បញ្ចប់វគ្គបណ្ដុះបណ្ដាល ចៅក្រមកីឡារាំ កម្រិតមូលដ្ឋាន
ភ្នំពេញ៖វគ្គបណ្ដុះបណ្ដាចៅក្រមអាជ្ញាកណ្ដាលកីឡារាំដែលចាប់ផ្ដើមពីថ្ងៃទី២៣មកនោះបានបញ្ចប់ហើយនៅថ្ងៃទី២៧កក្កដាម្សិលម៉ិញនេះ ។
វគ្គនេះបានដំណើរការសិក្សារយៈពេល៥ថ្ងៃចាប់ពីថ្ងៃទី២៣ដល់២៧ខែកក្កដាដោយ
មានសិក្ខាកាមចូលរួមសរុប ២៥នាក់។ ជាលទ្ធផល មានសិក្ខាកាមទទួលបាននិទ្ទេសល្អ
មាន ៣២ភាគរយនិទ្ទេសល្អបង្គរ ៤៤ភាគរយនិងនិទ្ទេសមធ្យម ២៤ភាគរយ។
លោក Royce Yeh ចៅក្រមកីឡារាំអន្ដរជាតិ បានកោតសរសើរសហព័ន្ធកីឡារាំកម្ពុជា ដែលមានធនធានគ្រាប់ពេជ្រក្នុងដៃដើម្បីចូលរួមប្រកួតប្រជែងលើឆាកអន្ដរជាតិទោះបីពុំទាន់ទទួលបានលទ្ធផលល្អប្រសើរ តែលោកជឿជាក់ថា ប្រសិនបើសហព័ន្ធយកគ្រាប់ពេជ្រនោះ មកច្នៃហើយថែរក្សាបានល្អនោះអនាគតសហព័ន្ធក៏នឹងទទួលបានលទ្ធផលកាន់តែល្អប្រសើរទៀតផង។
ចំពោះគ្រាប់ពេជ្រដែលអ្នកជំនាញអន្ដរជាតិខាងលើបានលើកឡើងនោះគឺលោកផ្ដោតសំខាន់លើកីឡាករ-កីឡាការិនីដែលមានសមត្ថភាពគួរឲ្យកត់សម្គាល់។ទោះបីស៊ីហ្គេមនៅ
វៀតណាម កាលពីថ្មីៗ កីឡារាំកម្ពុជា ពុំទទួលបានមេដាយ តែលោកណែនាំថា កុំបាក់ទឹកចិត្ត ព្រោះជាការប្រកួតរវាងគ្រូនិងសិស្សព្រោះបណ្ដាប្រទេសភាគច្រើនសុទ្ធតែដើរមុនកម្ពុជារាប់
សិបឆ្នាំ។
ដូច្នេះកម្ពុជាត្រូវការខំប្រឹងបន្ដទៀតដើម្បីសម្រេចបានលទ្ធផលល្អប្រសើរនាពេលដ៏ខ្លីខាងមុខ។
លោកRoyceបានលើកឧទាហរណ៍វិស័យកីឡារាំរបស់ប្រទេសហ្វីលីពីនកាលចាប់ផ្ដើមដំបូងគឺអន់ខ្លាំងមែនទែនតែឥឡូវកីឡារាំហ្វីលីពីនបានបង្ហាញភាពលេចធ្លោនិងល្បីល្បាញលើពិភពលោក។
សម្រាប់កម្ពុជាក៏ដូចគ្នាដែរដោយលោកមានសុទិដ្ឋិនិយមថាកម្ពុជានឹងអាចកែច្នៃគ្រាប់ពេជ្រឲ្យកាន់តែមានតម្លៃតាមរយៈការបណ្ដុះបណ្ដាលនិងដុសខាត់សមត្ថភាពឲ្យកាន់តែមុតស្រួច ដើម្បីចូលរួមការប្រកួតប្រជែងដោយស្មើមុខមាត់លើឆាកអន្ដរជាតិ៕