បញ្ជូនគ្រូល្មោភកាម ចាប់រំលោភកូនសិស្ស ទៅតុលាការ
បាត់ដំបង ៖ កម្លាំងអធិការដ្ឋាននរបាលស្រុកភ្នំព្រឹក បានធ្វើការឃាត់ខ្លួនគ្រូបង្រៀនម្នាក់ ដែលបានចាប់រំលោភកូនសិស្សរបស់ខ្លួនមិនបានសម្រេច នៅថ្ងៃសៅរ៍ ទី២២ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង ៩និង៤០នាទី នៅចំណុចភូមិភ្នំតូច ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក យោងតាមពាក្យបណ្តឹងរបស់ឪពុកម្តាយរបស់ជនរងគ្រោះ។
លោកវរសេនីយ៍ឯក ស៊ុង សុភ័ក្រ អធិការនគរបាលស្រុកភ្នំព្រឹក បានឲ្យដឹងថា ករណីរំលោភសេពសន្ថវ បង្កដោយជនសង្ស័យឈ្មោះ យ៉ុង ឆាត ភេទប្រុស អាយុ ៣៩ឆ្នាំ មុខរបរគ្រូបង្រៀន មានទីលំនៅភូមិ ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក បានចាប់រំលោភសេពសន្ថវៈ ជនរងគ្រោះឈ្មោះ រិន នោរី ភេទស្រី អាយុ ១៣ឆ្នាំ ដែលត្រូវជាកូនសិស្សរបស់ជនសង្ស័យ និងមានទីលំនៅភូមិ.ឃុំជាមួយគ្នា តែមិនបានសម្រេចនោះទេ កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង ១៦។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ចជំនាញ កសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ៕