អ្នកនាំពាក្យព្រឹទ្ធសភាកម្ពុជា សូមធ្វើការបដិសេធទាំងស្រុង ចំពោះខ្លឹមសារដែលមានលក្ខណៈលំអៀង គ្មានមូលដ្ឋាននិងរើសអើង នៃច្បាប់ប្រជាធិបតេយ្យ និងសិទ្ធិមនុស្សកម្ពុជា ឆ្នាំ២០២២
ភ្នំពេញ ៖ អ្នកនាំពាក្យព្រឹទ្ធសភាកម្ពុជា សូមធ្វើការបដិសេធទាំងស្រុង ចំពោះខ្លឹមសារដែលមានលក្ខណៈលំអៀង គ្មានមូលដ្ឋាននិងរើសអើង នៃច្បាប់ប្រជាធិបតេយ្យ និងសិទ្ធិមនុស្សកម្ពុជា ឆ្នាំ២០២២ (Cambodia Democracy and Human Rights Act of 2022 (S.3052) ដែលគណៈកម្មការកិច្ចការបរទេសនៃព្រឹទ្ធសភាសហរដ្ឋអាមេរិកបានអនុម័តនាពេលថ្មីៗនេះ ដោយផ្អែកលើហេតុផលភូមិសាស្ត្រនយោបាយជាងគុណតម្លៃសិទ្ធិមនុស្ស។
សេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី២៣ខែកក្កដាឆ្នាំ២០២២នេះ បានឲ្យដឹងថា
១. អ្នកនាំពាក្យព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា មានការខកចិត្តយ៉ាងខ្លាំង និងសូមធ្វើការបដិសេធ ទាំងស្រុង ចំពោះខ្លឹមសារដែលមានលក្ខណៈលំអៀង គ្មានមូលដ្ឋាននិងរើសអើងនៃ “ច្បាប់ប្រជាធិបតេយ្យ និងសិទ្ធិមនុស្សកម្ពុជា ឆ្នាំ២០២២ (Cambodia Democracy and Human Rights Act of 2022 (S.3052)” ដែលគណៈកម្មការកិច្ចការបរទេសនៃព្រឹទ្ធសភាសហរដ្ឋអាមេរិកបានអនុម័តនាពេលថ្មីៗនេះ ដោយផ្អែកលើហេតុផលភូមិសាស្ត្រនយោបាយជាងគុណតម្លៃសិទ្ធិមនុស្ស។
២. ការអះអាងដែលថា គ្មានការបោះឆ្នោតណាមួយនៅកម្ពុជាមានលក្ខណៈសេរី និងយុត្តិធម៌ គឺជាការបដិសេធ ទាំងស្រុងចំពោះការពិត។ ក្រុមអ្នកសង្កេតការណ៍របស់សហរដ្ឋអាមេរិកដែលដឹកនាំដោយអតីតសមាជិក សភា លោក Stephen J. Solarz បានពិពណ៌នាអំពីការបោះឆ្នោតកាលពីឆ្នាំ ១៩៩៨ ថាជា “អច្ឆរិយហេតុ លើដងទន្លេមេគង្គ” ។ ការបោះឆ្នោតបន្តបន្ទាប់មកទៀត ក៏ត្រូវបានអ្នកសង្កេតការណ៍ជាតិនិងអន្តរជាតិរាប់ ពាន់នាក់បានវាយតម្លៃថា មានលក្ខណៈសេរី យុត្តិធម៌ ដោយសន្តិវិធី និងមានសណ្តាប់ធ្នាប់ល្អ។
