ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រដាល់សកលទទួលបាន គ្រូបង្វឹកថ្មីកម្រិតអន្តរជាតិ

150

ភ្នំពេញ៖ព្រឹកថ្ងៃទី២៥កក្កដាសហព័ន្ធប្រដាល់សកលកម្ពុជាបានណែនាំគ្រូបង្វឹកថ្មីជាជនជាតិកាហ្សាក់ស្ថានដល់អ្នកប្រដាល់ជម្រើសជាតិកម្ពុជាដែលទើបនឹងបញ្ចប់ការបោះជម្រំហ្វឹកហាត់២សប្ដាហ៍នៅប្រទេសថៃរួមនឹងគ្រូជំនួយនិងមន្ត្រីរបស់សហព័ន្ធជាច្រើនរូប។
លោកប៊ុយសុភ័ណ្ឌដែលជាអគ្គលេខាធិការរបស់សហព័ន្ធបានបញ្ជាក់ថាគ្រូបង្វឹកថ្មី
នេះបានមកដោយសារជំនួយរបស់គណៈកម្មាធិការជាតិរៀបចំស៊ីហ្គេមឆ្នាំ២០២៣(CAMSOC)។គ្រូបង្វឹករូបនេះជាគ្រូបង្វឹកកម្រិតអន្តរជាតិដែលមានបទពិសោធន៍ច្រើនលើវិញ្ញាសាប្រដាល់
សកលដែលធ្លាប់ជាគ្រូបង្វឹកជម្រើសជាតិវៀតណាម មីយ៉ាន់ម៉ានិងធ្លាប់ជាគ្រូបង្វឹកជម្រើស
ជាតិផ្នែកយោធានៅប្រទេសកាហ្សាក់ស្ថានទៀតផង។

គ្រូបង្វឹករូបនេះទើបតែបញ្ចប់បេសកកម្មបង្ហាត់នៅប្រទេសទួរគីរយៈពេលមួយឆ្នាំ។
លោកអគ្គលេខាធិការក៏បានឲ្យដឹងដែរថាព្រឹកម៉ិញនេះក្រៅពីការណែនាំឲ្យស្គាល់គ្នា
សហព័ន្ធក៏បានពង្រឹងឲ្យកីឡាករសហការជាមួយគ្រូបង្វឹកថ្មីនេះឲ្យបានល្អពិសេសលើផ្នែក
បច្ចេកទេស និងការហ្វឹកហាត់ឲ្យបានល្អដើម្បីត្រៀមលក្ខណៈឲ្យបានខ្ពស់សម្រាប់ឆ្នាំ២០២៣។
គ្រូបង្វឹករូបនេះសន្យាថានេងបង្ហាត់ឲ្យអស់ពីសមត្ថភាពហើយគាត់ក៏មានគម្រោងស្នើសុំទៅ CAMSOCតាមរយៈសហព័ន្ធដើម្បីបញ្ជូនអ្នកប្រដាល់ជម្រើសជាតិកម្ពុជាទៅបោះជម្រំ
ហ្វឹកហាត់នៅកាហ្សាក់ស្ថានដែលជាប្រទេសសម្បូរដោយធនធានកីឡាករប្រដាល់សកល
ដើម្បីពង្រឹងបច្ចេកទេសនិងបទពិសោធន៍សម្រាប់ស៊ីហ្គេមឆ្នាំ២០២៣។

ការហ្វឹកហាត់នៅទីនោះកីឡាករកម្ពុជានឹងមានដៃគូជាមួយកីឡាករលំដាប់អន្តរជាតិ។
កាហ្សាក់ស្ថានជាប្រទេសដែលលំដាប់អន្តរជាតិផ្នែកកីឡាប្រដាល់សកលដែលធ្លាប់
ទទួលបានមេដាយមាសពិភភលោកនិងអូឡាំពិកហ្គេម។លោកសោភ័ណ្ឌមានជំនឿចិត្តថា
សម្រាប់ការជួលគ្រូមកពីប្រទេសកាហ្សាក់ស្ថាននេះគឺដើម្បីពង្រឹងបច្ចេកទេសការហ្វឹកហាត់
និងការប្រកួតឲ្យកាន់តែល្អព្រោះគាត់មានបទពិសោធន៍ច្រើនហេតុនេះគាត់អាចស្វែងយលពី
កម្រិតបច្ចេកទេសរបស់អ្នកប្រដាល់នៅបណ្ដាប្រទេសក្នុងតំបន់អាស៊ាន និង អាស៊ី។
លោកអគ្គលេខាធិការមានជំនឿចិត្តថាគ្រូបង្វឹកថ្មីនេះនឹងជួយពង្រឹងហើយគាត់នឹងមាន
យុទ្ធសាស្រ្តល្អសម្រាប់ជួយដល់អ្នកប្រដាល់កម្ពុជាឲ្យដណ្ដើមបានជោគជ័យនាឆ្នាំ២០២៣៕

អត្ថបទដែលជាប់ទាក់ទង