ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បន្តតំណែង ជាប្រធានសហព័ន្ធខ្មែរកីឡាហែលទឹកអាណត្តិទី៧
ភ្នំពេញ៖តាមរយៈមហាសន្និបាតបញ្ចប់អាណត្តិទី៦កាលពីថ្ងៃទី២២កក្កដាម្សិលម៉ិញនេះឯកឧត្តមទេសរដ្ឋមន្រ្តីស៊ុនចាន់ថុលបានជាប់ឆ្នោតជាប្រធានសហព័ន្ធខ្មែរកីឡាហែលទឹកសម្រាប់អាណត្តិទី៧ឆ្នាំ២០២១ដល់២០២៥បន្ថែមទៀត ។
ជាមួយគ្នានេះដែរអ្នកឧកញ៉ា លាង ឃុនបានជាប់ឆ្នោតជាអនុប្រធានទី១និងអ្នកឧកញ៉ា ទ្រី ភាព អនុប្រធានទី២ បន្ទាប់ពីសមាជិកប្រតិបត្តិសហព័ន្ធ ព្រមទាំងក្លិបហែលទឹក ចំនួន៧សម្រេចចិត្តបោះឆ្នោតតែងតាំងរូបលោកទំាង៣រូបនៅមហាសន្និបាតបញ្ចប់អាណត្តិទី៦(ឆ្នាំ២០១៧-២០២១)និងបន្តអាណត្តិទី៧ឆ្នាំ២០២១-២០២៥របស់សហព័ន្ធខ្មែរកីឡាហែលទឹក។
មហាសន្និបាតបញ្ចប់អាណត្តិទី៦ ឆ្នាំ២០១៧-២០២១ និងបន្តអាណត្តិទី៧ឆ្នាំ២០២១-២០២៥របស់សហព័ន្ធខ្មែរកីឡាហែលទឹក ដែលមានការអញ្ជើញចូលរួមលោក ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ប្រធានសហព័ន្ធខ្មែរកីឡាហែលទឹក អ្នកឧកញ៉ា លាង ឃុន អនុប្រធានទី១ និងអ្នកឧកញ៉ា ទ្រី ភាព អនុប្រធានឯកឧត្តមឧត្តមសេនីយ៍ឯកតែម ម៉ឺន អគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា លោក ដួង មាសចំរើន អគ្គនាយករងនៃអគ្គនាយកដ្ឋានកីឡា សមាជិកប្រតិបត្តិសហព័ន្ធ ព្រមទាំងក្លិបចំនួន៧ក្លិប។
ឯកឧត្តមទេសរដ្ឋមន្ត្រីស៊ុន ចាន់ថុលមានប្រសាសន៍ថាយើងមានមោទនភាពជាខ្លាំង
ដែលកីឡាហែលទឹកបានទទួលមេដាយសំរិទ្ធនៃព្រឹត្តិការណ៍ការប្រកួត SEA GAMESលើកទី៣១ នៅប្រទេសវៀតណាមនាពេលកន្លងមក ។
សម្រាប់អាណត្តិទី៧នេះជាអាណត្តិយុទ្ធសាស្រ្តសម្រាប់កីឡាហែលទឹកដែលព្រះរាជាណាចក្រកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះក្នុងព្រឹត្តិការណ៍ការប្រកួតកីឡា SEA Games លើកទី៣២ ឆ្នាំ២០២៣។សហព័ន្ធបានរៀបចំផែនការអភិវឌ្ឍកីឡាករកីឡាការិនីតាមរយៈផែនការហ្វឹក
ហាត់ដំណាក់កាល ពិសេសការហ្វឹកហាត់ជំនាញត្រូវការគ្រូបង្វឹកជំនាញគ្រូបង្វឹកមានគុណវុឌ្ឍ និងបទពិសោធន៍ខ្ពស់ អមដោយការបំពាក់ឧបករណ៍ សម្ភារស្តង់ដាកីឡាការផ្តល់អាហារូបត្ថម្ភ ការថែទាំសុខភាព និងការលើកទឹកចិត្តផ្សេងៗ។
ឯកឧត្តមប្រធានប្រធានបន្តថាការហ្វឹកហាត់ត្រូវការប្រកួតថ្នាក់ជាតិនិងអន្តរជាតិឲ្យបានច្រើនតាមតែអាចធ្វើបាន។ត្រូវយកចិត្តទុកដាក់ឧបត្ថម្ភនិងគាំទ្រដល់ការចេញប្រកួតជាអន្តរជាតិពីកម្រិតជើងឯកដើម្បីទទួលបាន ទំនុកចិត្ត និងបទពិសោធន៍ប្រកួតពេញលេញ ទើបអាចស្វែងរកជ័យជម្នះបាន។
សមាសភាពសមាជិកគណៈកម្មាធិការប្រតិបត្តិអាណត្តិទី៧ ប្រចាំឆ្នាំ ២០២១-២០២៥ ត្រូវបានជ្រើសតាំងដោយអនុម័តបោះឆ្នោតរួមមានលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ប្រធាន អ្នកឧកញ៉ា លាង ឃុន អនុប្រធានទី១ អ្នកឧកញ៉ា ទ្រី ភាពអនុប្រធានទី២ លោកសួង ហេង អនុប្រធាន លោក បុង ប៊ុនហួន អនុប្រធាន លោក ហឿន សំនៀងអនុប្រធាន លោក ហែម ចាន់លី អនុប្រធាន លោក ហែម គីរី អគ្គលេខាធិការ លោក នាង សូរិទ្ធិយ៉ា អគ្គលេខាធិការរង កញ្ញា ហែម ថុនវិទិនី អគ្គហេរញ្ញិក កញ្ញា ជា ពូលី អគ្គហេរញ្ញិករង និងកញ្ញា ម៉ក់ គន្ធាសមាជិក៕