៣. ដូចគ្នានេះដែរ អ្នកសង្កេតការណ៍ក្នុងស្រុកនិងបរទេសរាប់ពាន់នាក់ បានចាត់ទុកការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ កាលពីខែមុននេះ ដែលមានគណបក្សនយោបាយចំនួន ១៧ បានចូលរួមប្រកួតប្រជែង មានលក្ខណៈសេរី យុត្តិធម៌ មានសណ្តាប់ធ្នាប់ល្អ ដោយសន្តិវិធី មានតម្លាភាព គ្មានការគំរាមកំហែង និងសមស្របតាមស្ដង់ដារអន្តរជាតិ។ លទ្ធផលនៃការបោះឆ្នោតនេះ ដែលមាន ចំនួនអ្នកចូលរួមជាង ៨០% និងជិត ៧៥%នៃសន្លឹកឆ្នោតបានជ្រើសរើសការគាំទ្រគណបក្សកាន់ អំណាច ពិតជាសក្ខីភាពបង្ហាញឱ្យឃើញពីការបន្តផ្ដល់ទំនុកចិត្តនិងការគាំទ្រចំពោះតម្រូវការក្នុងការថែ រក្សាសន្តិភាព ស្ថិរភាពនយោបាយដែលទទួលបានដោយលំបាក និងការអភិវឌ្ឍប្រកបដោយនិរន្តរភាព។ ការជ្រើសរើសនិងសំឡេងរបស់ប្រជាពលរដ្ឋដែលត្រូវបានបានឆ្លុះបញ្ចាំងតាមរយៈលទ្ធផលនៃការ បោះឆ្នោត ត្រូវតែគោរពតាម។
៤. សេចក្តីស្នើច្បាប់នេះ បានពឹងផ្អែកលើសលប់លើប្រភពព័ត៌មានមិនច្បាស់លាស់ ជាពិសេសអង្គការឃ្លាំ មើលសិទ្ធិមនុស្ស ដែលទំនុកទុកចិត្តលើអង្គការនេះត្រូវបានបាត់បង់តាំងពីឆ្នាំ២០០៤ មក ។ អតីតឧបការីរងអគ្គលេខាធិការអង្គការសហប្រជាជាតិ និងជ័យលាភីណូបែលសន្តិភាពពីររូប រួមជាមួយនឹង អ្នកស្រាវជ្រាវជាង ១០០ នាក់ បានផ្សព្វផ្សាយលិខិតចំហររិះគន់អង្គការនេះដែលមានចរិតលំអៀង និងពោរពេញដោយស្តង់ដារពីរ។
៥. វិធីសាស្ត្រដែលគណៈកម្មាធិការព្រឹទ្ធសភានេះប្រកាន់យក គឺជាការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ រដ្ឋអធិបតេយ្យ និងបង្កឱ្យមានការរាំងស្ទះដល់ការថែរក្សាសន្តិភាព និងស្ថិរភាពនយោបាយ និងការលើក កម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ។ លើសពីនេះ វាផ្ទុយទៅនិងស្មារតីនិងបំណងប្រាថ្នារួមរបស់ប្រជាជន នៃប្រទេសទាំងពីរ ដែលបានខិតខំប្រឹងប្រែងកសាងទំនាក់ទំនងល្អ ក៏ដូចជាលើកកម្ពស់មិត្តភាពនិង កិច្ចសហប្រតិបត្តិការឱ្យកាន់តែល្អប្រសើរ ដោយផ្អែកលើមូលដ្ឋាននៃផលប្រយោជន៍រួម និងការគោរព គ្នាទៅវិញទៅមករវាងប្រជាជន និងប្រទេសទាំងពីរ។
៦. អ្នកនាំពាក្យព្រឹទ្ធសភា សូមបញ្ជាក់សារជាថ្មីនូវការប្តេជ្ញាចិត្តឥតងាករេរបស់កម្ពុជានៅក្នុងការលើកកម្ពស់ នីតិរដ្ឋ ការគោរពសិទ្ធិមនុស្ស ការថែរក្សាសន្តិភាព និងស្ថិរភាព ដែលទទួលបានដោយលំបាករហូតមក ដល់ពេលបច្ចុប្បន្ននេះ។ ប្រជាជនកម្ពុជាទូទាំងប្រទេសបាននិងកំពុងរីករាយសាទរជាមួយនឹងផ្លែផ្កានៃ សមិទ្ធផលជាច្រើនទសវត្សរ៍សម្រាប់ជីវិតសុខសាន្តរបស់ខ្លួន៕