នាយឧត្តមសេនីយ៍ អគ្គលេខាធិការ អ.ជ.ប.គ.ញ ស្នើសុំអង្គការ UNODC ជួយដល់កម្ពុជាក្នុងការបំផ្លាញសារធាតុគីមីផ្សំគ្រឿងញៀនខុសច្បាប់
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ អ.ជ.ប.គ.ញ ទទួលជួបពិភាក្សាការងារជាមួយក្រុមការងារផ្នែកត្រួតពិនិត្យសារធាតុគីមីរបស់អង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀន និងឧក្រឹដ្ឋកម្ម (អង្គការ UNODC) ដឹកនាំដោយលោក រ៉េននើ ភុង (Reinner Pungs) ប្រធានគម្រោងត្រួតពិនិត្យសារធាតុគីមី។
កិច្ចពិភាក្សានេះមានគោលបំណង ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការគ្រប់គ្រងត្រួតពិនិត្យសារធាតុគីមីផ្សំគ្រឿងញៀន និងលើកកម្ពស់សមត្ថភាពការអនុវត្តច្បាប់ក្នុងការទប់ស្កាត់ និងបង្រ្កាបការបង្វែរសារធាតុគីមីយកទៅកែច្នៃផលិតគ្រឿងញៀនខុសច្បាប់នៅក្នុងប្រទេសកម្ពុជា និងតំបន់។
ក្នុងឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ អ.ជ.ប.គ.ញ ស្នើសុំអង្គការ UNODC ពិនិត្យលទ្ធភាពជួយគាំទ្រដល់កម្ពុជា ក្នុងការបណ្តុះបណ្តាលកសាងសមត្ថភាពមន្រ្តីមន្ទីរពិសោធន៍គ្រឿងញៀន និងមន្រ្តីអនុវត្តច្បាប់ ដើម្បីមានលទ្ធភាពគ្រប់គ្រាន់ក្នុងការស៊ើបអង្កេត ស្រាវជ្រាវ និងបង្រ្កាបរាល់ការបង្វែរសារធាតុគីមីផ្សំយកទៅលួចលាក់កែច្នៃផលិតគ្រឿងញៀនខុសច្បាប់ និងជួយគាំទ្រម៉ាស៊ីនវិភាគសារធាតុគីមី និងឧបករណ៍បង្ការគ្រោះថ្នាក់គីមីសម្រាប់មន្រ្តីអនុវត្តច្បាប់។
ជាមួយគ្នានេះ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គលេខាធិការ អ.ជ.ប.គ.ញ ក៏បានស្នើសុំអង្គការ UNODC ជួយដល់កម្ពុជាក្នុងការបំផ្លាញសារធាតុគីមីផ្សំគ្រឿងញៀនខុសច្បាប់ ដែលកម្លាំងសមត្ថកិច្ចបង្ក្រាប និងរឹបអូសបាននាពេលកន្លងមក៕