឋបាលខណ្ឌ បានសហការជាមួយក្រុមការងារបច្ចេកទេសជំនាញ កំពុងជួសជុលកែលម្អទីតាំងដែលមាន ការបាក់ស្រុតខាងលើ ។
រដ្ឋបាលខណ្ឌច្បារអំពៅ សូមឲ្យម្ចាស់ក្រុមហ៊ុនដឹកជញ្ជូន និងអ្នកបើកបររថយន្តដឹកទំនិញ រថយន្តធុនធ្ងន់ និង រថយន្តដឹកដី ក្រួស ថ្ម ខ្សាច់គ្រប់ប្រភេទ បញ្ចៀសការធ្វើចរាចរជាបណ្តោះអាសន្ននៅលើកំណាត់ផ្លូវលេខ១១០ ត្រង់ ចំណុចស្ពានព្រែកអ្នកតាវាំង ស្ថិតនៅក្នុងភូមិព្រែកថ្មី សង្កាត់ព្រែកថ្មី ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ រហូតដល់មានការ ជូនដំណឹងជាថ្មី។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណៈជន បងប្អូនប្រជាពលរដ្ឋ និងម្ចាស់ក្រុមហ៊ុនដឹកជញ្ជូន គ្រប់ប្រភេទ មេត្តាជ្រាបជាព័ត៌មាន និងចូលរួមសហការអនុវត្តតាមខ្លឹមសារ នៃសេចក្តីជូនដំណឹងខាងលើប្រកបដោយ ស្មារតីទទួលខុសត្រូវខ្ពស់ ៕