រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ទទួលជួបសំណេះសំណាល ជាមួយប្រតិភូសាខាក្រុមហ៊ុន សាមសុង ថៃឡង់ដ៍
(ភ្នំពេញ)៖ នារសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្ដម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតឱ្យលោក Sangho JO អគ្គនាយកក្រុមហ៊ុន សាមសុង ប្រចាំតំបន់អាស៊ីអាគ្នេយ៍ និងអូសេអានី ដឹកនាំប្រតិភូសាខាក្រុមហ៊ុន សាមសុងថៃឡង់ដ៍ ដែលមានការិយាល័យតំណាងប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដើម្បីស្វែងយល់កាលានុវត្តភាពធ្វើធុរកិច្ច វិនិយោគ និងកិច្ចសហប្រតិបត្តិការលើកិច្ចការជំរុញពាណិជ្ជកម្មនៅកម្ពុជា។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះ ប្រតិភូក្រុមហ៊ុន សាមសុង ថៃឡង់ដ៍ ដែលបានមកធ្វើទស្សនកិច្ចនៅកម្ពុជា និងបានជម្រាបជូនអំពីកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការជួយសម្រួលដល់បរិយាកាសធុរកិច្ចនៅកម្ពុជា រួមមាន៖ ការកសាងលិខិតបទដ្ឋានគតិយុទ្ធ និងការពង្រីកទីផ្សារបន្ថែមតាមរយៈកិច្ចចរចាបង្កើតកិច្ចព្រមព្រៀងទ្វេភាគី និងតំបន់ ដែលមានជាអាទិ៍ កិច្ចព្រមព្រៀងពាណិជ្ជម្មសេរីទ្វេភាគី កម្ពុជា-ចិន កិច្ចព្រមព្រៀងពាណិជ្ជម្មសេរីទ្វេភាគី កម្ពុជា-កូរ៉េ និងកិច្ចព្រមព្រៀងភាពជាដៃគូរសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ជាដើម។
បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានជម្រាបជូនអំពីកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្រោមការដឹកនាំរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការស្ដាសេដ្ឋកិច្ចឡើងវិញ ក្រោយពីវិបត្តិជំងឺកូវីដ-១៩ ផងដែរ។
ជាការឆ្លើយតប លោក Sangho JO បានបង្ហាញនូវក្តីរំភើប និងចំណាប់អារម្មណ៍ចំពោះការអភិវឌ្ឍយ៉ាងឆាប់រហ័សនៅកម្ពុជា និងបានជម្រាប ឯកឧត្តមរដ្ឋមន្រ្តី ពីប្រវត្តិសង្ខេប និងសកម្មភាពធុរកិច្ចរបស់ក្រុមហ៊ុន Samsung កម្ពុជា ថា ក្រុមហ៊ុននេះ គឺជាសាខារបស់ក្រុមហ៊ុនថៃសាមសុងអេឡិកត្រូនិក (Branch of Thai Samsung Electronics of Cambodia) បានចុះបញ្ជីធ្វើធុរកិច្ចនៅកម្ពុជា ដើម្បីផ្សព្វផ្សាយ ស្លាកយីហោ Samsung និងផលិតផលរបស់ក្រុមហ៊ុននៅទីផ្សារកម្ពុជា។ ក្រុមហ៊ុន បានចាប់ផ្តើមធ្វើប្រតិបត្តិការអាជីវកម្មនៅកម្ពុជា ក្នុងឆ្នាំ២០១២ និងផ្តល់ការងារដល់និយោជិកជាជនជាតិខ្មែរ ជាច្រើនផងដែរ។
លោកអគ្គនាយក បន្តថា ក្រុមហ៊ុនសាមសុងអេឡិកត្រូនិក ក៏បានចូលរួមសហការជាមួយក្រសួង-ស្ថាប័នជាតិ ពាក់ព័ន្ធផ្សព្វផ្សាយផលិតផល តាមរយៈការចូលរួមព្រឹត្តិការណ៍ពិព័រណ៍នានា និងបានចូលរួមក្នុងសកម្មភាពសង្គមជាច្រើន ដូចជា៖ ការគាំទ្រដល់ការសិក្សារបស់កុមារក្រីក្រ កសាងបណ្ណាល័យតាមសាលារៀន ផ្តល់នូវប្រព័ន្ធចម្រោះទឹកស្អាតរយៈពេលវែងដល់សាលារៀននៅតាមជនបទ គាំទ្រដល់កីឡាការ៉ាតេដូ និងសកម្មភាពសិល្បៈរបស់និស្សិតក្រីក្រកម្ពុជា ផងដែរ។
លោកអគ្គនាយក បន្ថែមថា ក្នុងជំហានបន្ទាប់ ក្រុមហ៊ុន នឹងមានកម្មវិធី Samsung Innovative Campus ដែលនឹងដាក់ឱ្យដំណើរការនៅក្នុងបរិវេណសាកលវិទ្យាល័យសាលាភូមិន្ទភ្នំពេញ ផងដែរ។
ឆ្លៀតក្នុងឱកាសនោះ លោកអគ្គនាយក បានស្នើសុំអញ្ជើញ ឯកឧត្តមរដ្ឋមន្ត្រី ធ្វើជាអធិបតីក្នុងពិធីសម្ពោធ Samsung Innovative Campus នាពេលខាងមុខ និងបានស្នើសុំ ឯកឧត្តមរដ្ឋមន្ត្រី ក្នុងនាមប្រធានគណៈកម្មការអន្តរក្រសួងដើម្បីរៀបចំ ចូលរួមពិព័រណ៍ពិភពលោក និងពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិ និងក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ជួយគាំទ្រដល់បេក្ខភាពទីក្រុងប៊ូសាន សាធារណរដ្ឋកូរ៉េ ធ្វើជាម្ចាស់ផ្ទះ រៀបចំពិព័រណ៍ពិភពលោក ឆ្នាំ២០៣០ ខាងមុខ ផងដែរ។
នៅកិច្ចបញ្ចប់ ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ពីការត្រៀមលក្ខណៈរួចរាល់របស់ភាគីកម្ពុជា ក្នុងការអនុវត្តន៍កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ និងបានស្នើសុំភាគីកូរ៉េ តាមរយៈក្រុមហ៊ុន សាមសុង ជួយពន្លឿនការស្នើសុំរដ្ឋសភាធ្វើសច្ចាប័នដើម្បីឱ្យបានឆាប់ដើម្បីផលប្រយោជន៍រួម។ បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្ត្រី បានបង្ហាញពីជំហររបស់កម្ពុជាក្នុងការគាំទ្របេក្ខភាពទីក្រុងងប៊ូសាន ធ្វើជាម្ចាស់ផ្ទះរៀបចំពិព័រណ៍ពិភពលោកឆ្នាំ២០៣០ នាពេលខាងមុខ៕