បើជ្រុលយកតំបន់ឆ្នេរសមុទ្រយកដូចឧកញ៉ាទ្រី ភាព ចឹងទៅ យក ពយកំពេញដោយស្របច្បាប់ ដើម្បីបម្រើប្រយោជន៍រាស្រ្ត?
ភ្នំពេញ៖ ក្រោយមានព័ត៌មានមិនល្អពីការរំលោភឬចាក់ដីយកតំបន់ឆ្នេរសមុទ្រពីសំណាក់ក្រុមហ៊ុនរបស់ឧកញ៉ាទ្រី ភាព ឈ្មោះមិនសូវល្អនោះមកស្រាប់តែគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍឆ្នេរសមុទ្រកម្ពុជា កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៨នេះ បានចេញសេចក្តីប្រកាសព័ត៌មានជាផ្លូវការមួយដោយអះអាងថា តំបន់ឆ្នេរសមុទ្រ «ពយកំពេញ» ដែលកំពុងរៀបចំកសាងបណ្តាញផ្លូវបេតុង ប្រព័ន្ធលូ គម្រោងអភិវឌ្ឍនានា និងកែលម្អឆ្នេរថ្មឲ្យទៅជាឆ្នេរខ្សាច់ ដែលអាចឲ្យសាធារណជន និងភ្ញៀវទេសចរចេញចូលកំសាន្តបាន គឺកំពុងដំណើរការរៀបំដើម្បីប្រយោជន៍សាធារណៈ និងរួមចំណែកអភិវឌ្ឍន៍វិស័យទេសចរណ៍ ក៏ដូចជាសេដ្ឋកិច្ចជាតិទាំងមូល។
ក្នុងសេចក្តីប្រកាសព័ត៌មានបានប្រកាសឲ្យដឹងថា ព័ត៌មានមួយចំនួនដែលផ្សព្វផ្សាយនាពេលថ្មីៗនេះថា មានការចាក់ដីចូលឆ្នេរសមុទ្រនៅតំបន់ឆ្នេរ ពយកំពេញ ជាព័ត៌មានអវិជ្ជមាន ដែកលផ្ទុយពីការពិត។
គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍឆ្នេរសមុទ្រកម្ពុជា បានបញ្ជាក់ថា ចំណែកប្រជាពលរដ្ឋ១០៣គ្រួសារ ដែលបានរស់នៅ និងកាន់កាប់ដីជាក់ស្តែងតាំងពីឆ្នាំ១៩៨៦មក នៅពយកំពេញ ស្ថិតនៅភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ នៅខែសីហា ឆ្នាំ២០១៦ រាជរដ្ឋាភិបាលបានសម្រេចធ្វើប្រទានកម្មដីនៅពយកំពេញនេះ ជូនប្រជាពលរដ្ឋទាំង១០៣ គ្រួសារជាកម្មសិទ្ធិ។
គួរបញ្ជាក់ថា «ពយកំពេញ» ជាតំបន់មាត់សមុទ្រដ៏ស្រស់ស្អាតមួយស្ថិតក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ ហើយបច្ចុប្បន្នកំពុងនឹងមានអភិវឌ្ឍកែច្នៃទៅជាតំបន់ ទេសចរណ៍ដ៏ទាក់ទាញ និងស្រស់ស្អាតមួយមិនចាញ់តំបន់រមណីយដ្ឋានទេសចរណ៍មាត់សមុទ្រល្បីៗនៅលើពិភពលោកនោះឡើយ។
«ពយកំពេញ» ជាតំបន់មួយស្ថិតនៅរាប់រយម៉ែត្រពីតំបន់ឆ្នេរខ្សាច់ ហើយតំបន់នេះពីមុនពុំមានឆ្នេរខ្សាច់នោះទេ មានតែថ្មមុតស្រួច។ ជាពិសេសមានរលកធំៗ មិនអាចចុះលេងទឹកបានងាយស្រួលនោះឡើយ ព្រមទាំងងាយនឹងមានគ្រោះថ្នាក់ថែមទៀតផង។
បើទោះបីតំបន់នេះមិនមានឆ្នេរខ្សាច់យ៉ាងណាក្តី តែសម្រស់ទេសសភាពនៅទីនេះមានភាពស្រស់ស្អាត ហើយទឹកសមុទ្រក៏ថ្លាផងដែរ។ ដោយមើលឃើញពីស្រស់ស្អាតទាំងនេះ ទើបមានក្រុមហ៊ុន ទ្រី ភាព ដែលទទួលបានការអនុញ្ញាតពីក្រសួងពាក់ព័ន្ធបានធ្វើការកែប្រែ និងអភិវឌ្ឍតំបន់នេះឲ្យស្រស់បំព្រងឡើង និងគួរជាទីទាក់ទាញសម្រាប់ អ្នកទេសចរណ៍ថែមទៀតផង៕